ឯកឧត្តម លី ធុជ៖ ភូមិចំនួនបួននៃស្រុកបូទុមសាគរ ខេត្តកោះកុង នឹងប្រកាសថាអស់មីននៅដើមឆ្នាំ២០២៣

កោះកុង៖ អនុប្រធានទី១ នៃអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បាន​ប្រាប់ឱ្យដឹងថា ភូមិចំនួនបួន ក្នុងស្រុក​បូទុមសាគរ​ ខេត្ត​កោះកុង ដែលទទួលបានជំនួយហិរញ្ញប្បទាន​ពី​រដ្ឋាភិបាលប្រទេស​​ឥណ្ឌា​ តាមរយៈស្ថានទូតឥណ្ឌានៅរាជធានីភ្នំពេញ ​នឹងត្រូវប្រកាសថាអស់មីននៅ​ ខែមករា​ ឆ្នាំ​២០២៣ខាងមុខ។

លោកបាន​ឱ្យដឹងនៅ​ថ្ងៃទី​៨ ខែធ្នូ ថា ​ប្រជាពលរដ្ឋទាំងបួនភូមិនេះ​ ពួកគាត់មានការសប្បាយរីករាយ ដែលអស់កង្វល់អំពីការបារម្ភនៃគ្រោះថ្នាក់ដោយសារមីនមកលើក្រុមគ្រួសាររបស់ពួកគាត់ ដែលអាចយកដីមកធ្វើចម្ការបានប្រកបដោយសុវត្ថិភាព នឹងលែងមានការបារម្ភជាដើម។

ក្រៅពីស្រុក​បូទុមសាគរហើយ ជំនួយរបស់រដ្ឋាភិបាលប្រទេស​​ឥណ្ឌានេះ ​នឹងត្រៀមជួយបន្តដល់​ស្រុកផ្សេងទៀតនៃខេត្តកោះកុងផងដែរ ដែលរួមជាមួយផែនការនៅឆ្នាំ២០២៣ សម្រេចឲ្យអស់មីនពីខេត្តកោះកុងទាំងមូល។

ឯកឧត្តម លី ធុជ មានប្រសាសន៍ថា ៖ «មិនមែនមានតែខេត្តកោះកុងទេ ដែលនឹងប្រកាសថាជាខេត្តអស់មីនទេ នៅមានខេត្តចំនួនប្រាំពីរទៀត ដែលនឹងត្រូវប្រកាសជាខេត្តអស់មីនដែរ រួមមាន​ ខេត្តត្បូងឃ្មុំ ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកំពត និងខេត្តកំពង់ស្ពឺ»។

ឯកឧត្តម លី ធុជ បានបញ្ជាក់ទៀតថា ៖ «ផលប្រយោជន៍ដែលប្រជាពលរដ្ឋបួនភូមិទទួលបាន គឺទី១ ការសង្គ្រោះជីវិតជីវិតក្រុមគ្រួសារគាត់ ដែលមិនអាចស្លាប់ ឬមានពិការភាព ដោយសារសំណល់ពីសម័យសង្គ្រាម អាចសម្លាប់គាត់ ឫក៏របួសធ្ងន់ធ្ងរអាចបាត់បង់កាយសម្បទា»។

ផលប្រយោជន៍ទី២ គឺធ្វើឱ្យគាត់ បាត់អារម្មណ៍ភ័យខ្លាច ដូចជា ប្ដី ឬប្រពន្ធ ដែលធ្វើចម្ការលើដី អាចប៉ះមីនដែលនាំផ្ទុះ។ លោក លី ធុជបញ្ជាក់ដោយបន្តទៀតថា មួយទៀត គឺជួយបង្កើនឲ្យដីមានសុវត្ថិភាព ដែលអាចធ្វើស្រែចម្ការបាន១០០ភាគរយ ហើយកាលពីមុនគាត់ធ្វើ​កន្លែងនោះតិច កន្លែងនេះតិច តែឥលូវគាត់អាចធ្វើស្រែចម្ការ និងលែងគោក្របីគាត់ស៊ីស្មៅបានយ៉ាងពេញលេញហើយ។

លើសពីនេះទៀតលោកថា មិនមែនមានតែមូលនិធិពីប្រទេសក្រៅទេ សម្រាប់សកម្មភាពដោះមីននេះ គឺមានវិភាគទានដែលសប្បុរសជនចូលរួមក្នុងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម ហើយមកទល់ពេលនេះការចូលរួមវិភាគទានពីសប្បុរសជនក្នុងគម្រោងនេះ ទទួលបានទឹកប្រាក់ជាង ១៨លានដុល្លារសហរដ្ឋអាមេរិក។

ឯកឧត្តម លី ធុជ បន្ថែមថា បន្ទាប់ពីចប់គម្រោងនេះ នៅ​ដើមឆ្នាំ និងចុងឆ្នាំក្រោយ គឺនឹងបានបោសសម្អាតទំហំដី៩១.៤គីឡូម៉ែត្រក្រឡា ដោយប្រើប្រាស់គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម។

ជាមួយគ្នានេះដែរ លោក ឡាង កុសល មន្ត្រីទទួលបន្ទុកគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន នៃអាជ្ញាធរមីន ក៏បានថ្លែងដែរថា ប្រជាជនទាំងបួនភូមិដែលទទួលបានផលប្រយោជន៍ពីការអស់មីន មានសរុបជាង ៧ ​៧​៦​៣នាក់ ក្នុងនោះស្ដ្រី និងកុមារមាន ៣៩៧០នាក់។

លោកថា ផ្ទៃដីសរុបទាំងបួនភូមិដែលជាចម្ការមីនរួមមាន ភូមិព្រលាន ភូមិកណ្ដោល ដែលនៅឃុំកណ្ដោលមាន ២ចម្ការមីន និងភូមិចម្ការលើ ភូមិថ្មស ដែលនៅឃុំថ្មសមាន ៩ចម្ការមីន  បើគិតសរុបមានទំហំដីជាង ២២៧២៣៧ម៉ែត្រក្រឡា។

ដោយឡែក កាល​ពី​ថ្ងៃទី៧ ខែធ្នូ លោក Darren Cormack នាយកប្រតិបត្តិនៃអង្គការ MAG ​ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា ជាមួយនឹងលោក លី ធុជ ​ផងដែរ។

​​ឯកឧត្តម លី ធុជ បានវាយតម្លៃខ្ពស់​​ចំពោះខិតខំប្រឹងប្រែង និងការលះបង់គ្រប់បែបយ៉ាងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកអង្គការ MAG ទាំងអស់ ព្រមទាំងបានចាត់ទុកអង្គការ MAG គឺជាដៃគូមួយយ៉ាងសំខាន់ មិនត្រឹមតែការងារបោសសម្អាតមីននិងគ្រាប់មិនទាន់ផ្ទុះនៅទីវាលប៉ុណ្ណោះទេ គឺជាដៃគូយុទ្ធសាស្រ្តឲ្យរយៈពេល ៣០ឆ្នាំ ផងដែរ។

ឯកឧត្តម លី ធុជ បានបញ្ជាក់ថា ៖ «រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដល់អង្គការ MAG ក្នុងភាពជាដៃគូសកម្មភាពមីននៅកម្ពុជា»។​

​សូមរំឮកដែរថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារបោសសម្អាតមីន និងគ្រប់មិនទាន់ផ្ទុះ ជាពិសេសថ្មីៗនេះ សម្ដេចតេជោនាយករដ្ឋមន្រ្ទី ហ៊ុន សែន ​បានជំរុញឱ្យពន្លឿនការងារបោសសម្អាតមីន ព្រមទាំងបានទម្លាក់ថវិការបស់រាជរដ្ឋាភិបាលចំនួន ៣០លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីចូលរួមគាំទ្រគោលដៅកម្ពុជាអស់មីនឆ្នាំ២០២៥ផងដែរ។

សូមបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២២ អង្គការ MAG បានរំដោះផ្ទៃមីន និងគ្រាប់មិនទាន់ផ្ទុះចំនួន ១២៤,៧ គីឡូម៉ែត្រក្រឡា រកឃើញ និងកម្ទេចចចោលគ្រាប់មីនចំនួន ៨៤.១៨៨ គ្រាប់ គ្រាប់បែកចង្កោម ៣២.១៧១ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាមដទៃទៀត ២៨៨.០៤៩ គ្រាប់ ដោយមានអ្នកទទួលផលជាង ២លាននាក់ ព្រមទាំងបានអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌគ្រឿងផ្ទុះចំនួន ៣៧.៧១០ លើក៕ ដោយ៖ ជា សុខនី

ads banner