សម្ដេចក្រឡាហោម ស ខេង ៖ ប្រជាជនមួយចំនួនខ្លាចប៉ូលិសជាងខ្លាចច្បាប់

ភ្នំពេញ៖ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង​ជាប្រធានគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) សម្ដេចក្រឡាហោម ស ខេង បាន​ថ្លែងបញ្ជាក់ថា តាម​ការ​សង្កេត​របស់​សម្ដេច ​ឃើញថា​​​ប្រជាពលរដ្ឋ​មួយចំនួនខ្លាចប៉ូលីស​ ជាងខ្លាចច្បាប់ ដោយសារនៅពេលដែលសមត្ថកិច្ច​ចរាចរណ៍​រឹតបន្តឹង​ពួកគាត់ខ្លាច។ ប៉ុន្តែនៅពេលលែង​រឹតបន្តឹង ពួកគាត់ក៏លែងខ្លាំងដែរ។

សម្ដេច​បានថ្លែងឡើងដូចនេះ នា​ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៧ កាល​ពី​ថ្ងៃ​ទី៧ ខែធ្នូ ឆ្នាំ​២០២២។ សម្តេចក្រឡាហោម​បាន​ថ្លែងថា ប្រសិន​បើ​ជិះឡាន​ពាក់​ខ្សែ​ក្រវាត់​ និង​ពាក់មួកសុវត្ថិភាព នោះ​នឹងមិនមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នោះ​ឡើយ​ នៅពេលមានគ្រោះថ្នាក់កើតឡើង​​។​​

សម្តេចមានប្រសាសន៍ថា ៖ «ទាក់ទងនឹងចំណុចនេះ តាមការសង្កេតរបស់ខ្ញុំឃើញថា ពេលដែល​ប៉ូលីស​ សមត្ថកិច្ចចរាចរណ៍រឹតបន្តឹង​បន្តិចទៅពួកគាត់ខ្លាច តែបើ​ប៉ូលីសលែងស្រែក គាត់ក៏លែងខ្លាចដែរ។ ដូចនេះប្រែមកថា​ ពួកគាត់​មិនខ្លាចច្បាប់ទេ តែពួកគាត់ខ្លាចប៉ូលីស»។

សម្តេចក្រឡាហោម ស ខេង បាន​បន្ថែមថា ៖ «ចំណុចនេះ ខ្ញុំសុំឱ្យពួកគាត់ដូរនូវការ​យល់ឃើញនេះ ដូរនូវទស្សនៈយល់ឃើញនេះចេញ ដោយត្រូវ​ខ្លាចច្បាប់ជាងខ្លាចប៉ូលីស។ យើងត្រូវ​ម្ចាស់ការដើម្បីការពារខ្លួនឯង ស្រលាញ់ខ្លួនឯង»។

សម្ដេចក្រឡាហោមបាន​ឱ្យដឹងទៀតថា ករណី​គ្រោះថ្នាក់ចរាចរណ៍​កើតមាននៅ​ពេលយប់​ នៅតែមាន​ច្រើន​គួរឱ្យ​បារម្ភផងដែរ ដែល​ធ្វើ​ឱ្យ​លោកអំពាវនាវ​ និងជំរុញឱ្យ​ប្រជាពលរដ្ឋមានការភ្ញាក់រលឹកលើបញ្ហានេះ​ផងដែរ។

 ទាក់ទងនឹងករណី​គ្រោះថ្នាក់ចរាចរណ៍​នេះដែរ លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​នៅ​កម្ពុជា បានប្រាប់​ឱ្យដឹងថា ​​ចំនួន​យានយន្ត​​ដែល​ចុះ​បញ្ជី​ មាន​កាន់​តែ​ច្រើន​ ហើយ​អ្នក​បើក​បរ​ក៏​មាន​កាន់​តែ​ច្រើន​ទាំងអ្នកប្រើប្រាស់រថយន្ត និងម៉ូតូ ដែល​អ្នក​បើក​បរ​ម៉ូតូ​ភាគច្រើន​មិន​ទទួលបាន​ការបណ្ដុះបណ្ដាល​ត្រឹមត្រូវ​នោះ​ទេ​។​

លោកបានប្រាប់ថា ៖ «ដោយយើង​មើល​ឃើញ​ថា​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​មាន​ចំនួន​យានយន្ត​កាន់​តែច្រើន​ ហើយ​ម៉ូតូ​ក្រោម​ ១​២​៥C គឺ​មិន​តម្រូវ​ឱ្យមាន​ប័ណ្ឌ​បើកបរ​ផងនោះ​​​ ដូច្នេះ​ហើយ​ធ្វើ​ឱ្យ​ឥរិយាបថ​បើក​បរ​របស់​ពួក​គាត់​នៅតាម​ដងផ្លូវ​មាន​លក្ខ​ណៈ​ប្រថុយប្រថាន​ច្រើន»។​

​​លោក គឹម បញ្ញា បាន​បន្ថែមថា វិ​ធានការចំនួនបី ដែល​រួមមាន វិធានការអប់រំផ្សព្វផ្សាយ ​វិធានការរដ្ឋបាល និងវិធានការច្បាប់ ​គឺ​លោក​ចង់​ធ្វើ​ឱ្យស្ថានភាព​នៃចរាចរណ៍​ល្អ​​​ប្រសើ​រឡើង​ក្នុង​រយៈ​ពេល​យូរ​អង្វែង​ ​ដោយមិន​ចង់​ធ្វើ​ឲ្យ​មាន​តែក្នុង​រយៈពេ​ល​ភ្លាមៗ​នោះទេ។​

​ទន្ទឹម​នឹង​នេះ ​លោក​ក៏បាន​បន្ថែម​ទៀត​ ៖ «ពាក់ព័ន្ធ​​ទៅ​នឹង​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ផ្លូវ​ថ្នល់​ ដូច​ជា​ផ្លាក​សញ្ញាបន្ថយ​ល្បឿន​ កែ​លម្អផ្លូវ​ ការធ្វើ​បែប​នេះ ​គឺ​ជួយ​បាន​ច្រើន​​។​ យើង​បំពាក់​គំនូស​សញ្ញា​ អី​ផ្សេង​ៗ​គឺ​ជួយ​កុំ​ឱ្យ​​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​​»។​​

ប៉ុន្តែទោះជាយ៉ាង​ណា​ក៏​ដោយ ​ក៏​គួរតែ​មាន​ការ​ជួប​ជុំ​ ដោយស្ថាប័ន​ពាក់​ព័ន្ធ​​រៀង​រាល់​ ៣ខែ​ម្ដង​ ពីសង្គម​ស៊ីវិល​ អ្ន​ក​សារព័​ត៌​មាន​ជាដើម ដែល​​អាចរក​ដំណោះ​ស្រាយ​ដ៏​សម​ស្រប​ក្នុង​រូបភាព​យូអង្វែង​សម្រាប់ធ្វើ​ឱ្យ​ចរាចរណ៍​មានភាពប្រសើរ​។​

យោងតាមរបាយការណ៍​របស់​​ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា​​ រយៈពេល៩ខែដំបូងនៃឆ្នាំ ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២ ២៨៦​ កើនឡើង ២១ ភាគរយ ដែលក្នុងនោះមានអ្នកស្លាប់ចំនួន ១ ៣៤២​នាក់ កើនឡើង ២៧ ភាគរយ៕ ដោយ៖ហោ សុវិទ្យា

ads banner