សម្ដេចតេជោ ហ៊ុន សែន នឹងទៅនិយាយពីបញ្ហា សន្ដិភាពក្នុងដំណើរទស្សនកិច្ចនាសប្ដាហ៍ក្រោយ ដោយមិននាំប្រេងពីអាស៊ី ទៅចាក់លើភ្លើងក្នុងទ្វីបអឺរ៉ុបនោះទេ
ព្រះសីហនុ៖ ថ្លែងក្នុងពិធីបើកបុណ្យសមុទ្រលើកទី៩ ជុំទី៣ ក្រោមប្រធានបទ៖ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម» នៅខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហើបអំពីគម្រោងទៅកាន់អឺរ៉ុប នៅសប្តាហ៍ក្រោយនេះ ជាមួយនឹងការប្រកាសថា សម្តេចនឹងមិនយកប្រេងពីអាស៊ី ទៅចាក់លើភ្លើង ដែលកំពុងឆេះនៅអឺរ៉ុបនោះទេ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្ដេច នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅ ចូលរួម និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទំនាក់ទំនង ដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ជាមួយលោក ឆាល មីសែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក។
អំឡុងពេលនៃ កិច្ចប្រជុំកំពូលរំលឹកខួបនេះ ព្រឹត្តិការណ៍អមជាច្រើន នឹងត្រូវបានរៀបចំ ឡើង រួមមាន អាហារថ្ងៃត្រង់តុមូល កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុបលើកទី១០ កិច្ចប្រជុំកំពូលយុវជន អាស៊ាន-សហភាពអឺរ៉ុប និងការអបអរសាទរកិច្ចសហប្រតិបត្តិការប្រជាជនអាស៊ាន-សហភាពអឺរ៉ុប ស្តីពីឧត្តមសិក្សា។ នៅមុនពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង។ លោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នឹងទទួលស្វាគមន៍សម្តេចតេជោនាយករដ្ឋមន្រ្តី នៅវិមានអេលីហ្សេ (Élysée Palace) ហើយនឹងរៀបចំអាហារការងារពេលល្ងាចជាកិត្តិយសជូន សម្តេចតេជោ។ សម្តេចតេជោ ក៏នឹងអញ្ជើញ ចូលរួមក្នុងសន្និសីទស្តីពីការគាំទ្រភាពធន់នៃប្រជាជនអ៊ុយក្រែន ជួបប្រជុំជាមួយក្រុមប្រឹក្សាសហគ្រាសកម្ពុជា-បារាំង និងជំនួបជាមួយតំណាង ក្រុមហ៊ុន Vinci Airport ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នៅតែសង្កត់ធ្ងន់លើបញ្ហាសន្តិភាព ដែលបញ្ហានេះ មិនមែនមានតែកម្ពុជាដាច់ដោយឡែកនោះទេ បច្ចុប្បន្នប្រធានបទដ៏ក្តៅគគុកនៅលើពិភពលោក គឺរវាងសន្តិភាព និងសង្គ្រាមនេះឯង។
បន្ទាប់ពីលើកឡើងចំពោះប្រធានបទនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហើបអំពីបេសកកម្មរបស់សម្តេចទៅកាន់ទ្វីបអឺរ៉ុប ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដោយចាកចេញពីកម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។
សម្តេចបញ្ជាក់ថា៖ «ខ្ញុំអាចបញ្ជាក់នៅទីនេះថា ខ្ញុំមិននាំប្រេងពីអាស៊ី ទៅចាក់លើភ្លើងក្នុងទ្វីបអឺរ៉ុបនោះទេ សង្គ្រាមកំពុងតែកើតនៅក្នុងតំបន់អឺរ៉ុប ដែលនៅទីនោះ ធ្លាប់តែមានសន្តិភាព ក៏ប៉ុន្តែឥឡូវនេះតាមរយៈបញ្ហាដែលបាន និងកំពុងកើតនៅអឺរ៉ុប បានក្លាយទៅជាប្រធានបទដ៏ធំ»។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីប្រទេសធ្លាប់មានសង្គ្រាម កន្លងទៅនៅមជ្ឈឹមបូព៌ា ដែលក្នុងនោះមានកងទ័ពមួកខៀវកម្ពុជា កំពុងចូលរួមជួយតាមរយៈអង្គការសហប្រជាជាតិ ដែលពេលនេះមិនមានភ្ញៀវទេសចរនោះឡើយ។
អំឡុងពេលស្នាក់នៅទីក្រុងព្រុចសែល សម្តេចតេជោនាយករដ្ឋមន្ត្រី រំពឹងថា នឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំអឺរ៉ុបមួយចំនួន។ សម្តេចតេជោ ក៏នឹងមានកម្មវិធីពិសា អាហារការងាពេលព្រឹក ជាមួយ លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង លោក ផនខាំ វិ ផាវ៉ាន់ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏នឹងជួបសំណេះសំណាលជាមួយបងប្អូនជនរួមជាតិខ្មែរដែលកំពុងរស់នៅអឺរ៉ុបផងដែរ៕ ដោយ វណ្ណលុក



