ប្រធានអង្គការ BROUK ៖ អំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា នៅតែបន្តកើតមាននៅមីយ៉ាន់ម៉ា
មីយ៉ាន់ម៉ា៖ ប្រធានអង្គការអង្គការភូមារ៉ូហ៊ីងយ៉ានៅចក្រភពអង់គ្លេស (BROUK) បានធ្វើការអំពាវនាវជាបន្ទាន់ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទប់ស្កាត់នូវអ្វី ដែលខ្លួនហៅថាជាអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៅមីយ៉ាន់ម៉ា ដែលជាប់គាំងដោយសារតែអំពើហិង្សាក្រោមការកាន់កាប់របស់របបយោធា។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) កាលពីថ្ងៃអង្គារទី ៦ ខែធ្នូ។
លោកប្រធាន Tun Khin បានលើកឡើងប្រាប់ VOA ថា ជនជាតិរ៉ូហ៊ីងយ៉ានៅក្នុងរដ្ឋមីយ៉ាន់ម៉ាភាគខាងលិច រ៉ាឃីន កំពុងបន្តប្រឈមមុខនឹងអំពើប្រល័យពូជសាសន៍ ដែលធ្វើឲ្យការរស់រានមានជីវិតរបស់ពួកគេស្ថិតក្នុងហានិភ័យ។ ការលើកឡើងរបស់លោក Khin យ៉ាងដូច្នេះ ធ្វើឡើងដោយបន្ទរពីលើរបាយការណ៍មួយរបស់ BROUK ដែលមានចំណងជើងថា « Prevent the Unthinkable» និងចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។
របាយការណ៍នេះបានគូសបញ្ជាក់ថា តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅខែមករា ឆ្នាំ ២០២០ បានបញ្ជាឱ្យចាត់វិធានការបណ្តោះអាសន្ន ដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៅមីយ៉ាន់ម៉ា។ នៅក្រោមបញ្ជានេះមីយ៉ាន់ម៉ាតម្រូវឱ្យបញ្ជូនរបាយការណ៍ទៅតុលាការ ICJ រៀងរាល់៦ខែម្តង រហូតដល់ការសម្រេចចុងក្រោយលើសំណុំរឿងនេះត្រូវបញ្ចប់រួចរាល់។ ក្រោមការដឹកនាំរដ្ឋាភិបាលរបស់លោកស្រី អ៊ុងសាន ស៊ូជី មីយ៉ាន់ម៉ាបានបញ្ជូនរបាយការណ៍ចំនួនពីរដង។
ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីក្រុមយោធាធ្វើរដ្ឋប្រហារដណ្ដើមអំណាចនៅដើមខែកុម្ភៈឆ្នាំ ២០២១ យោធាភូមា និងអង្គការផ្សេងទៀត មិនអើពើនឹងវិធានការបណ្តោះអាសន្នរបស់តុលាការ ICJ និងបណ្ដាលឱ្យអំពើប្រល័យពូជសាសន៍កំពុងបន្តកើតមាននាពេលនេះ ហើយវាជាទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. លើការប្រកាន់ខ្ជាប់សេចក្តីសម្រេចរបស់តុលាការ ប៉ុន្តែក្រុមប្រឹក្សានេះបរាជ័យក្នុងការធ្វើដូច្នេះ។ នេះបើតាមការចង្អុលបង្ហាញរបស់របាយការណ៍ Prevent the Unthinkable ដែលមានកម្រាស់ ២៨ ទំព័រដដែល។
លោក Khin បានថ្លែងនៅពេលរបាយការណ៍នេះចេញផ្សាយថា៖ «ស្ថានភាពនៅមីយ៉ាន់ម៉ាអាចនឹងរសាត់បាត់ពីចំណងជើង(ព័ត៌មាន)ជាសកល ប៉ុន្តែការប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ាកំពុងបន្ត»។ លោកបន្តថា៖ «ក្នុងរយៈពេលប្រាំមួយខែកន្លងមក របបនេះ(យោធា)បានសម្លាប់ ធ្វើទារុណកម្ម និងធ្វើឱ្យជីវិតជនជាតិរ៉ូហ៊ីងយ៉ាពិបាកនឹងរស់នៅបាន»។
របាយការណ៍ « Prevent the Unthinkable» បានលើកឡើងថា មានរំលោភបំពានយ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា ដែលបានប្រព្រឹត្តក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ រួមទាំងការសម្លាប់ អំពើហិង្សាផ្លូវភេទ និងការបាញ់ផ្លោងលើផ្ទះ ភូមិ និងវិហារអ៊ិស្លាម ខណៈស្ថានការណ៍ប្រែប្រួលខ្លាំងក្នុងរដ្ឋរ៉ាក់ឃីន ចំពេលជម្លោះប្រដាប់អាវុធកាន់តែតានតឹងរវាងយោធាមីយ៉ាន់ម៉ា និងកងទ័ពអារ៉ាកាន។
គួរគូសបញ្ជាក់ថា ជនជាតិរ៉ូហ៊ីងយ៉ារាប់ម៉ឺននាក់បានភៀសខ្លួននៅចន្លោះខែសីហា និងចុងខែកញ្ញាឆ្នាំនេះ។ ភស្តុតាងបានចង្អុលបង្ហាញថា ការភៀសខ្លួននេះស្ថិតនៅក្នុងលក្ខខណ្ឌដូចគ្នានឹងអ្វីដែលកើតឡើងក្នុងឆ្នាំ ២០១៦-២០១៦ ពោលគឺនៅពេលដែលយោធាមីយ៉ាន់ម៉ាបានប្រព្រឹត្តសង្រ្គាមប្រឆាំងនឹងមនុស្សជាតិ ដូចជាការសម្លាប់រង្គាល ការបំផ្លាញផ្ទះសម្បែង និងភូមិស្រុក និងការរំលោភប្រជាជនជាដើម ដែលធ្វើឱ្យជនជាតិរ៉ូហ៊ីងយ៉ារាប់សែននាក់ភៀសខ្លួនចេញនាពេលនោះ។
កាលពីខែមិថុនា អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានចេញផ្សាយរបាយការណ៍មួយ ដែលក្នុងនោះអង្គការនេះបានលើកឡើងពីការរំលោភបំពានសិទ្ធិមនុស្សរបស់អាជ្ញាធរមីយ៉ាន់ម៉ា ដូចជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ការរើសអើង ការធ្វើទុក្ខបុកម្នេញ និងការចាប់ដាក់គុក ដែលបានដកហូតសេរីភាពជនជាតិរ៉ូហ៊ីងយ៉ា ហើយគំរាមកំហែងដល់អាយុជីវិត និងការរស់នៅរបស់ពួកគេ។ យោងតាមរបាយការណ៍របស់ HRW ជនជាតិរ៉ូហ៊ីងយ៉ា និងកាម៉ាន់ ដែលជាមូស្លីមជាង ១៣៥ ០០០ នាក់ ត្រូវបានចាប់ខ្លួនដោយបំពាននៅក្នុងរដ្ឋរ៉ាឃីនអស់រយៈពេលមួយទសវត្សរ៍មកហើយ។
ជុំវិញរបាយការណ៍របស់ BROUK របបយោធាមីយ៉ានម៉ា មិនបានចេញមុខប្រតិកម្មយ៉ាងណានោះទេ ប៉ុន្តែកន្លងមក របបយោធាដែលដឹកនាំដោយលោកអគ្គមេបញ្ជាការកងទ័ព មីន អ៊ុង ឡាំង តែងបដិសេធរាល់ការចោទប្រកាន់ពីបទប្រល័យពូជសាសន៍លើជនជាតិរ៉ូហ៊ីងយ៉ា។
បន្ថែមពីនេះផងដែរ របាយការណ៍របស់ BROUK បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះជនជាតិរ៉ូហ៊ីងយ៉ាប្រហែល ៦០០ ០០០ នាក់ ដែលបន្តរស់នៅក្នុងរដ្ឋរ៉ាឃីនក្នុងស្ថានភាពគុកឥតជញ្ជាំង ដោយមានការរឹតត្បិតយ៉ាងធ្ងន់ធ្ងរលើសេរីភាពក្នុងការធ្វើចលនា និងការទទួលបានការថែទាំសុខភាព ការអប់រំ និងជីវភាពរស់នៅ។ របាយការណ៍ថា របបយោធាមីយ៉ាន់ម៉ា បានប្រើជម្លោះប្រដាប់អាវុធនៅរដ្ឋរ៉ាឃីន ជាលេសដើម្បីបិទផ្លូវ និងផ្លូវទឹក ខណៈដាក់កម្រិតថ្មីលើភ្នាក់ងារអ.ស.ប. និងភ្នាក់ងារមនុស្សធម៌ ដែលផ្តល់ផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនក្នុងតំបន់ រួមទាំងការខ្វះខាតស្បៀងអាហារ៕
ហេតុដូច្នេះហើយ លោក Khin បានជំរុញឱ្យគ្រប់ភាគី រួមទាំងចក្រភពអង់គ្លេស កោះក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ប្រជុំជាបន្ទាន់ ដើម្បីពិភាក្សាអំពីការបរាជ័យរបស់យោធាមីយ៉ាន់ម៉ា ក្នុងការប្រកាន់ខ្ជាប់នូវសេចក្តីសម្រេចរបស់ ICJ»។ លោកបានប្រាប់ VOA ថា៖ «យើងដឹងថា ដីការបស់តុលាការ ICJ គឺជាកាតព្វកិច្ចផ្លូវច្បាប់យ៉ាងមានប្រសិទ្ធភាពក្នុងការការពារជនជាតិរ៉ូហ៊ីងយ៉ាពីគ្រោះថ្នាក់បន្ថែមទៀត។ ទោះជាយ៉ាងណា យោធាមីយ៉ាន់ម៉ាមិនបានធ្វើអ្វីដើម្បីដោះស្រាយស្ថានការណ៍នោះទេ»៕
ដោយ៖ហួន ឌីណា