ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកពួកខេត្តសៀមរាប បានរៀបចំវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា
សៀមរាប៖ នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២នេះ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកពួកខេត្តសៀមរាប បានរៀបចំវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅបរិវេណវត្តអម្ពរវ័ន្ត (ហៅវត្តថ្មី) ឃុំពួក ស្រុកពួក ខេត្តសៀមរាប ដែលមានអ្នកចូលរួម ពីក្រុមការងារចំនួន ៥១នាក់ ស្រី ១០នាក់ ប្រជាពលរដ្ឋឃុំសំរោងយា ឃុំខ្នាត និងឃុំកែវពណ៌ចំនួនសរុប ១១៤នាក់ ។
លោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារ មានប្រសាសន៍ថា អង្គវេទិកាសាធារណៈនេះ គឺមានគោលបំណង ដើម្បីជួយដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទាក់ទងទៅលើបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ អំពើហិង្សាក្នុងគ្រួសារ កសិកម្ម ការបង្កបង្កើនផលស្រូវ ការគ្រប់គ្រងធនធានទឹក ធារាសាស្រ្ត ការចិញ្ចឹមសត្វ ពាណិជ្ជកម្ម ការបម្រើសេវាសាធារណៈ សេវាសុខាភិបាល សិក្សាអប់រំ និងសាសនា ជាពិសេសសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ដាក់ជាសំណួរ ឱ្យចំបញ្ហា ដែលក្រុមការងារស្រុកបានរៀបចំគឺ “ហេដ្ឋារចនាសម្ព័ន្ធ” រាយការណ៍ជូនប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីរៀបចំជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ។
លោក ជា ប៊ុនថន តំណាងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានលើកឡើងថា ចំពោះការស្នើសុំសន្ទះទឹក នៅក្នុងឃុំខ្នាត គឺស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធអប្សរា។ រីឯសំណើសុំរបស់លោកមេភូមិព្រៃវែង ឃុំសំរោងយា គឺសូម ដាក់សំណើសុំមកកាន់ថ្នាក់លើជាមុនសិន ដើម្បីឱ្យយើងមានមូលដ្ឋានក្នុងកាដោះស្រាយជូន ។
លោក ស៊ីន ចាន់ថុល អភិបាលស្រុក បានលើកឡើង ចំពោះសំណើសុំផ្លូវមួយខ្សែប្រវែង២,៥០០ម៉ែត្រ នោះយើងមិនទាន់មានគម្រោងក្នុងការរៀបចំនៅឡើយទេ ។ រីឯផ្លូវមួយខ្សែទៀតប្រវែង ១,០០០ម៉ែត្រ នោះគឺ យើងនឹងធ្វើជូនចំនួន ៦០០ម៉ែត្រសិន ដោយគម្រោងនេះ នឹងដំណើការធ្វើនាពេលឆាប់ៗនេះ ។
លោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុមិយម និងជាប្រធានក្រុមការងារ មានប្រសាសន៍ទៀតថា ចំពោះការស្នើសុំសន្ទះទឹកគឺ លោកជំទាវ ជួយថវិកាផ្ទាល់ខ្លួនចំនួន ២០០ដុល្លារ ហើយចំពោះថវិកាបន្ថែមសូមឱ្យរ៉ៃអង្គាសពីប្រជាពលរដ្ឋបន្ថែម ។ ចំពោះការស្នើសុំធ្វើខ្សែក្រវ៉ាត់តំបន់៣គឺ សូមឱ្យអាជ្ញាធរធ្វើការកំណត់វាស់វែងជាមុនសិន ។ ចំពោះអ្នកដែលបានបាត់អត្តសញ្ញាណប័ណ្ណ សូមឱ្យរាយការណ៍ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជាបន្ទាន់ ដើម្បីបញ្ជាក់ពីមូលហេតុនៃការបាត់ដើម្បីធ្វើថ្មីផងដែរ ៕ ដោយ ស៊ាន សុផាត


