សហរដ្ឋអាមេរិក និងរុស្ស៊ីចោទប្រកាន់គ្នាថា គ្មានបំណងជំរុញឱ្យមានកិច្ចចរចានៅអ៊ុយក្រែន

អាមេរិក៖ សហរដ្ឋអាមេរិក និងរុស្ស៊ីបានចោទប្រកាន់គ្នាទៅវិញទៅមកថាគ្មានបំណងជំរុញឱ្យមានកិច្ចចរចាសន្តិភាពជុំវិញបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។ គួរដឹងដែរថា ក្នុងកិច្ចប្រជុំនៅឯអង្គការសហប្រជាជាតិ ការអំពាវនាវឱ្យបង្កើតកិច្ចព្រមព្រៀងបទឈប់បាញ់ និងដោះស្រាយតាមផ្លូវការទូតតែងតែត្រូវបានស្នើឡើងដើម្បីឈានទៅបញ្ចប់សង្គ្រាមឈ្លានពានដោយរុស្ស៊ីអស់រយៈពេល ៩ ខែមកហើយ។

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិលោក Vassily Nebenzia បានប្រាប់ទៅកាន់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីស្ថានភាពមនុស្សធម៌នៅអ៊ុយក្រែនថា ទីក្រុងម៉ូស្គូបានកត់សម្គាល់ឃើញមានការចាប់អារម្មណ៍ក្នុងដំណោះស្រាយតាមផ្លូវការទូត ពីសំណាក់បណ្ដារដ្ឋសមាជិកអង្គការសហប្រជាជាតិជាច្រើន។

លោកបានលើកឡើងថា៖ «យើងកំពុងមានប្រតិកម្មខ្លាំងៗលើបញ្ហានេះ។ យើងសូមបញ្ជាក់ពីឆន្ទៈរបស់យើងក្នុងការចូលតុចរចា»។ ប៉ុន្តែលោកនៅតែបញ្ជាក់ពីគោលបំណងថា រុស្ស៊ីចង់លុបបំបាត់មូលហេតុនិងឫសគល់ដែលបង្ខំឱ្យរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់ខ្លួន។

ទីក្រុងមូស្គូធ្លាប់បានលើកឡើងថា បេសកកម្មរបស់ខ្លួនគឺដើម្បីដកហូតអាវុធនៅអ៊ុយក្រែនដើម្បីកុំឱ្យវាក្លាយជាការគំរាមកំហែងដល់ប្រទេសរុស្ស៊ី និងលុបបំបាត់លទ្ធិណាហ្ស៊ីនិយម តាមរយៈការទម្លាក់មេដឹកនាំដែលរុស្ស៊ីចាត់ទុកថាជាអ្នកជាតិនិយម។ បណ្តាប្រទេសលោកខាងលិចជឿថា គោលបំណងពិតរបស់រុស្ស៊ីគឺចង់កម្ចាត់យោធាអ៊ុយក្រែន និងផ្តួលរំលំរដ្ឋាភិបាលដែលគាំទ្រលោកខាងលិច។

ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅអង្គការសហប្រជាជាតិ លោក Sergiy Kyslytsya បានលើកឡើងថា៖ «អ៊ុយក្រែនត្រូវការសន្តិភាព ហើយអ៊ុយក្រែនចង់បានសន្តិភាព ច្រើនជាងប្រទេសដទៃទៅទៀត។ វាគឺជាទឹកដីរបស់យើងដែលត្រូវបានកំពុងឈ្លានពាន។ សូមចងចាំរឿងនេះរាល់ពេលដែលទីក្រុងម៉ូស្គូព្យាយាមបញ្ចុះបញ្ចូលយើងថា វាមិនមែនជាអ្នកឈ្លានពាននោះទេ ប៉ុន្តែជាជនរងគ្រោះដែលតែងតែទទូចចង់បានសន្តិភាព»។

យ៉ាងក៏ដោយ លោក Nebenzia បានចោទប្រកាន់បណ្តាប្រទេសលោកខាងលិចថា គ្មានបំណងជួយស្វែងរកដំណោះស្រាយតាមរយៈការទូតនៅអ៊ុយក្រែននោះទេ ព្រោះពួកគេកំពុងបង្កើនការលក់និងចែកចាយសព្វាវុធទៅកាន់ទីក្រុងគៀវ។ លោកលើកឡើងថា «អ្វីដែលអ្នកកំពុងឃើញនៅពេលនេះ គឺជាសង្រ្គាមរវាងបស្ចិមប្រទេសប្រឆាំងនឹងរុស្ស៊ី។ នេះគឺជារឿងដែលធ្វើឱ្យយើងគ្មានជម្រើសផ្សេងក្រៅពីការបន្តប្រតិបត្តិការយោធាពិសេសរបស់យើង»។

ថ្មីៗនេះ រុស្ស៊ីបាននឹងកំពុងវាយលុកទៅកាន់ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនជាច្រើនដង និងច្រើនកន្លែង។ ប្រធានសម្របសម្រួលកិច្ចការមនុស្សធម៌ និងជំនួយសង្គ្រោះបន្ទាន់របស់អង្គការសហប្រជាជាតិលោក Martin Griffiths បានប្រាប់ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃអង្គារថា ការណ៍នេះបានធ្វើឱ្យពលរដ្ឋអ៊ុយក្រែនរាប់លាននាក់គ្មានថាមពលប្រើប្រាស់ ដូចជាការដែលមិនអាចទទួលបានកំដៅគ្រប់គ្រាន់ គ្មានអគ្គិសនីនិងទឹកប្រើប្រាស់ ដែលធ្វើឱ្យវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរឡើង។

ឯកអគ្គរដ្ឋទូតរងអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Lisa Carty បានប្រាប់ក្រុមប្រឹក្សាសមាជិកអចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍ទាំង ១៥ ប្រទេសថា «ការបន្តបាញ់កម្ទេចហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនរបស់ប្រធានាធិបតីពូទីន គឺជាភស្តុតាងដែលបង្ហាញថាគាត់មិនមានបំណងពិតប្រាកដក្នុងការប្រើប្រាស់វិធីសាស្ត្រចរចារ ឬការទូតនោះទេ។ ផ្ទុយទៅវិញ គាត់កំពុងព្យាយាមបំផ្លាញឆន្ទៈរបស់អ៊ុយក្រែន ដោយការទម្លាក់គ្រាប់បែក និងបង្កកពលរដ្ឋអ៊ុយក្រែនដើម្បីបង្ខំឱ្យចុះចូល»។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជួបប្រជុំជាច្រើនដងរួចមកហើយលើបញ្ហាអ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈមក ប៉ុន្តែនៅតែមិនអាចចាត់វិធានការណាមួយប្រកបដោយប្រសិទ្ធភាពនៅឡើយទេ។ នេះគឺដោយសារតែរុស្ស៊ីតែងតែប្រើប្រាស់អំណាចវេតូ (Veto power) របស់ខ្លួន។

អ្នកស្រី Edwige Koumby Missambo ឯកអគ្គរដ្ឋទូតរងរបស់ប្រទេសហ្កាបុង (Gabon) ប្រចាំនៅអង្គការសហប្រជាជាតិបានមានប្រសាសន៍ថា៖ « ភាពច្របូកច្របល់ និងការអស់សង្ឃឹមរបស់ប្រជាជនដោយសារសង្រ្គាមជាច្រើនខែមកនេះ វាមិនគ្រប់គ្រាន់នោះទេដែលគ្រាន់តែមានកិច្ចប្រជុំដើម្បីជូនដំណឹងដល់សហគមន៍អន្តរជាតិជាច្រើនដង ហើយមិនបានផ្តល់មធ្យោបាយជាក់លាក់ណាមួយក្នុងការបញ្ចប់សង្គ្រាម»។ អ្នកស្រីបញ្ជាក់បន្ថែមថា «វាដល់ពេលដែលត្រូវចរចាបញ្ចប់សង្គ្រាមហើយ»។

កាលពីថ្ងៃសុក្រ ប្រទេសរុស្ស៊ីបានស្នើសុំឱ្យក្រុមប្រឹក្សាជួបប្រជុំម្តងទៀត ដើម្បីពិភាក្សាអំពីអាវុធដែលបានមកពីជម្លោះអ៊ុយក្រែន ដែលបានធ្លាក់ទៅក្នុងដៃក្រុមចោរ និងភេរវករ និងតំបន់ផ្សេងទៀតនៅអឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រិក៕
ដោយ៖ធា សុខណា

ads banner