អាមេរិករៀបចំកិច្ចប្រជុំកំពូលយុវជនអាស៊ីអាគ្នេយ៍នៅភ្នំពេញ ដើម្បីពង្រឹងផ្នែកសេដ្ឋកិច្ច

ភ្នំពេញ៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក និងស្ថានទូតអាមេរិកនៅភ្នំពេញ បានរៀបចំនូវកិច្ចប្រជុំកំពូលកម្មវិធីគំនិតផ្តួចផ្តើមអ្នកដឹកនាំវ័យក្មេងអាស៊ីអាគ្នេយ៍ (YSEALI) នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នាថ្ងៃទី៦ដល់៨ ខែធ្នូ ឆ្នាំ២០២២។ អ្នកដឹកនាំជំនាន់ថ្មីចំនួន១៥០នាក់ មកពី១០ ប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ ASEAN និងប្រទេសទីម័រលេស្ត បានចូលរួមក្នុងសិក្ខាសាលាពង្រឹងជំនាញ ការចងបណ្តាញគ្នា និងចូលរួមសកម្មភាពជាច្រើនដែលផ្តោតទៅលើការលើកកម្ពស់ពង្រឹងផ្នែកសេដ្ឋកិច្ច។ កម្មវិធី YSEALI ចង់ពង្រឹងនូវភាពជាដៃគូ រវាងសហរដ្ឋអាមេរិក និងតំបន់អាស៊ាន និងជួយគាំទ្រដល់អ្នកដឹកនាំវ័យក្មេងជំនាន់ថ្មី នៅទូទាំងអាស៊ីអាគ្នេយ៍។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា។

កិច្ចប្រជុំកំពូល ដែលអនុវត្តគម្រោងដោយអង្គការមូលនិធិអាស៊ី ជាកិច្ចប្រជុំកំពូលធ្វើឡើងដោយផ្ទាល់ជាលើកដំបូងតាំងពីឆ្នាំ២០១៩មក។ សិក្ខាកាមស្វែងយល់ពីវិធីក្នុងការធ្វើកិច្ចសហការក្នុងតំបន់លើកកម្ពស់នូវភាពជាអ្នកដឹកនាំ និងជំនាញអភិវឌ្ឍន៍ ធុរកិច្ច ព្រមទាំងបានរៀនពីសហគ្រិននិងអ្នកជំនាញជោគជ័យ នៃតំបន់អាស៊ីអាគ្នេយ៍។ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក មានប្រសាសន៍ក្នុងវីដេអូថតទុក ទៅកាន់អ្នកចូលរួមថា៖ «រួមគ្នា អ្នកកំពុងគាំទ្រនូវឱកាសសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។ ជួយបញ្ចប់នូវការរីករាលដាលនៃជំងឺ និងការពារ ស្វែងរក និងឆ្លើយតបទៅភាពបន្ទាន់នៃសុខភាពនាពេលអនាគត ដោយផ្តល់ដល់សហគមន៍នូវឧបករណ៍ដើម្បីសម្របទៅនឹងការផ្លាស់ប្តូរអាកាសធាតុ ដូចជា គ្រោះរាំងស្ងួត និងព្យុះសង្ឃរា Hurricane។ កម្មវិធី YSEALI ជាមធ្យោបាយដ៏មានឥទ្ធិពលមួយ ក្នុងការនាំមកឱ្យប្រជាជនយើងធ្វើការរួមគ្នា ជាពិសេសយុវជនវ័យក្មេងរបស់យើង ដើម្បីឱ្យពួកគេអាចចែករំលែកនូវព័ត៌មាន គំនិតនានា ដំណោះស្រាយផ្សេងៗជាមួយគ្នាបាន»។

អំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន អាមេរិក នៅខែឧសភា ឆ្នាំ២០២២ លោកប្រធានាធិបតី Biden បានប្រកាសថា YSEALI នឹងមានចំនួនកើនឡើងទ្វេដងក្នុងរយៈពេលបីឆ្នាំ។ កិច្ចប្រជុំកំពូល YSEALI គូសបញ្ជាក់ពីភាពរឹងមាំនៃចំណងទាក់ទងប្រជាជននិងប្រជាជន និងការប្តេជ្ញាចិត្តរបស់យើង ចំពោះសសរស្តម្ភសង្គមវប្បធម៌ ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាមេរិក អាស៊ាន។ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ២០១៣មក បណ្តាញ YSEALI បានកើនឡើងសមាជិករហូតដល់ជាង១៥ម៉ឺន៥ពាន់នាក់។

អំឡុងពេលនៃកិច្ចប្រជុំកំពូលនេះ ស្ថានទូតអាមេរិក នៅភ្នំពេញ បានប្រកាសនូវគម្រោងឈ្មោះ «កាតាលីករសហគមន៍» ឬអ្នកជំរុញល្បឿនក្នុងសហគមន៍ ដែលជាគម្រោងជំនួយថវិកាខ្នាតតូចជូនដល់សិក្ខាកាមចូលរួម ដែលនឹងផ្តល់ជាមូលនិធិចំពោះគម្រោងស្នើសុំដ៏លេចធ្លោរបស់អ្នកដឹកនាំវ័យក្មេង ក្នុងការអនុវត្តទូទាំងតំបន់អាស៊ាន នាឆ្នាំខាងមុខនេះ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកស្ថានទូតអាមេរិកប្រចាំកម្ពុជា

ads banner