មាតាបិតា និងសិស្សានុសិស្សជាង ១,៥០០នាក់ចូលរួម «ទិវាគ្រួសារប្រចាំឆ្នាំ២០២២» ដែលរៀបចំដោយសាលាអន្តរជាតិ CIA FIRST សាខាច្បារអំពៅ

ភ្នំពេញ៖ សាលាអន្តរជាតិ CIA FIRST សាខាច្បារអំពៅ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ បានរៀបចំ «ទិវាគ្រួសារប្រចាំឆ្នាំ២០២២» នៅបរិវេណសាលាផ្ទាល់ ដែលមានទីតាំងស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយទទួលបានកិច្ចសហការ និងការចូលរួមពីសិស្សានុសិស្ស មាតាបិតា លោកគូ អ្នកគូ និងដៃគូសហការយ៉ាងច្រើនកុះករ ។

ថ្លែងក្នុងពិធីនេះ លោកស្រី ម៉ែល អគ្គនាយិការសាលាអន្តរជាតិ CIA FIRST សាខាច្បារអំពៅ បានមានប្រសាសន៍ថា កម្មវិធីទិវាគ្រួសារនៅឆ្នាំនេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «អនុវត្តទម្លាប់នៃការគិត៖ ការស្តាប់ដោយព្យាយាមស្វែងយល់ និងបង្ហាញសមានចិត្ត» ក្នុងគោលបំណងផ្ដល់ឱកាសឲ្យប្អូនៗសិស្សានុសិស្ស បានចំណាយពេលវេលាជាមួយសមាជិកគ្រួសារ និងមិត្តភក្តិរបស់ពួកគេ ក្នុងបរិយាកាសសប្បាយរីករាយប្រកបដោយការអប់រំ ។

លោកស្រីបន្តថា នៅក្នុងព្រឹត្តិការណ៍នេះផងដែរ សាលាបានរៀបចំឲ្យមានសកម្មភាពជាច្រើន ដូចជា៖ ការសម្តែងសិល្បៈរបស់សិស្សានុសិស្ស ការដាក់លក់ម្ហូបអាហារ និងភេសជ្ជៈ ពីក្រុមប្រឹក្សាសិស្ស និងសកម្មភាពកម្សាន្តជាច្រើនផ្សេងទៀត។ ថវិកាមួយផ្នែកដែលប្រមូលបានពីការលក់ម្ហូបអាហារ និងភេសជ្ជៈ ក្រុមប្រឹក្សាសិស្សនៃសាលាអន្តរជាតិ CIA FIRST សាខាច្បារអំពៅនឹងផ្តល់ជូនអង្គការ Let Us Create Futures (LUCF) សម្រាប់កិច្ចការមនុស្សធម៌ ។

លោកស្រីអគ្គនាយិការបន្ថែមថា ក្រៅអំពីសកម្មភាពកម្សាន្ដជួបជុំគ្រួសារ និងសកម្មភាពមនុស្សធម៌ សាលាអន្តរជាតិ CIA FIRST ក៏បានទទួលកិច្ចសហការពីដៃគូសហការមួយចំនួនដូចជា Myteb Malaysia, ធនាគារ ហ្វីលីព (Phillip Bank) និងធនាគារ ប្រៃសណីយ៍កម្ពុជា (CP Bank) ផងដែរ ដើម្បីរៀបចំតាំងបង្ហាញសេវាកម្ម និងផលិតផលដែលមាតាបិតា និងអ្នកអាណាព្យាបាលសិស្ស ព្រមទាំងប្អូនៗសិស្សានុសិស្សអាចត្រូវការក្នុងគ្រួសារ ។

ដោយមានការចូលរួមពីសំណាក់មាតាបិតា និងសិស្សានុសិស្សប្រមាណជាង១,៥០០នាក់ កម្មវិធីទិវាគ្រួសារនេះ គឺជាព្រឹត្តិការណ៍ជួបជុំធំបំផុតប្រចាំឆ្នាំក្នុងសហគមន៍សាលាអន្តរជាតិ CIA FIRST សាខាច្បារអំពៅ ហើយសាលាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតា និងសិស្សានុសិស្ស ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងកម្មវិធីនេះ ៕ ដោយ ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner