សម្ដេចតេជោ ហ៊ុន សែន៖សន្តិភាពជាគោលដៅធំក្នុង ដំណើរ ការងាររបស់លោកនៅទ្វីបអឺរ៉ុបនាពាក់កណ្តាលខែធ្នូនេះ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ពី ក្តីរំពឹងរបស់សម្ដេចថា បញ្ហាសន្តិភាពជាប្រធានបទធំ សម្រាប់ ដំណើរការងាររបស់លោកក្នុងទ្វីបអឺរ៉ុបនាពាក់កណ្តាលខែធ្នូ ឆ្នាំ២០២២ នេះ ដែលសម្ដេចនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ កម្ពុជាក្នុងនាមសហប្រធានកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុបនៅទីក្រុងព្រុចសែល ជំនួបទ្វេភាគី ជាមួយប្រធានាធិបតីបារាំងម៉ាក្រុងនៅក្រុងប៉ារីស និងចូលរួម សន្និសីទអន្តរជាតិស្តីពីសាមគ្គីភាពជាមួយប្រជាជនអ៊ុយក្រែន។

នៅល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ថ្លែងក្នុងពិធីបុណ្យសមុទ្រ លើកទី៩ ជុំទី៣នាក្រុងព្រះសីហនុ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឆ្លៀតឱកាសបង្ហើបពីក្តីរំពឹងរបស់សម្ដេច នាដំណើរទស្សនកិច្ចការងារនាពាក់កណ្តាលខែធ្នូនេះដែលសម្ដេចបានគូសបញ្ជាក់ថា បញ្ហាសន្តិភាពនឹងជាប្រធានបទដ៏ធំ សម្រាប់ដំណើរទស្សនកិច្ចការងាររបស់សម្ដេចលើកនេះ ខណៈ ទ្វីបអឺរ៉ុបកំពុងញ៉ាំញីដោយវិបត្តិសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនដែលកំពុងបង្កអសន្តិសុខតំបន់អឺរ៉ុបរយៈពេល ៩ខែមកនេះ ចាប់តាំងពីរុស្ស៊ីបើកការវាយប្រហារលើអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖ «នៅយប់ ស្អែកនេះ (ទី១១) ខ្ញុំនឹងលាបងប្អូន មួយរយៈទៅកាន់ទ្វីបអឺរ៉ុប ដែលនៅទីនោះខ្ញុំប្រមើ មើលឃើញថា ប្រធានបទពិភាក្សា ទាក់ទងនឹងបញ្ហាសន្តិភាព វាជាប្រធានបទដ៏ធំ ហើយខ្ញុំក៏មាន ទស្សនកិច្ចការងារ នៅថ្ងៃទី១៣ ខែធ្នូនេះ ទៅប្រទេសបារាំង ហើយនៅទីនោះក្រៅពីជំនួបពិភាក្សា និងបាយការងារជាមួយ ប្រធានាធិបតីបារាំង ម៉ាក្រុង ខ្ញុំក៏នឹងចូលរួមសន្និសីទអន្តរជាតិ មួយស្តីអំពី សាមគ្គីភាពជាមួយប្រជាជនអ៊ុយក្រែន»។

ប្រមុខរដ្ឋាភិបាលកម្ពុជារូបនេះ គូសបញ្ជាក់ថា សម្ដេចចេញពី ទ្វីប អាស៊ីទៅ ដោយមិនបាននាំប្រេងទៅចាក់លើ ភ្លើងនៅទ្វីប អឺរ៉ុបឡើយ ដែលតំបន់នេះកំពុងផ្ទុះឡើងនូវភ្នក់ភ្លើងសង្គ្រាម ហើយធ្លាប់ជាតំបន់ដែលមានសុខសន្តិភាព។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទស និង សហប្រតិបត្តិការអន្តរជាតិចេញផ្សាយនៅថ្ងៃទី០៩ ខែធ្នូបាន បញ្ជាក់ថា សម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ទៅកាន់ទីក្រុងព្រុចសែល ដើម្បីចូលរូម និងធ្វើជាសហប្រធាននាកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប។

ការប្រជុំគឺដើម្បីអបអរសាទខួបលើកទី៤៥ នៃទំនាក់ទំនងដៃ គូសន្ទនាអាស៊ាន-សហភាពអឹរ៉ុប ជាមួយលោកឆាល មីសែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប នៅថ្ងៃទី១៤ ខែធ្នូ ដែលនឹងពិនិត្យឡើង វិញលើកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរ និងដាក់ទិសដៅ ផ្តោតលើការពង្រឹងសេដ្ឋកិច្ច ទំនាក់ទនងរវាងប្រជាជននិង ប្រជាជន ការផ្លាស់ប្តូរឌីជីថល ការតភ្ជាប់ ការធានាបានការ ផ្លាស់ ប្តូរបៃតង ថាមពលនិងសន្តិសុខស្បៀង និងការអភិវឌ្ឍ ប្រកបដោយចីរភាព។

សូមរំឮកថា កាលពីអំឡុងខែវិច្ឆិកា សម្ដេចតេជោនាយករដ្ឋមន្ត្រី បានខកខានធ្វើជំនួបទ្វេភាគីជាមួយប្រធានាធិបតីបារាំងលោកម៉ាក្រុង នៅទីក្រុងបាកកសម្រាប់ជំនួប APEC បន្ទាប់ពីសម្ដេច តេស្តវិជ្ជមានកូវីដ១៩ មុនកិច្ចប្រជុំកំពូល G-20 នាកោះបាលី ប្រទេសឥណ្ឌូនេស៊ី។
ក្រៅពីនេះ សេចក្តីប្រកាសព័ត៌មានដដែលក៏បានបញ្ជាក់ ដំណើរ ទស្សនកិច្ចការងាររបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាទៅកាន់ទីក្រុងប៉ារីសដើម្បីធ្វើជំនួបទ្វេភាគីជាមួយប្រធានាធិបតីបារាំង អឹម៉ានូអែល ម៉ាក្រុង ជំនួបជាមួយទ្វេភាគីជាមួយថ្នាក់ ដឹកនាំនៅទ្វីបអឹរ៉ុបមួយចំនួន សំណេះសំណាលជាមួយ ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅអឺរ៉ុប ព្រមទាំងចូលរួមក្នុងសន្និសីទ ស្តីពីការគាំទ្រភាពធន់នៃប្រជាជនអ៊ុយក្រែន។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា ដំណើរទស្សកិច្ចការងារទៅកាន់ទ្វីបអឺរ៉ុបនេះ ជាការ បំពេញ តួនាទីរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាស្របពេលឆ្នាំ២០២២ កម្ពុជាជាប្រធានអាស៊ាន និងជាខួបលើកទី៤៥ នៃទំនាក់ ទំនងដៃគូសន្ទនារវាងអាស៊ាន និងសហភាពអឺរ៉ុប។

លោក គិន ភា បានបន្តថា វាក៏ជាទំនួលខុសត្រូវនិងការ ផ្តល់ តម្លៃរបស់កម្ពុជាលើគោលការណ៍ពហុភាគីនិយមក្នុងឋានៈជារដ្ឋតូច ដែលស្ថានការណ៍ពិភពលោកបច្ចុប្បន្នទាមទារឱ្យ រដ្ឋ នីមួយៗមានសាមគ្គីភាពនិងកិច្ចខិតខំប្រឹងប្រែងរួមទាំងក្របខណ្ឌបញ្ហាតំបន់និងសាកល ។តួយ៉ាងការរាតត្បាតជំងឺជាសាកល វិបត្តិថាមពល វិបត្តិស្បៀង បម្រែបម្រួលអាកាសធាតុ។

លោក គិន ភា ក៏មើលឃើញផងដែរនូវការធ្វើពិពិធកម្ម និង ទំនើបកម្មនយោបាយការបរទេសរបស់កម្ពុជា វាបង្ហាញពីការ បក់ដៃទៅកាន់ពិភពលោកខាងក្រៅ របស់កម្ពុជាក្នុងទំនាក់ ទំនង ការបរទេសទាំងទ្វេភាគី ទាំងពហុភាគី ដែលលោកនឹង មានជំនួបជាមួយប្រធានាធិបតីបារាំងនាពេលខាងមុខឆាប់ៗនេះ។

លោកបានបញ្ជាក់ថា ៖ «ខ្ញុំមើលឃើញពីសញ្ញាវិជ្ជមានដែល កម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបារាំង។ វាជា ការវិវត្តថ្មីនៃនយោបាយការបរទេសកម្ពុជា ជុំវិញបញ្ហាក្តៅ ជាក់ស្តែងរឿងរុស្ស៊ី-អ៊ុយក្រែន ជំហរកម្ពុជាមានភាព ច្បាស់ លាស់មិនផ្លាស់ប្តូរ គឺការគាំទ្រសន្តិភាព ការគាំទ្រដំណោះ ស្រាយដោយសន្តិវិធី និងបដិសេធការប្រើកម្លាំងរបស់ប្រទេស មួយទៅលើប្រទេសមួយទៀត ដែលកម្ពុជាប្រកាន់ខ្ជាប់នូវ គោលការណ៍ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ»។

ក្នុងទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បន្ថែមថា មានភាពរីកចម្រើនប្រកបដោយទិដ្ឋភាព វិជ្ជមាន ច្រើននៅរយៈពេលចុងក្រោយនេះ ព្រោះវាបានវិវត្តពីត្រឹម ទំនាក់ទំនងដៃគូសន្ទនាមកជាដៃគូយុទ្ធសាស្រ្តវិញ ខណៈពេល សហភាពអឺរ៉ុបកំពុងដាក់ចេញយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក ផ្ទាល់ខ្លួន ដែលតំបន់អាស៊ីអាគ្នេយ៍ ដែលមានអង្គការតំបន់ អាស៊ាន ជាស្នូលសម្រាប់ក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិកនេះ។

លោក គិន ភា បានបន្តថា មិនតែប៉ុណ្ណោះ បណ្តាប្រទេសជា សមាជិកសហភាពអឺរ៉ុបរួមមាន បារាំង អាល្លីម៉ង់ ជាដើម ក៏មានយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិកផ្ទាល់ខ្លួនដែរ ដើម្បីជា ប្រយោជន៍សេដ្ឋកិច្ច នយោបាយ និងការទូត នៅចំពោះមុខ ការលេចត្រដែតឡើងនូវឥទ្ធិពលចិន ដែលលោកបណ្ឌិតគិន ភា បន្ថែមថា ទំនងជាយុទ្ធសាស្រ្តទប់និងឡោមព័ទ្ធឥទ្ធិពលចិនផង នៅពីក្រោយក្របខណ្ឌយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិករបស់សហភាពអឺរ៉ុបនេះ៕ ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner