ប៉ូលិសអាល្លឺម៉ង់បន្តស្វែងរកចាប់ខ្លួនក្រុមស្ដាំជ្រុលនិយមដែលប៉ុនប៉ងធ្វើរដ្ឋប្រហារ

អាល្លឺម៉ង់៖ អាជ្ញាធរអាល្លឺម៉ង់ រំពឹងថានឹងអាចធ្វើការចាប់ខ្លួនក្រុម ស្ដាំនិយមជ្រុលបន្ថែមទៀតនៅប៉ុន្មានថ្ងៃខាងមុខ ខណៈដែល ការស៊ើបអង្កេតស្វែងរកអ្នកដែលជាប់ពាក់ព័ន្ធកំពុងបន្ត។ រដ្ឋអាជ្ញាអាល្លឺម៉ង់បានលើកឡើងថា ក្រុមស្ដាំជ្រុលនិយមនេះ កំពុងរៀប ចំផែនការផ្តួលរំលំរដ្ឋាភិបាល និងតែងតាំងអតីត សមាជិកនៃគ្រួសាររាជវង្សអាល្លឺម៉ង់ម្នាក់ធ្វើជាមេដឹកនាំ។ មិនត្រឹមតែប៉ុណ្ណោះ អតីតសមាជិកសភាមកពីគណបក្សស្តាំនិយម ឬហៅថាគណបក្ស Alternative For Germany (AfD) ក៏ស្ថិត ក្នុងចំណោមអ្នកដែលត្រូវបានឃុំខ្លួនផងដែរ។ នេះបើយោងតាម ក្រុមរដ្ឋ អាជ្ញាអាល្លឺម៉ង់។

លោក Georg Maier រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃរដ្ឋ Thuringia ភាគខាងកើតប្រទេសអាល្លឺម៉ង់ បានមានប្រសាសន៍កាល ពីថ្ងៃ ព្រហស្បតិ៍ ថា៖ «ដោយផ្អែកលើបទពិសោធរបស់ខ្ញុំ ជាធម្មតា នឹងមានរលកនៃការចាប់ខ្លួនជាលើកទីពីរ»។

គួរដឹងដែរថា មេដឹកនាំផែនការដែលត្រូវបានចោទប្រកាន់ ខាង លើនេះគឺជាខ្សែរាជវង្សមួយរូបដែលមានព្រះនាមថា Prince Heinrich XIII ស្ថិតនៅក្នុងរាជវង្ស Reuss នៅរដ្ឋ Thuringia នៃប្រទេសអាល្លឺម៉ង់។ ទ្រង់មានព្រះជន្មាយុ ៧១ ឆ្នាំ ហើយទ្រង់ មានប្រវត្តិធ្វើការជាអ្នកអភិវឌ្ឍអចលនទ្រព្យ។ យ៉ាងណាក៏ដោយ ការិយាល័យព្រះអង្គមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយនោះទេ។

គួររម្លឹកថាកាលពីថ្ងៃពុធ ជនសង្ស័យចំនួន ២៥ នាក់ ដែលត្រូវជា សមាជិកនិងអ្នកគាំទ្រក្រុមខុសច្បាប់មួយនេះ ត្រូវបានចាប់ឃុំ ខ្លួនបន្ទាប់ពីក្រុមប៉ូលិសអាល្លឺម៉ង់បានធ្វើការវាយឆ្មក់ដោយប្រើកងកម្លាំងសន្តិសុខប្រមាណជា ៣ ០០០ នាក់។ ព្រឹត្តិការណ៍នេះ បានធ្វើឱ្យលោក Maier ពិពណ៌នាថាវាជាព្រឹត្តិការណ៍មិនធ្លាប់មាន ពីមុនមកក្នុងប្រវត្តិសាស្ត្រអាល្លឺម៉ង់សម័យទំនើប។

ការរកឃើញក្រុមប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលជារឿងដ៏ភ្ញាក់ផ្អើលមួយ ដែលកើតមានឡើងនៅក្នុងប្រទេសដែលប្រកាន់លទ្ធិ ប្រជាធិបតេយ្យ និងដែលមានស្ថិរភាពបំផុត ជាពិសេសជាប្រទេស ដែល មានសេដ្ឋកិច្ចដ៏ធំបំផុតរបស់អឺរ៉ុប។

អ្នកស្រី Melanie Merle រស់នៅជិតផ្ទះល្វែងក្នុងរដ្ឋធានី Frankfurt ដែលជាកន្លែងដែលព្រះអង្គម្ចាស់ Reuss ត្រូវបាន ចាប់ខ្លួនបាននិយាយថា៖ «វាពិតជារឿងដែលពិបាកយល់។ យើងតែងតែឮអំពីផែនការបែបនេះកើតមាននៅប្រទេសផ្សេង ប៉ុន្តែសម្រាប់ករណីនេះ គឺកើតឡើងនៅខាងមុខផ្ទះរបស់ខ្ញុំ»។ អ្នកស្រីបានសើចបណ្ដើរ ហើយនិយាយបណ្ដើរថា៖ «រដ្ឋា ភិបាលដែលយើងមានសព្វថ្ងៃគឺមិនល្អនោះទេ ប៉ុន្តែប្រហែល ជាល្អជាងអ្វីដែលពួកក្រុមគ្រោងផ្ដួលរំលំរដ្ឋាភិបាលទាំងនោះ»។

រដ្ឋអាជ្ញាអាល្លឺម៉ង់បានឱ្យដឹងថា ក្រុមចលនាប្រឆាំងនេះត្រូវបាន បំផុសគំនិតដោយទ្រឹស្តីអាល្លឺម៉ង់ដែលគេហៅថា Reichsbuerger និងទ្រឹស្ដី QAnon របស់អាមេរិក។ សមាជិក ក្រុមពួកគេខ្លះគឺស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនបន្ទាប់ពីការវាយលុកឈ្លានពានសេតវិមាន (Capitol Riots) របស់ សហរដ្ឋអាមេរិកកាលពីខែមករា ឆ្នាំ ២០២១។

សមាជិកនៃក្រុមចលនា Reichsbuerger ដែលស្ថិតនៅក្នុងរដ្ឋ Thuringia មិនទទួលស្គាល់ប្រទេសអាល្លឺម៉ង់បច្ចុប្បន្ន និងព្រំដែន របស់ខ្លួនថាជារដ្ឋស្របច្បាប់នោះទេ។ អ្នកខ្លះនៅតែប្រកាន់ជំនឿ ស្មោះស្ម័គ្រជាមួយចក្រភពពីបុរាណរបស់អាល្លឺម៉ង់ដែលគេស្គាល់ថាជាចក្រភព Reich ដែលជាសម័យស្ថិតក្រោមរបបរាជានិយម។ ហើយអ្នកខ្លះក៏បានធ្វើការផ្សព្វផ្សាយផ្នត់គំនិតរបស់ណាស៊ីនិយម និងជឿថាអាល្លឺម៉ង់បច្ចុប្បន្នកំពុងស្ថិតនៅក្រោមការកាន់កាប់ដោយពួកយោធា។

រដ្ឋអាជ្ញាបានលើកឡើងថា ជនជាប់ចោទចំនួន ១៩ នាក់ក្នុង ចំណោម អ្នករៀបចំផែនការក្បត់ ត្រូវបានឃុំខ្លួននៅក្នុងមន្ទីរ ឃុំឃាំងកាលពីថ្ងៃពុធ ខណៈដែល ៦ នាក់ផ្សេងទៀតត្រូវ បានគេរំពឹងថាបានឡើងបំភ្លឺនៅមុខចៅក្រមកាលពីថ្ងៃព្រហស្បតិ៍។ លោក Holger Muench ប្រធានការិយាល័យប៉ូលិស សហព័ន្ធ បានប្រាប់ទូរទស្សន៍ ARD កាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនជន សង្ស័យនៅក្នុងករណីនេះគឺមានចំនួន ៥៤ នាក់ ប៉ុន្តែតួលេខនេះ អាចកើនឡើងបន្ថែមទៀត។

លោក Muench បានឱ្យដឹងថា ក្នុងការវាយឆ្មក់ចាប់ក្រុមស្ដាំ និយមជ្រុលកាលពីថ្ងៃពុធ ប៉ូលិសបានរកឃើញឧបករណ៍ជាច្រើន រាប់ចាប់តាំងពីអាវពាក់ការពារ ធ្នូបាញ់ កាំភ្លើង និងគ្រាប់រំសេវ ព្រមទាំងផែនការបង្កើតបញ្ជាការដ្ឋានការពារមាតុភូមិ និងភស្តុតាង នៃការជ្រើសរើសសមាជិកថ្មីឱ្យចូលរួមបន្ថែមទៀត។ លោក Muench បានបញ្ជាក់បន្ថែមថា៖ «យើងចាប់បានជនល្មើស ដែលជាមនុស្សគ្រោះថ្នាក់ជាច្រើន និងដែលកំពុងធ្វើការផ្តន្ទាទោស ដោយអ្នកខ្លះពាក់ព័ន្ធនឹងការមានលុយច្រើន ខ្លះទៀតមានអាវុធ ផែនការវាយប្រហារ និងខ្លះទៀតចង់ពង្រីករចនាសម្ព័ន្ធរបស់ខ្លួន»។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃរដ្ឋ Thuringia លោក Maier បានចង្អុល បង្ហាញថាគណបក្ស Alternative for Germany (AfD) ជាបក្សស្ដាំនិយមជ្រុល និងតែងតែផ្សព្វផ្សាយនូវអ្វីដែល លោកហៅថា ការស្រមើស្រមៃអំពីការផ្តួលរំលំរដ្ឋាភិបាល អាល្លឺម៉ង់។ រដ្ឋមន្ត្រីដែលមកពីគណបក្សសង្គមប្រជាធិបតេយ្យរបស់អធិការបតី Olaf Scholz រូបនេះបានបន្ថែមថា៖ «ប្រជាជនមានការភ័យខ្លាច ហើយគណបក្ស AfD បានទាញយកអត្ថប្រយោជន៍ពីវាតាម រយៈការផ្តល់នូវដំណោះស្រាយដ៏សាមញ្ញ»។

គួររម្លឹកថា គណបក្ស AfD បានចេញសេចក្តីថ្លែងការណ៍ មួយ កាលពីថ្ងៃពុធ ដោយបានថ្កោលទោសក្រុមស្តាំនិយមជ្រុល និងបានបង្ហាញពីទំនុកចិត្តលើសមត្ថភាពខ្លួនក្នុងការនាំមកនូវដំណោះស្រាយច្បាស់លាស់យ៉ាងឆាប់រហ័ស និងពេញលេញដើម្បី ដោះស្រាយបញ្ហានេះ៕ ដោយ៖ ធា សុខណា

ads banner