រយៈពេលប្រាំថ្ងៃ កម្ពុជាបានបណ្តេញជនបរទេសជាង ២៥០នាក់ ដែលស្នាក់នៅ និងធ្វើការខុសច្បាប់

ភ្នំពេញ៖ កម្ពុជាបានធ្វើការបណ្ដេញជនបរទេសសរុបចំនួន ២៥២ នាក់ មានប្រាំពីរសញ្ជាតិ ដែល​គិតត្រឹមរយៈពេល ប្រាំមួយថ្ងៃគឺចាប់ពីចុងខែវិច្ឆិកា ដល់ដើមខែធ្នូនេះ ។ពួកគេទាំងនោះជាអ្នកដែល​បានស្នាក់នៅ និងធ្វើការងារខុសច្បាប់ ហើយពួកគេក៏​ត្រូវ​ហាម​ចូលកម្ពុជារយៈពេល​បីឆ្នាំផងដែរ។

សេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចុះថ្ងៃទី ៧ ខែធ្នូនេះ បានឱ្យដឹងថា ចាប់ពីថ្ងៃទី ៤ដល់៦ ខែធ្នូ  អគ្គនាយដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសចំនួន១៤៨នាក់ (ស្រី១០នាក់)មានបីសញ្ជាតិ។ ក្នុងនោះជនជាតិចិនចំនួន១៤៥ នាក់ ជនជាតិកូរ៉េចំនួនពីរនាក់ និងជនជាតិអេស្ដូនីចំនួនមួយនាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ស្ដីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបានច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ដោយឡែកកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូកន្លងទៅអគ្គនាយកដ្ឋានអន្តប្រវេសន៍ បានធ្វើការបណ្ដេញ​ជនបរទេសចំនួន១០៤នាក់ (ស្រី២៤នាក់) មានប្រាំសញ្ជាតិ។ ក្នុងនោះជនជាតិ ឥណ្ឌាចំនួនពីរនាក់ អាមេរិកចំនួន មួយនាក់ ឡាវចំនួនពីរនាក់ ចិនចំនួនបួននាក់ និងជនជាតិវៀតណាម ចំនួន ៩៥ នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ស្ដីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបាល ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក។​

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គូសបញ្ជាក់ថា ៖ «ជនបរទេសចំនួន១៤៨នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់ គ្មានលិខិតឆ្លងដែន លួចស្នាក់នៅខុសច្បាប់លើសទិដ្ឋាការកំណត់ និងធ្វើការងារខុសច្បាប់ដែលល្មើស និងច្បាប់ស្ដីពីអន្តោប្រវេសន៍ ដោយត្រូវធ្វើការបណ្ដេញចេញតាមប្រកាសក្រសួងមហាផ្ទៃ និងហាមឃាត់ការចូលប្រទេសកម្ពុជារយៈពេល៣ឆ្នាំ»។

​នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ហៅការ​បណ្តេញចេញ​ជនអន្តោប្រវេសន៍​ដែល​ចូល​កម្ពុជា​ដោយ​ខុសច្បាប់​ជាច្រើន​គឺជា​រឿង​ល្អ ប៉ុន្តែ​វា​ក៏​បង្ហាញ​ពី​ភាព​ចន្លោះប្រហោង​ក្នុង​ការអនុវត្ត​ច្បាប់​ផង​ដែរ​។

លោក​ថា ការហូរចូល​ជនបរទេស​ដោយ​ខុសច្បាប់​នេះ​ នឹងបង្ក​ផល​លំបាក​ជាច្រើន​ដល់​កម្ពុជា​ ដែល​អាច​បង្កឱ្យ​មាន​ការជួញដូរ​មនុស្ស​ទៅតាម​ទម្រង់​រូបភាព​ផ្សេងៗ​ដូចជា​ការជួញដូរ​កម្លាំង​ពលកម្ម ដែល​កន្លងមក​រាជរដ្ឋាភិបាល​បាន​បើក​យុទ្ធនាការ​បង្ក្រាប​ និង​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​គ្រប់​ទម្រង់​។

លោក អំ សំអាត បានប្រាប់​ថា ​៖ «​លំហូរ​ជនបរទេស​ដោយ​ខុសច្បាប់​មាន​កត្តា​ច្រើន ដូចជា​ការអនុវត្ត​ច្បាប់​មាន​ភាពធូររលុង​ និង​មាន​លក្ខណៈ​ប្រចាំ​គ្នា បាន​ន័យ​ថា កិច្ចសហប្រតិបត្តិការ​រវាង​ស្ថាប័ន​ពាក់ព័ន្ធ​អត់​ទាន់​បាន​ល្អ​ប្រសើរនៅឡើយ»។

ដោយឡែក ​ក្នុង​ជំនួបជាមួយនឹង ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពី​ថ្ងៃ​ទី៨ ខែធ្នូ,​ ប្រធានស្ថានតំ​ណាងក្រសួងនគរបាល អមស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ​​លោក LE VAN PHUONG បានស្នើសុំអនុសាសន៍ចង្អុលដឹកនាំបំពេញបន្ថែមពី​នគរបាលជាតិកម្ពុជា​ លើកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ពិសេសបង្កើនការធានាសន្តិសុខ និងសណ្តាប់ធ្នាប់ជារួមនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។​

ជាអនុសាសន៍ដឹកនាំបន្ថែមលើលទ្ធផលដ៏ល្អដែលមានស្រាប់ ឯកឧត្តម នេត សាវឿន ក៏បានចង្អុលដឹកនាំឱ្យនាយកដ្ឋាន-អង្គភាពជំនាញ នៃភាគីទាំងពីរបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិក្នុងការផ្លាស់ប្តូរព័ត៌មានទាន់ហេតុការណ៍ និងបទពិសោធន៍ ព្រ​ម​ទាំ​ងពង្រឹងការសម្របសម្រួលរួមសហការដោះស្រាយប្រយុទ្ធប្រឆាំងបទល្មើសឱ្យបានទាន់ពេលវេលា ចំគោលដៅ ​និងមានប្រសិទ្ធភាព និយាយ​ជារួមសហការដោះស្រាយកុំឲ្យបទល្មើសមានការរីករាលដាល។​

ក្នុងជំនួបនេះដែរ ភាគីទាំងពីរកម្ពុជា-វៀតណាម ក៏បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរបន្ថែមទៀតរវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរ ក្នុងការបង្ការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ៕

ដោយ៖ ឡាយ សាមាន 

ads banner