ក្រសួងសុខាភិបាល សម្រេចបិទ និងដកហូតលិខិតអនុញ្ញាតពីមន្ទីរពេទ្យ ដើមអង្រ្គង ដែលប្រកបអាជីវកម្មគ្មានវិជ្ជាវីវៈ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានសម្រេចបិទនិងដកហូតលិខិតអនុញ្ញាតពីមន្ទីរសំរាកព្យាបាលឯកជនឈ្មោះ ដើមអង្រ្គ​ង ដោយមូលហេតុប្រើប្រាស់បុគ្គលិកផ្សេងគ្មានការបណ្តុះបណ្តាល គ្មានការចុះបញ្ជីគណៈវិជ្ជាជីវៈ បន្ទាប់ពីធ្វេសប្រហែសធ្វើឱ្យស្រី្តម្នាក់ដែលរកសេវារំលូតគក៌នៅមន្ទីរនេះរងរបួសធ្ងន់ធ្ងរ។

សេចក្តីសម្រេចដែលចុះហត្ថលេខាដោយរដ្ឋលេខាធិការក្រសួងសុខាភិបាលលោកជំទាវ ឱ​ វណ្ណឌីន  ​ថ្ងៃទី ៨ ខែធ្នូ​​ បានសម្រេចបិទ​ និងដកហូតលិខិតអនុញ្ញាតឱ្យបើកមន្ទីរសំរាកព្យាបាលឯកជនឈ្មោះ ដើម​អ​ង្គ្រង ដែលមានទីតាំង​ផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ របស់លោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទរស្មី ជាអ្នកទទួលខុសត្រូវ។

លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់តាមរយៈសេចក្តីសម្រេចថា ៖ « ដោយមូលហេតុប្រើប្រាស់បុគ្គលិកផ្សេងគ្មានការបណ្តុះបណ្តាល គ្មានការចុះបញ្ជីគណៈវិជ្ជាជីវៈ និងប្តូរទីតាំងដោយ គ្មានការជូនដំណឹងដល់ក្រសួងសុខាភិបាល។ ចំពោះអ្នកទទួលខុសត្រូវ និងម្ចាស់មន្ទីរសម្រាកព្យាបាលដើមអង្គ្រង និងអ្នកដែលបានប្រព្រឹត្តខុសនឹងក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ខុសបច្ចេកទេស ក្នុងការពិនិត្យនិងព្យាបាលអ្នកជំងឺ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»។

លោកជំទាវបន្តទៀតថា អគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋានមន្ទីរពេទ្យ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ស្ពឺ និង លោកស្រី សួស ច័ន្ទរស្ទើ មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព លោក យង់ គិមអេង បានសម្តែងការសាទរចំពោះសេចក្តីសសម្រេចនេះ ដែលបានបិទមន្ទីរពេទ្យគ្មានវិជ្ជាជីវៈត្រឹមត្រូវ។

លោកនិយាយថា ការបិទនេះ គឺជាការព្រមានទៅដល់ គ្លីនិក ឬមន្ទីរពហុព្យាបាល  និងមន្ទីរពេទ្យឯកជនដទៃទៀត ដែលមិនមា​នវិជ្ជាជីវៈ ដើម្បីឱ្យប្រឹងប្រែងកែលម្អគុណភាព និងវិជ្ជាជីវៈរបស់ខ្លួន ចៀសវាងយកជីវតរបស់ប្រជាពលរដ្ឋមកលេងសើច។

លោកថា ៖ «ព្រោះពលរដ្ឋទៅរកពេទ្យដើម្បីសង្គ្រោះជីវិតគេ មិនមែនមករកពេទ្យដើម្បីឱ្យពេទ្យនោះ ធ្វើឱ្យគេកាន់តែមានភាពលំបាក ជំងឺរាំរ៉ៃអស់មួយជីវិតទេ។ នេះគឺជាកំហុសឆ្គងមួយធំ។ ការសម្រេចបិទជាផ្នែកមួយ ប៉ុន្តែការផ្តល់សំណងជំងឺចិត្តទៅដល់អ្នកជំងឺជារឿងមួយសំខាន់ ចាំបាច់ដែលត្រូវតែធ្វើ ព្រោះគាត់ជនរងគ្រោះក្លាយទៅជាអ្នកជំងឺរាំរ៉ៃដោយសារភាពគ្មានវិជ្ជាជីវៈរបស់មន្ទីរពេទ្យ»។

បន្ថែមពីនេះ លោក យង់ គិមអេង ក៏បាន​ស្នើទៅក្រសួងសុខាភិបាល ត្រូវតែធ្វើការត្រួតពិនិត្យទៅលើមន្ទីរពេទ្យផ្សេងៗទៀត ហើយការត្រួតពិនិត្យនោះត្រូវតែឈរលើគោលការណ៍តម្លាភាព និងមានវិជ្ជាជីវៈខ្ពស់ និងមានគណនេយ្យភាពចំពោះសុខភាពសាធារណៈ ក៏ដូចជាប្រជាពលរដ្ឋដែលជាអ្នកទៅរកសេវាព្យាបាល ដើម្បីឱ្យមានការជឿជាក់ទៅលើវិស័យសុខភិបាលនៅកម្ពុជា។  

លោកបន្តថា ៖ « ក្រសួងត្រូវតែចាត់វិធានការឱ្យបានតឹងរឹង មិនចាំបាច់ទាល់តែថ្នាក់លើប្រាប់ ឬក៏ថ្នាក់លើចង្អុលបង្ហាញនោះទេ ព្រោះការអនុវត្ត ការកែលម្អវិស័យសុខាភិបាល គឺជាសិទ្ធិអំណាចដ៏សំខាន់របស់ក្រសួងសុខាភិបាល»។

សូមបញ្ជាក់ថា ស្រ្តីរងគ្រោះត្រូវបានបញ្ជូនមក​សង្រ្គោះ​បន្តនៅ​​មន្ទីរពេទ្យកាល់ម៉ែត ហើយស្ថានភាព​របស់​អ្នកជំងឺរូបនេះ​ក៏មានស្ថានភាពល្អប្រសើរ​ផងដែរ ដោយ​ក្នុងនោះលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា បាន​ប្រកាស​ចំណាយ​ថ្លៃ​​ព្យាបាលទាំងស្រុង​ដល់ស្រ្តីរងគ្រោះរូបនេះ​ផងដែរ។

យោងតាម​ការបញ្ជាក់របស់​ក្រសួងសុខាភិបាលបាន​ឱ្យដឹងថា ៖ «មន្ទីរសម្រាកព្យាបាលនេះ មានការធ្វេសប្រហែសបានអនុញ្ញាតឱ្យឆ្មប​រូបនេះ មិនទាន់ទទួលបានការបណ្តុះបណ្ដាលបន្ថែមស្ដីពីការ រំលូតគ៌ភនៅឡើយ ដែលការអនុវត្តនេះខុសពីបច្ចេក​ទេស​គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសការណែនាំបច្ចេកទេសពីមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារកនិងបទដ្ឋានគតិយុត្តនានារបស់ក្រសួង និងពីគណៈវិជ្ជាជីវៈឆ្មប»​។

​សូមរំឮកដែរថា ការសម្រេចបិទម​ន្ទីរពេទ្យនោះ បន្ទាប់ពីមានហេតុកការណ៍គួរឱ្យហួសចិត្តមួយ ខណៈស្រ្តីមួយរូប បានទៅរកសេវារំលូតគក៌ក្នុងផ្ទៃអាយុ ១៨ សប្តាហ៍ នៅមន្ទីរពេទ្យខាងលើនេះ។ 

បន្ទាប់មកស្រ្តីនោះមានអាការៈធ្ងន់ធ្ងរ និងបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។ លោក​ ផេង​ វឿន​ អាយុ​ ២៨ឆ្នាំ​ ត្រូវជាស្វាមីរបស់ស្ត្រីរងគ្រោះបានថ្លែងថា ការរំលូតគក៌នោះធ្វើឡើងដោយខុសបច្ចេកទេសនោះ ដោយសារឆ្មបបានច្រឡំកាត់ពោះវៀន ទើបធ្វើឱ្យប្រពន្ធរបស់ប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរ៕

ដោយ៖ឡាយ សាមាន

ads banner