លោក ពៅ មករា នៅតែបន្តដណ្ដើមពានរង្វាន់ អក្សរសិល្ប៍ នានា ដើម្បីសម្រេចបំណង

អត្ថបទដោយ៖
CPA

ភ្នំពេញ៖លោក ពៅ មករា កើតនៅថ្ងៃទី១៧ ខែមករា ឆ្នាំ ១៩៩៤ ស្រុកកំណើតនៅភូមិកោះខ្យង សង្កាត់អូរជ្រៅ ខណ្ឌព្រៃនប់ ក្រុងព្រះសីហនុ ដែលឪពុកឈ្មោះ ពៅ សុផល និងម្តាយ ញឹម រៀន ប៉ុន្តែពួកគាត់បានស្លាប់អស់ហើយ។ ក្នុង នោះ លោកក៏មានបងប្អូនចំនួនប្រាំនាក់ ហើយលោកជាកូន ទីបួននៃគ្រួសារ។

ក្នុងឆ្នាំ ២០០២ លោកបានចូលរៀននៅបឋមសិក្សាវល្លិ៍សរ ស្រុកសំរោងទង កំពង់ស្ពឺ។ ក្រោយចប់បឋមសិក្សា ក្នុងឆ្នាំ ២០០៧ដល់២០១២ លោកបន្តរៀននៅ អនុវិទ្យាល័យ និងវិទ្យាល័យ ហ៊ុន សែនចំបក់ កំពង់ស្ពឺ។

លោកបានបញ្ចប់បរិញ្ញាបត្រជំនាញគំនូរសារគមនាគមន៍ ក្នុង២០១៧ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
ទាក់ទងនឹងការប្រកួតប្រជែងក្នុងវិស័យអក្សរសិល្ប៍ លោកបានប្រាប់ឱ្យដឹងថា ៖ «ខ្ញុំធ្លាប់ចូលរួមប្រកួតប្រជែង នៅខាងនាយកដ្ឋានសៀវភៅនិងការអានបួនដង ដោយ ទទួលលទ្ធផលធ្លាក់ពីរនិង ជាប់ពីរដង។ ចំពោះ ពុទ្ធសាសនបណ្ឌិត្យ ដាក់ប្រកួតពីរដង ធ្លាក់ម្តងជាប់មួយដង»។

ក្នុងឆ្នាំ២០២២ លោកទទួលបានជយលាភីចំណាត់ថ្នាក់ លេខ២ ប្រលោមលោកខ្នាតខ្លីរឿង «និរតី» ក្នុងកា រ ប្រឡង ស្នាដៃតែងនិពន្ធ ពានរង្វាន់អក្សរសិល្ប៍ ពុទ្ធសាសនបណ្ឌិត្យ លើកទី៥ ប្រធានបទ៖សីលធម៌នៃការរស់នៅ រៀបចំដោយ ក្រសួងធម្មការ និងសាសនា។

ឆ្នាំ២០២២ ដូចគ្នានេះ លោកទទួលបានជយលាភី ចំណាត់ ថ្នាក់លេខ៣ ប្រលោមលោកខ្នាតខ្លីរឿង «ថ្ងៃរះហើយពុក» ក្នុងការប្រឡងស្នាដៃតែងនិពន្ធ ពានរង្វាន់ព្រះនាងឥន្ទ្រទេវី រៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ចំណែកឆ្នាំ២០២១ កន្លងទៅ លោកទទួលបានជយលាភី ចំណាត់ថ្នាក់លេខ៤ ប្រលោមលោកខ្នាតខ្លីរឿង «ជំនោរជីវិត» ក្នុងការប្រឡងស្នាដៃតែងនិពន្ធ ពានរង្វាន់ព្រះនាងឥន្ទ្រទេវី រៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ចំពោះការប្រកួតប្រជែងដណ្ដើមពានរង្វាន់កន្លង លោក ពៅ មករា បានប្រាប់ឱ្យដឹងយ៉ាងនេះថា ៖ «ដើម្បីអាចទទួល បានជ័យលាភីសម្រាប់ខ្ញុំ ដំបូងនិងឥឡូវក៏នៅតែពិបាក ប៉ុន្តែខ្ញុំក៏មានវិធីមួយចំនួនសម្រាប់ខ្លួនឯងខ្លះៗដែរ ដូចជា អានប្រធានបទដែលខាងការរៀបចំប្រកួតប្រជែង កំណត់ ហើយព្យាយាមរករសជាតិស្នាដៃដែលយើងស្រលាញ់ ហើយចង់សរសេរ ចង់បង្ហាញដល់គណៈកម្មការ មិនមែនតម្រូវចិត្តគាត់ តែស្របតាមអ្វីដែលគេចង់បាន»។

លោក ពៅ មករា បានបន្តថា វិធីសាស្រ្តមួយទៀតគឺ ឈ្វេងយល់ ពីអត្ថន័យ អត្ថរូប អត្ថរូបនៃសាច់រឿងដែលយើងបាននិពន្ធ ដើម្បី ចូលរួមប្រកួត ហើយដឹងច្បាស់ថា ខ្លួនត្រូវការអ្វី? មានតម្លៃអប់រំ អ្វីបន្ទាប់ពីគេអានរួច និងខ្លួនឯងបានរៀនសូត្រអ្វីខ្លះពី ស្នាដៃ មួយ នេះ។

ជាមួយគ្នានោះ លោកក៏ត្រូវឈ្វេងយល់ពីស្នាដៃរៀមច្បង លោក គ្រូអ្នកគ្រូដែលធ្លាប់ជាប់ពានរង្វាន់ មានស្នាដៃល្អដែល បាន បោះពុម្ពផ្សាយជាមូលដ្ឋានដើម្បីរៀនសូត្រពីចំណុចដែលមានការខ្វះខាត និងវិធីសាស្រ្តចុងក្រោយគឺ ស្នាដៃដែលធ្លាប់ដាក់ ប្រកួត ហើយជាប់ឬធ្លាក់ គឺជាគ្រូដ៏ធំបំផុតសម្រាប់អភិវឌ្ឍ ស្នាដៃ ក្រោយរបស់យុវជនរូបនេះ។

លោក ពៅ មករា ក៏បានបង្ហាញចំណាប់អារម្មណ៍ ក៏ដូចជាផ្ដាំផ្ញើ ទៅកាន់បេក្ខជនដែលមានបំណងចង់ចូលរួមប្រកួតប្រជែងដណ្ដើមពានរង្វាន់ដូច្នេះថា ៖ «សម្រាប់ខ្ញុំបាទដែលធ្លាប់មាន ស្នាដៃជាប់ជ័យលាភី អ្វីដែលខ្ញុំចង់ផ្តាំ ឬលើកទឹកចិត្តដល់ បេក្ខជនដែលចង់ដណ្តើមជ័យលាភី សូមបន្តក្តីស្រមៃ កុំ បោះបង់ កុំអស់សង្ឃឹម ។ខ្ញុំជាប់ ក៏ខ្ញុំធ្លាប់ធ្លាក់ ហើយក៏នឹក ខឹងខ្លួនឯងម្តងជាពីរដងដែលមិនអាចយកជ័យជម្នះបាន ប៉ុន្តែបន្ទាប់ពីគិតឡើងវិញ ហើយវាជាក្តីស្រមៃតាំងពីក្មេង ទើបខ្ញុំសម្រេចចិត្ត ខំប្រឹង ក្រោកឈរ ឈ្វេងយល់ពីការ ប្រកួតប្រជែងពានរង្វាន់នីមួយៗឡើងវិញ»។

លោកបានបន្ថែមថា ស្នាដៃដែលធ្លាក់ ជាគ្រូសម្រាប់ស្នាដៃ បន្តបន្ទាប់ ហើយត្រូវព្យាយាមអានហើយអាន ទៀតពីប្រធាន រឿងរបស់ខ្លួន ដឹងច្បាស់ពីតួអង្គឯក តួរង តួបន្ទាប់បន្សំដែល បង្កើតសុទ្ធតែសំខាន់ និងមានចំនុចពិសេសរបស់ពួកគេ។ មិនប្រាកដថាតួអង្គឯកជាតួអង្គដែលល្អអស្ចារ្យឡើយ។

ចំពោះការប្រឡងប្រជែងស្នាដៃឆ្នាំថ្មីនេះ លោក ពៅ មករា ក៏បានឱ្យដឹងដែរថា ៖ «ខ្ញុំមានគម្រោងចង់ប្រកួតប្រជែងផ្នែក ប្រលោមកំណាព្យវិញម្តង តែក៏មិនទាន់ច្បាស់១០០ភាគរយ នៅឡើយទេ តែនឹងនៅបន្តចូលរួមប្រកួតរហូតសម្រេចចិត្ត បំណងចង់ទទួលបានលេងល្អជាងឆ្នាំនេះ»។

លោក ពៅ មករា មានស្នាដៃដូចជា រឿងភាគទូរទស្សន៍ប៉ុស្តិ៍ ហង្សមាសរួមមាន រឿងបើមេឃគ្មានផ្កាយ, រឿង Dear ម៉ាប់ៗ, រឿង Don’t Kiss Me, និងរឿង ស្នេហ៍ពីរភព ផ្សាយនៅ ប៉ុស្តិ៍បាយ័ន។ រឿងខ្លី ក្រុមហ៊ុន លី ហួរ បង់រំលស់ ៖ ឡានយើង, កំហុស, សំណាងខ្ញុំនៅឯណា?។ រឿង សង្សារបង់រំលស់, រឿង ចុងឆ្នាំ, រឿងស្នេហ៍ចុងក្រោយ ដែលផ្សាយនៅស្ថានីយទូរទស្សន៍ហង្សមាស។ រឿង Just Friend The Series (Peypeydy Team)។

ក្រៅពីនិពន្ធ លោក ពៅ មករា ក៏ជាផលិតករ ផលិតភាពយន្តផងដែរ ហើយដែលោកបានដឹកនាំមាន៖ រឿងសង្សារបង់រំលស់, រឿង Just Friend The Series (Co-Director)។ លោកធ្លាប់ជាជំនួយការដឹកនាំរឿង៖ រឿង ខោល ,រឿង ទេពមច្ឆា , រឿង Don’t Kiss Me ,រឿង ល្ខោន,រឿង មួយរយដុល្លារ, អ្នកម្តាយ(ចំរៀងភាពយន្ត) រឿងខ្លី ឡានយើង, រឿង សុបិនវេទមន្ត។

លោកបាននិពន្ធទំនុកច្រៀងមួយចំនួនដូចជា សង្សារចាស់- កែវ សុបញ្ញា, ព្រោះអូនមិនមែនគេ- សុខ ស្រីនាង , សុំបែកលេងៗ -កែវ សុបញ្ញា, មួយម៉ាត់-សេម។

ចំណែកផ្នែកប្រលោមលោក រឿងខ្លី និងរឿងកុមារ មាន៖ ប្រលោមលោកបែបអភិនីហារ រឿង«មកតាមសន្យា ភាគ១» ២០២១, ប្រលោមលោកបែបអភិនីហារ រឿង«ម៉ឺនឯក» ២០១៩, រឿង ហៃអើ និងរឿងខ្លីដទៃទៀត បោះពុម្ពឆ្នាំ ២០១៨។

សូមរម្លឹកថា លោកធ្លាប់រៀនវគ្គបណ្តុះបណ្តាលរឿងកុមារ និងរចនារូបគំនូរកុមារ ពីអង្គការរ៉ូមធូរីតកម្ពុជា។ រឿងកុមារ សម្រាប់អង្គការរ៉ូមធូរីត និង តោះអាន Let’s Read គម្រោង របស់អង្គការមូលនិធីអាស៊ី៕ ដោយ៖ ហួន ស៊ីឡូន

ads banner