អាមេរិកបញ្ចូលឈ្មោះពាណិជ្ជករតួកគីល្បីឈ្មោះទៅក្នុងបញ្ជីខ្មៅ ពីបទរំលោភទណ្ឌកម្មដាក់លើអ៊ីរ៉ង់ និងក្រុមហេសប៊ូលឡា

អាមេរិក៖ សហរដ្ឋអាមេរិកបានដាក់ដាក់បញ្ចូលពាណិជ្ជករតួកគី ដ៏លេចធ្លោម្នាក់ ដែលគេដឹងថាជាបុគ្គលជិតស្និទ្ធនឹងលោក ប្រធានាធិបតី តួកគី រេសេប អ៊ែរដូហ្កាន ទៅក្នុងបញ្ជីខ្មៅ ចំពោះ ការរំលោភលើទណ្ឌកម្មដែលក្រុងវ៉ាស៊ីនតោន បានដាក់លើអ៊ីរ៉ង់ និងក្រុមសកម្មប្រយុទ្ធលីបង់ហេសប៊ូលឡា។

ក្រសួងរតនាគារសហរដ្ឋអាមេរិកបានប្រកាសឡើងនៅថ្ងៃព្រហស្បតិ៍ទី៨ខែធ្នូ ថា ខ្លួនបានដាក់ទណ្ឌកម្មលើ លោក Sitki Ayan និង ក្រុមហ៊ុនមួយចំនួន ដែលលោក និងក្រុមគ្រួសារ រួមទាំងអ្នក ពាក់ព័ន្ធ ផ្សេងទៀតគ្រប់គ្រង ចំពោះការសម្របសម្រួលការ លក់ ប្រេងអ៊ីរ៉ង់រាប់រយលានដុល្លារឱ្យអង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) និងកងកម្លាំងអ៊ីរ៉ង់ Quds ដែលទទួលបន្ទុកលើ ប្រតិបត្តិការ យោធាក្រៅប្រទេស។

ក្រសួងថា លោក Ayan និងក្រុមហ៊ុនរបស់លោកបានជួយលាង លុយកខ្វក់ឱ្យ IRGC និងក្រុមសកម្មប្រយុទ្ធលីបង់ហេសប៊ូលឡា ដែលសុទ្ធសឹងតែជាក្រុមដែលស្ថិតក្នុងបញ្ជីអង្គការភេរវកម្មរបស់អាមេរិកផងដែរ។

ការដាក់ទណ្ឌកម្មនាពេលនេះ រួមមានទាំងការបង្កកលើទ្រព្យសកម្ម លោក Ayan ឬក្រុមហ៊ុនគោលដៅ ដែលអាចមាននៅក្នុង យុត្តាធិការ របស់សហរដ្ឋអាមេរិក ហើយរារាំងជនជាតិអាមេរិក មិនឱ្យរកស៊ីជាមួយ។ ជុំវិញទណ្ឌកម្ម ក្រសួងរតនាគារបានគូស បញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍យ៉ាងដូច្នេះថា៖ «ក្រុមហ៊ុនរបស់ លោក Ayan បានបង្កើតកិច្ចសន្យាលក់ប្រេងអ៊ីរ៉ង់ជា លក្ខណៈ អន្តរជាតិជាមួយអ្នកទិញបរទេស រៀបចំការដឹកជញ្ជូនប្រេង និងបានជួយលាងលុយកខ្វក់ដែលរកបានពីប្រតិបត្តិការនេះ បន្លំប្រភពដើមប្រេងរបស់អ៊ីរ៉ង់ និងផលប្រយោជន៍របស់ IRGC ក្នុងការលក់»។

ក្រសួងរតនាគារបន្តថា លោក Ayan និងកូនប្រុសឈ្មោះ Bahaddin និងបុគ្គលពាក់ព័ន្ធបីនាក់ទៀត បានរៀបចំការលក់ ប្រេងអ៊ីរ៉ង់ដោយរំលោភលើទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ទៅឱ្យបណ្ដាប្រទេសអាស៊ីខាងកើតរួមមានទាំងចិន អារ៉ាប់រួម និងអតិថិជនមួយចំនួននៅអឺរ៉ុប តាមរយៈក្រុមហ៊ុន ASB Group of Companies Limited របស់លោក Ayan ។

មិនត្រឹមតែប៉ុណ្ណេះ ក្រសួងរតនាគារបានបន្តថា លោក Ayan ក៏មានការគាំទ្រពីបុគ្គលជាន់ខ្ពស់នៃរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី និងអង្គភាពគ្រប់គ្រងដោយរដ្ឋជាច្រើនផងដែរ ។

គួររំឭកថា ក្រុមហ៊ុន ASB Group មានកម្មសិទ្ធិលើ ឬគ្រប់គ្រង ក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសតួកគី ស៊ីប ឥណ្ឌា និង កោះម៉ាហ្សាល។

ក្រសួងរតនាគារលើកឡើងថា ទណ្ឌកម្មលើ លោក Ayan គឺជា ផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបិទខ្ទប់ប្រាក់ចំណូលរបស់ IRGC ដោយសារតែទំនាក់ទំនងភេរវកម្មរបស់ខ្លួន។

គួរកត់សម្គាល់ផងដែរថា សហរដ្ឋអាមេរិកបានបន្តដាក់ទណ្ឌកម្ម លើអ៊ីរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ ខណៈកិច្ច ពិភាក្សាស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ បាន អូសបន្លាយការជាប់គាំងជាច្រើនខែមកហើយ ហើយប៉ុន្មាន ខែចុងក្រោយនេះ អាមេរិកក៏បានបន្ថែមទណ្ឌកម្មលើបុគ្គល និងស្ថាប័នរបស់អ៊ីរ៉ង់មួយចំនួន ដែលជាប់ពាក់ព័ន្ធនឹងការបង្រ្កាប ហិង្សាលើក្រុមបាតុករ ដែលផ្ទុះការតវ៉ាជុំវិញការស្លាប់របស់ជនជាតិ កួដវ័យ ២២ ឆ្នាំ នាង Mahsa Amini ផងដែរ។

អ្វីដែលគួរឱ្យគត់សម្គាល់នោះគឺថា ចំណាត់ការរបស់អាមេរិក លើ ពាណិជ្ជករល្បីឈ្មោះតួកគី ធ្វើឡើងចំពេលដែលទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងតួកគី ដែលជាសម្ព័ន្ធមិត្តណាតូដូចគ្នា មានភាពតានតឹងលើបញ្ហាជាច្រើន រួមទាំងការខ្វែងគំនិតគ្នាលើ គោលនយោបាយស៊ីរី និងការទិញប្រព័ន្ធការពារដែនអាកាស ពីរុស្ស៊ី របស់តួកគី។

ថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោនបានព្រមាន ឱ្យតួកគីបន្ធូបន្ថយភាពតាន តឹងជុំវិញការវាយប្រហារផ្នែកយោធានៅភាគខាងជើងនៃប្រទេសស៊ីរីលើកងកម្លាំងកួដ SDF ដែលជាសម្ព័ន្ធមិត្តក្នុងការប្រយុ ទ្ធប្រឆាំង នឹងពួកភេរវកររបស់សហរដ្ឋអាមេរិក៕
ដោយ៖ ហួន ឌីណា

ads banner