ក្រសួងកសិកម្មលើកទឹកចិត្តក្រុមហ៊ុននានាដែលមានបំណងចង់ផលិត ឬនាំចូលជីកសិកម្មប្រកប ដោយគុណភាពដាក់ពាក្យស្នើសុំ
ភ្នំពេញ៖ ដើម្បីបន្តអនុវត្តនិងជំរុញគោលនយោបាយកាត់បន្ថយថ្លៃដើមនៃការផលិតនិងបង្កើនប្រាក់ចំណេញសម្រាប់ប្រជាកសិករ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តស្វាគមន៍ និងលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុននានាដែលមានបំណងចង់ផលិត ឬនាំចូលជីកសិកម្មប្រកបដោយគុណភាពត្រឹមត្រូវតាមស្តង់ដារ និងមានតម្លៃសមរម្យមកចែកចាយក្នុងប្រទេសកម្ពុជា ឱ្យមកដាក់ពាក្យស្នើសុំនៅក្រសួង។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ៧ ខែធ្នូ ឱ្យដឹងថា ក្រសួងនឹងសិក្សាវាយតម្លៃ ស្របតាមនីតិវិធីនៃច្បាប់ស្ដីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម និង ចេញលិខិតអនុញ្ញាតជូនក្នុងរយៈពេលឆាប់បំផុត ក្រោយធានាបានថា ជីកសិកម្មដែលស្នើសុំផលិត ឬនាំចូល មានគុណភាពត្រឹមត្រូវតាមស្ដង់ដារពិតប្រាកដមែន។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្ឃឹមយ៉ាងមុតមាំថា នឹងមានក្រុមហ៊ុនជាច្រើនចូលរួម គាំទ្រអនុវត្តការងារនេះ ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាកសិករ។
លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា លោក ឃើញថា មានក្រុមហ៊ុនធំៗជាច្រើន បានធ្វើការនាំជីចូលមកកម្ពុជា ហើយការបើកឱ្យមានការនាំចូលជីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នេះ នឹងធ្វើឱ្យមានការប្រកួតប្រជែងថ្លៃជីក្នុងការនាំចូល។
លោកបន្តថា មិនត្រឹមតែប៉ុណ្ណោះវាក៏នឹងធ្វើឱ្យជីកាន់តែមានគុណភាព ពីព្រោះកន្លងមកនេះ ក្រុមហ៊ុននាំចូលជីមកកាន់កម្ពុជាគឺមិនមានការប្រកួតប្រកួតប្រជែងនោះទេ ដែលធ្វើឱ្យតម្លៃជីកើនឡើងខ្ពស់។ ដំណោះស្រាយរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅពេលនេះ គឺជាការងារល្អ។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានថ្លែងថា ៖ «ជាងនេះ ខ្ញុំស្នើថា ឱ្យមានការសិក្សាស្រាវជ្រាវ ផលិតជីដោយខ្លួនឯង ឬក៏អនុញ្ញាឱ្យក្រុមហ៊ុនផលិតជីនៅក្នុងប្រទេសកាន់តែច្រើនដើម្បី ឱ្យថ្លៃដើមជីឱ្យបានទាបសម្រាប់ការរួមចំណែកផលិកម្មរបស់កសិករ»។
ជាមួយគ្នានេះ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសមាគមន៍កសិករកម្ពុជា ក៏បានលើកឡើងដែរថា ការអន្តរាគមន៍បន្ទាន់ទៅលើការគ្រប់គ្រង និងការចាត់វិធានការចំពោះការឡើងថ្លៃនូវទំនិញសម្ភារ ជី ថ្នាំកសិកម្មនេះ រដ្ឋាភិបាលអាចដោះស្រាយបានតាមរយៈការបន្ធូរបន្ថយអត្រាពន្ធនៃការនាំចូល។
លោកបានបន្តថា រួមជាមួយនឹងបន្ថែមថវិកាជាតិក្នុងការជួយដល់ប្រជាកសិករ ឬក៏ធ្វើយ៉ាងម៉េចពិនិត្យលើលទ្ធភាពផលិតនូវវត្ថុធាតុដើមដូចជា ជីគីមី និងសម្ភារនៅក្នុងស្រុក ដើម្បីកាត់បន្ថយការចំណាយខ្ពស់ទៅលើអ្វីដែលជាតម្រូវការខ្ពស់របស់កសិករ។
បើតាមឯកឧត្តម វេង សាខុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្លាប់បានថ្លែងថា តម្លៃជីកសិកម្មឡើងថ្លៃខ្ពស់ក្នុងឆ្នាំ២០២២ ដោយតម្លៃជីក្នុងមួយតោនឡើងដល់ចន្លោះពី ៥១០-៧៨៣ដុល្លារ។
លោកបន្តថា មូលហេតុដែលតម្លៃជីកសិកម្មឡើងថ្លៃ ព្រោះតម្លៃដឹកជញ្ជូនផ្គត់ផ្គង់ចែកចាយក្នុងស្រុក(កម្ពុជា)ឆ្នាំ២០២០-២០២២ កើនឡើងតម្លៃ១តោនពី ១០ដុល្លារទៅ១១ដុល្លារ ហើយមូលហេតុចម្បងមួយទៀតគឺមកពីវិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដោយហេតុថារុស្ស៊ីជាប្រទេសដែលផលិតជីកសិកម្មច្រើនជាងគេ៕
ដោយ៖យុទ្ធ វីរ: