រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ កម្ពុជាត្រូវរក្សាការពារឈើខ្ពស់ៗ ដើម្បីបង្កើន ចំណូលសហគមន៍តាមរយៈការអនុវត្តគម្រោងរេដបូក
ព្រះវិហារ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ បានមាន ប្រសាសន៍ថា កម្ពុជាពិតជាមានមោទនភាពដែល បាន ឈានមកដល់បរិបទរក្សាឈើឈរដើម្បីបង្កើនចំណូលសម្រាប់ការអភិរក្សនិងអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន» តាមរយៈការអនុវត្ត គម្រោងរេដបូក (REDD+) ដែលជាយន្តការទប់ស្កាត់ការ បាត់បង់ព្រៃឈើ។
ការថ្លែងបែបនេះធ្វើឡើងក្នុងនៅក្នុងឱកាសឯកឧត្តមរដ្ឋមន្រ្តីចុះពិនិត្យការធ្វើសារពើភណ្ឌព្រៃឈើនៅក្នុងឡូត៍គំរូ ដើម្បីវាស់ BIOMASS ដើម្បីគណនាបរិមាណកាបូនស្តុក នៅក្នុងព្រៃសម្រាប់ ការធ្វើរេដបូក ស្ថិតក្នុងភូមិក្រឡាសពាស ឃុំព្រីងទុំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី៦ខែធ្នូនេះ។
ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា៖« ប្រទេសដែល មានសិទ្ធិទទួលផលពីគម្រោងរេដបូក (REDD+) គឺជាប្រទេស ដែលប្រើប្រាស់ព្រៃឈើរបស់ខ្លួនប្រកបដោយនិរន្តរភាព»។ ឯកឧត្តមគូសបញ្ជាក់ថា «កម្ពុជាបានឈានមកដល់បរិបទ រក្សាឈើឈរដើម្បីបង្កើនចំណូល សម្រាប់ការអភិរក្ស និង អភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន» តាមរយៈការអនុវត្តគម្រោងរេដបូក បានផ្តល់ផលប្រយោជន៍ជូនប្រជាសហគមន៍ក្នុងតំបន់ការពារធម្មជាតិតាមរយៈ ការកសាងផ្លូវ ការបំពាក់ប្រព័ន្ធទឹកស្អាត ការដាំ ដំណាំកសិកម្ម ការផ្តល់ពូជសត្វ មធ្យោបាយ និង សម្ភារសម្រាប់ ការល្បាតព្រៃជាដើម»។
លោកបន្តទៀតថា កម្ពុជាបាននិងកំពុងអនុវត្តគម្រោងរេដបូក ដែលជាយន្តការអន្តរជាតិមួយសម្រាប់ជួយទប់ស្កាត់ការបាត់បង់ និងរេចរិលព្រៃឈើ និងចូលរួមកាត់បន្ថយឥទ្ធិពលនៃការប្រែប្រួល អាកាសធាតុ តាំងពីឆ្នាំ២០០៧ តាមរយៈទីផ្សារកាបូនស្ម័គ្រចិត្ត។
បច្ចុប្បន្នប្រជាសហគមន៍ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្ត មណ្ឌលគីរី ខេត្តក្រចេះ (គម្រោងរេដបូកកែវសីមា) ខេត្តកោះកុង និងពោធិ៍សាត់ (គម្រោងរេដបូកក្រវាញខាងត្បូង) ខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ (គម្រោងរេដបូកព្រៃទ្បង់)។
ពាក់ព័ន្ធការលក់កាបូននេះដែរ លោក ហេង គឹមហុង ប្រធានកម្មវិធី ផ្នែក ស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN)និងជាអ្នកតាមដានបញ្ហាបរិស្ថាន យល់ឃើញថា វត្តមាន គម្របព្រៃឈើបានដើរតួនាទីយ៉ាងសំខាន់ មិនត្រឹមសម្រាប់ កម្ពុជានោះទេ ប៉ុន្តែក៏មានតម្លៃជាសកលផងដែរ ដើម្បី
ទប់ទល់ វិបត្តិការប្រែប្រួលអាកាសធាតុ ដែលសាជីវករឥណទាន កាបូនអន្តរជាតិតែងសម្លឹងឃើញ។
លោកថា៖«ដើម្បីជំរុញការលក់ឥណទានកាបូនឱ្យកាន់តែមានប្រសិទ្ធភាព ទាក់ទាញទីផ្សារកាបូនអន្តរជាតិឱ្យបន្តមក ទិញកាបូន នៅកម្ពុជាបន្តបន្ទាប់មកទៀត ទាល់តែកម្ពុជាអនុវត្តកម្មវិធីទប់ ស្កាត់ការកាប់បំផ្លាញព្រៃឈើ បើសិនមានការរេចរឹលគម្រប ព្រៃឈើកម្ពុជា យើងពិបាកធានាណាស់ថា យើងអាចបន្តកម្ម វិធីឥណទានកាបូននេះបាន» ។
នៅសន្និសីទអាកាសធាតុ COP27 នាប្រទេសអេហ្ស៊ីប កាលពី ខែវិច្ឆិកា កន្លងទៅ រដ្ឋមន្រ្តីក្រសួងបរិស្ថានឯកឧត្តម សាយ សំអាល់ តំណាងឱ្យកម្ពុជា បានយល់ព្រមចុះកិច្ចព្រមព្រៀងលក់ឥណទាន កាបូនប្រមាណ ១៥ លានតោនជាមួយបណ្តាដៃគូអន្តរជាតិ ក្នុងន័យដើម្បីកាត់បន្ថយការបំភាយឧស្ម័ន និងបញ្ចប់ការកាប់ បំផ្លាញព្រៃឈើក្នុងគម្រោង REDD+ របស់កម្ពុជា ដើម្បីចូលរួម ទប់ស្កាត់ការប្រែប្រួលអាកាសធាតុជាមួយសកលលោក។
សូមជម្រាបថា កម្ពុជាបានលក់ឥណទានកាបូន ទៅក្រុមហ៊ុន អន្តរជាតិធំៗចាប់ពីឆ្នាំ ២០១៦ មកដល់ឆ្នាំ ២០២០ បានទឹកប្រាក់ ចំនួន ១១,៦លានដុល្លារអាមេរិក ។ បច្ចុប្បន្នមានផ្ទៃដីអភិរក្សទំហំ ៧,៣លានហិកតា ឬស្មើប្រមាណ ៤១ភាគរយ នៃប្រទេសកម្ពុជា ដែលជាប្រភពលក់កាបូនទៅកាន់ទីផ្សារអន្តរជាតិ៕
ដោយ៖ ឡាយ សាមាន
