កូរ៉េខាងត្បូង សម្រេចផ្តល់ប្រាក់កម្ចីជាង១៨០០ លានដុល្លារ សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
ភ្នំពេញ៖សាធារណរដ្ឋកូរ៉េបានសម្រេចផ្តល់ប្រាក់កម្ចីដល់កម្ពុជាជាង១ ៨០០លានដុល្លារអាមេរិកសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា ខណៈឥណទានសម្បទាននេះនឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងល្អដែលមានស្រាប់រវាងប្រជាជាតិទាំងពីរ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី៨ ខែធ្នូ បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានឹងអញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីចុះហត្ថលេខារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី ៩ ខែធ្នូនេះនៅវិមានសន្តិភាព។
សេចក្តីប្រកាសបន្តថា ក្នុងពិធីនោះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជាឯកឧត្តម ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ប៉ាក ហឹងឃ្យង (PARK Heung-kyeong) នឹងចុះហត្ថលេខាលើកិច្ចសម្របសម្រួលក្របខណ្ឌ ស្ដីពីការផ្ដល់ឥណទានសម្បទាននៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ចំនួន ១ ៥០០ លានដុល្លារអាមេរិក។
ក្នុងពេលជាមួយគ្នានោះដែរ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និងលោកស្រី Minnie CHEY ប្រធានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃធនាគារនីហ័រណអាហ័រណកូរ៉េប្រចាំកម្ពុជា ក៏នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងចំនួនពីរ ផងដែរ។ គម្រោងទាំងនោះរួមមាន គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្ដាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ ដែលមានទឹកប្រាក់ចំនួន ៧០ ០០០ ០០០ ដុល្លារ និង គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ; ជ្រោយចង្វារ-អរិយក្សត្រ) ដែលមានទឹកប្រាក់ចំនួន ២៤៥ ៩០៩ ០០០ ដុល្លារ។
ក្រសួងការបរទេសកម្ពុជាគូសបញ្ជាក់ថា ៖ « ឥណទានសម្បទានដែលផ្ដល់ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នាពេលនេះ នឹងចូលរួមចំណែកដ៏សំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងល្អដែលមានស្រាប់រវាងប្រជាជាតិទាំងពីរ»។
អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជាលោក យង់ ពៅ មានប្រសាសន៍ថា ការផ្តល់ប្រាក់កម្ចីនេះ គឺជាកិច្ចសហប្រតិបត្តិការដ៏ល្អ មិនត្រឹមតែជាកិច្ចសហប្រតិបត្តិការវិនិយោគ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ព្រមទាំងពង្រឹងនូវភាពជាដៃគូទាំងក្របខណ្ឌទ្វេភាគី និងពហុភាគីផងដែរ។
លោកបន្ថែមថា មួយវិញទៀត ការផ្តល់កម្ចីទឹកប្រាក់ដ៏ធំនេះ បង្ហាញថា សាធារណរដ្ឋកូរ៉េ មានទំនុកចិត្តចំពោះស្ថិរភាពនយោបាយ និងភាពរឹងមាំផ្នែកសេដ្ឋកិច្ចនៅកម្ពុជា។
លោកបានប្រាប់ថា ៖ «ការផ្តល់ប្រាក់កម្ចីដ៏ធំនេះ បានបង្ហាញថា សាធារណរដ្ឋកូរ៉េ ក៏ដូចជាមជ្ឈដ្ឋានផ្សេងទៀត មានទំនុកចិត្តទៅលើរាជរដ្ឋាភិបាលកម្ពុជា ទំនុកចិត្តលើស្ថិរភាពនយោបាយ ភាពរឹងមាំនៃហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច អ៊ីចឹងទាំងអស់នេះហើយដែលធ្វើឱ្យកូរ៉េ ក៏ដូចជាវិនិយោគិនបរទេសមួយចំនួនទៀត ក៏ដូចជាដៃគូផ្សេងទៀតរួមទាំងជប៉ុន ហ៊ានធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា»។
សូមជម្រាបផងដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉ ត្រូវបានចូលជាធរមាន កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២២ ដែលកិច្ចព្រមព្រៀងនេះ នឹងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីដ៏ល្អ និងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរផងដែរ៕
ដោយ៖ឡាយ សាមាន