ទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុបកំណត់គោលដៅលើកងកម្លាំងប្រដាប់អាវុធ និងក្រុមហ៊ុនផ្គត់ផ្គង់យន្តហោះដ្រូនដល់រុស្ស៊ី

ព្រុចសែល៖ គណៈកម្មការអឺរ៉ុប ក្នុងថ្ងៃពុធសប្តាហ៍នេះ បានស្នើឱ្យមានកញ្ចប់ទណ្ឌកម្មទី៩ប្រឆាំងនឹងរុស្ស៊ី ដែលនឹងរួមបញ្ចូលបុគ្គល និងអង្គភាពជិត ២០០នាក់ និងស្ថាប័ន ក៏ដូចជាកាត់បន្ថយដំណើរការប្រើប្រាស់យន្តហោះដ្រូនរបស់រុស្ស៊ី។

កញ្ចប់ទណ្ឌកម្មទី៩នេះ បានស្នើដាក់បុគ្គល និងអង្គភាពបន្ថែមជិត ២០០ ទៅក្នុងបញ្ជីទណ្ឌកម្ម ក្នុងនោះមានដូចជាកងកម្លាំងប្រដាប់អាវុធ មន្ត្រី និងក្រុមហ៊ុនឧស្សាហកម្មការពារជាតិរុស្ស៊ី ក្នុងចំណោមក្រុមហ៊ុនដទៃទៀត។ កញ្ចប់នេះក៏បានស្នើដាក់ទណ្ឌកម្មប្រឆាំងនឹងធនាគាររុស្ស៊ីចំនួន៣បន្ថែមទៀត រួមទាំងការហាមឃាត់ប្រតិបត្តិការពេញលេញលើធនាគារអភិវឌ្ឍន៍តំបន់រុស្ស៊ីផងដែរ។

ប្រធានគណៈកម្មាធិការអឺរ៉ុប លោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយែន បាននិយាយថា សហភាពអឺរ៉ុបនឹងកាត់ផ្តាច់ដំណើរការប្រើប្រាស់យន្តហោះដ្រូនរបស់រុស្ស៊ី ដោយស្នើឱ្យហាមឃាត់ការនាំចេញម៉ាស៊ីនយន្តហោះដ្រូនដោយផ្ទាល់ទៅកាន់ប្រទេសរុស្ស៊ី និងការនាំចេញទៅកាន់ប្រទេសទីបី ដូចជាអ៊ីរ៉ង់ ដែលអាចផ្គត់ផ្គង់យន្តហោះដ្រូនដល់រុស្ស៊ី។

រហូតមកទល់ពេលនេះ បុគ្គលជាង ១,២០០នាក់ និងអង្គភាពចំនួន ១១៨ស្ថាប័ន ដែលមានទំនាក់ទំនងជាមួយរុស្ស៊ី ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីទណ្ឌកម្ម រួមមានទាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងមន្ត្រីកំពូលៗក្នុងជួររដ្ឋាភិបាលរបស់គាត់ផងដែរ។ សំណើនេះត្រូវអនុម័តដោយក្រុមប្រឹក្សាសហភាពអឺរ៉ុប និងសភាអឺរ៉ុប៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner