សម្ដេចតេជោ៖ ឆ្នេរសមុទ្រដ៏ស្អាតរបស់កម្ពុជា គឺបានបំពេញបន្ថែមទៅឱ្យប្រាង្គប្រាសាទរាប់ពាន់ ដែលដូនតា អតីតព្រះមហាក្សត្រយើង បានបន្សល់ទុក
ព្រះសីហនុ៖ ឆ្នេរសមុទ្រដ៏ស្អាតរបស់កម្ពុជា គឺបានបំពេញបន្ថែមទៅឱ្យប្រាង្គប្រាសាទរាប់ពាន់ ដែលដូនតា អតីតព្រះមហាក្សត្រយើង បានបន្សល់ទុក។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះក្នុងពិធីបើកបុណ្យសមុទ្រលើកទី៩ ជុំទី៣ ក្រោមប្រធានបទ៖ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម» នៅខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២២។
សម្ដេចតេជោ មានប្រសាសន៍ថា ការចូលជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ចាប់តាំងពីឆ្នាំ ២០១១ ពិតជាបានស្ដែងឱ្យឃើញពីរបត់ថ្មីនៃការប្រែប្រួលមុខមាត់ជាបន្តបន្ទាប់ របស់តំបន់ឆ្នេរសមុទ្រកម្ពុជា ទាំងលើទិដ្ឋភាពសង្គម, សេដ្ឋកិច្ច, ទេសចរណ៍, នគរូបនីយកម្ម និង បរិស្ថាន ដែលជាកត្តាកំណត់ លើការទទួលស្គាល់ជាអន្តរជាតិនៃឆ្នេរសមុទ្រកម្ពុជា គ្រប់ដណ្តប់លើ ខេត្តទាំង ៤ រួមមាន ខេត្ត ព្រះសីហនុ, ខេត្តកោះកុង, ខេត្តកំពត និង ខេត្តកែប ក្រោមឈ្មោះរួមមួយថា «ឆ្នេរសមុទ្រកម្ពុជា» និង ត្រូវបានប្រសិទ្ធនាមថា «តារារះនាទិសនិរតី» ។
ជាមួយនេះ សម្ដេចបញ្ជាក់ថា ឆ្នេរសមុទ្រដ៏ស្អាតនេះ គឺបានបំពេញបន្ថែមទៅឱ្យប្រាង្គប្រាសាទរាប់ពាន់របស់យើង ដែល ដូនតាយើង អតីតព្រះមហាក្សត្របានបន្សល់ទុក ។ បន្ថែមពីលើឆ្នេរសមុទ្រនេះ, តំបន់ទេសចរណ៍ ជាច្រើន ដូចជានៅភូមិភាគឦសាន្ត និង នៅផ្នែកដទៃទៀត ក៏បាននិងកំពុងកើតឡើងយ៉ាងច្រើន ។ ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំសូមសម្តែងនូវការអបអរសាទរចំពោះការសម្រេចបញ្ចូល ក្បាច់កុនល្បុក្កតោ ទៅក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅប្រទេសម៉ារុក ថ្មីៗកន្លងទៅ ។
សម្ដេចថា ក្នុងបរិបទនេះ, រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ប្រារព្ធពិធីបុណ្យសមុទ្រ ដែលមិនត្រឹមតែ រួមចំណែក ក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃខេត្តតំបន់ឆ្នេរសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍ ទេសចរណ៍ប្រកបដោយនិរន្តរភាព និង ការទទួលខុសត្រូវ ។ ជាការពិតសក្តានុពលធនធានធម្មជាតិនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលត្រូវបានប្រសិទ្ធនាមជា «តារារះនាទិសនិរតី» (The Rising Star of the Southwest) គឺមានលក្ខណៈលេចធ្លោមានភាពសម្បូរបែប ដែលអំណោយផលដល់ ការអភិវឌ្ឍទេសចរណ៍នៅក្នុងតំបន់នេះ ។ ការរីកចម្រើនទាំងនេះ មិនអាចកាត់ផ្តាច់ចេញពីកត្តា សន្តិសុខ ពោលគឺបានសបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ថែមទៀតថា កម្ពុជាមានសុខសន្តិភាព, ស្ថិរភាពនយោបាយ និង សុខសុវត្ថិភាពពេញលេញ ៕ ដោយ វណ្ណលុក



