លោកបណ្ឌិត ជា មុនីឬទ្ធិ ៖ ទំនើបកម្មសង្គមនិយមតាមបែបផែនចិនបានផ្តល់ពន្លឺពុទ្ធិកាន់តែច្បាស់ដល់ការយល់ដឹងកាន់តែស៊ីជម្រៅពីសិទ្ធិមនុស្សនិងជីវភាពរស់នៅប្រកបដោយសុភមង្គលរបស់ប្រជាជនចិន
ភ្នំពេញ៖ ថ្លែងទៅកាន់ថ្នាក់ដឹកនាំ យោធាចារ្យ និស្សិត នៃសាកលវិទ្យាល័យការពារជាតិ លោកបណ្ឌិត ជា មុនីឬទ្ធិ បញ្ជាក់ថា ទំនើបកម្មសង្គមនិយមតាមបែបផែនចិនបានផ្តល់ពន្លឺពុទ្ធិកាន់តែច្បាស់ដល់ការយល់ ដឹងកាន់តែស៊ីជម្រៅពីសិទ្ធិមនុស្សនិងជីវភាពរស់នៅប្រកបដោយសុភមង្គលរបស់ប្រជាជនចិន។ លោកបានគូសបញ្ជាក់ពីសមិទ្ធផលនៃសមាជលើកទី២០របស់បក្សកុម្មុយនិស្តចិន ដោយផ្តោតលើទស្សនៈស្តីពី ទំនើបកម្មសង្គមនិយមតាមបែបផែនចិន។
លោកបានផ្តល់នូវទឡ្ហីករណ៍តាមរយៈ ខ្លឹមសារដែលបានដកស្រង់ចេញពីសៀវភៅ ស៊ីជីនភីង៖ អភិបាលកិច្ចប្រទេសចិន ភាគ៤ ដោយបង្ហាញពីការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន ដែលជាសង្គមនិយមទំនើបដែលដឹកនាំដោយបក្សកុម្មុយនីស្តចិនដែលមានលក្ខណៈពិសេសនៃការរួមបញ្ចូលនូវបទពិសោធធ្វើទំនើបកម្មនៃបណ្តាប្រទេសនានាជាមួយលក្ខណៈពិសេសផ្ទាល់ខ្លួនរបស់ចិន។
លោកបណ្ឌិតបានពន្យល់និងបកស្រាយនូវចម្ងល់របស់អង្គពិធីយ៉ាងលម្អិតថា គ្មានប្រព័ន្ធនយោបាយណាលើផែនដីដែលមានលក្ខណៈដូចគ្នាបេះបិទ ហើយគ្មានគំរូណាដែលអាចត្រូវនឹងប្រព័ន្ធនយោបាយគ្រប់ប្រទេសនោះឡើយ។
ដោយឡែកក្នុងឱកាសទិវាអន្តរជាតិសិទ្ធិមនុស្ស ឯកឧត្តមក៏បានគូសរំលេចផងដែរថា នៅក្នុងប្រទេសចិន ការធានាសិទ្ធិមនុស្សមិនមែននិយាយបានតែមាត់ទេ តែគឺអនុវត្តជាក់ស្តែងនូវកិច្ចការពាក់ព័ន្ធជីវភាពរស់នៅរបស់ប្រជាជនចិន។
បក្សកុម្មុយនិស្តចិនជាអ្នកជំរុញយ៉ាងសកម្មនិងជាអ្នកគាំពារយ៉ាងមុតមាំនៃកិច្ចការសិទ្ធិមនុស្ស ដែលបាននិងកំពុងខិតខំប្រឹងប្រែងដើម្បីឱ្យប្រជាជនចំនួនជិតមួយភាគប្រាំនៃពិភពលោករស់នៅដោយមាសុភមង្គលនិងមានសេចក្តីថ្លៃថ្នូរ។ ជីវភាពរស់នៅដ៏មានសុភមង្គលរបស់ប្រជាជនចិនជាសិទ្ធិមនុស្សធំបំផុត នេះគឺខ្លឹមសារសំខាន់នៃទស្សនៈសិទ្ធិមនុស្សតាមបែបផែនចិន។
គំនិតនវានុវត្ត វិធានការថ្មី និងការអនុវត្តថ្មីរបស់ប្រទេសចិនក្នុងការគោរពនិងធានាសិទ្ធិមនុស្សរបស់ប្រទេសចិន មិនត្រឹមតែបានបន្ថែមអត្ថន័យថ្មីដល់កិច្ចការសិទ្ធិមនុស្សសកលនិងគំរូភាពនៃអរិយធម៌មនុស្សប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ជាបទពិសោធដ៏មានប្រយោជន៍ដល់ប្រទេសនានា ជាពិសេសប្រទេសកំពុងអភិវឌ្ឍរួមមានទាំងកម្ពុជាថែមទៀតផង។
ការថ្លែងឡើងបែបនេះរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ នៅសាកលវិទ្យាល័យការពារជាតិ ក្នុងឱកាសអញ្ជើញធ្វើបាឋកថាស្តីពីទំនើបកម្មសង្គមនិយមតាមបែបផែនចិន ដល់ថ្នាក់ដឹកនាំ យោធាចារ្យ និងនិស្សិតជិត ២០០នាក់៕ ដោយ ៖ ង៉ាន់ ទិត្យ

