ឯកឧត្តម គួច ចំរើន ៖ ព្រៃកោងកាង ដើរតួនាទីយ៉ាងសំខាន់សម្រាប់ទ្រទ្រង់ដល់ប្រព័ន្ធបរិស្ថាន និងជារបៀងតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ
ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត ព្រះសីហនុ រួមជាមួយឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរ សមុទ្រដែលស្អាតបំផុតលើពិភពលោក ឆ្នាំ២០២២ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ បានដឹកនាំ គណៈប្រតិភូឆ្នេរសមុទ្រស្អាតបំផុតលើលោក ដាំដើមកោងកាងអនុស្សាវរីយ៍ នៅវាលកោងកាងសាងស្នេហ៍ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា ព្រៃកោងកាង ដើរតួនាទីយ៉ាងសំខាន់សម្រាប់ទ្រទ្រង់ដល់ប្រព័ន្ធបរិស្ថាន និងជារបៀងតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ។ ប្រទេសកម្ពុជាមានព្រៃកោងកាងសរុបចំនួន ៥៨.៨៥២ ហិចតា ក្នុងនោះខេត្តព្រះសីហនុ មានផ្ទៃដីព្រៃកោងកាងចំនួន ៩.៣៥២ ហិចតា មានចំនួន ៣៩ ប្រភេទ។

ឯកឧត្តម អភិបាល បានគូសបញ្ជាក់ទៀតថា ព្រៃកោងកាង ជាកន្លែងរក្សាផលស្តុក ជាដែនជម្រក ជាកន្លែងបង្កាត់ពូជ ប្រភពមេពូជនៃធម្មជាតិ និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់មនុស្ស តាមរយៈការផ្តល់ជាប្រភពអាហារ និងឱសថបុរាណ។ លើសពីនេះទៀត វាជារបាំងការពារគ្រោះធម្មជាតិ ដូចជាខ្យល់ព្យុះ ការបាក់ឆ្នេរសមុទ្រ ការហូរច្រោះឆ្នេរ ការកើនឡើងកំពស់ទឹកសមុទ្រ និងការរក្សាទុកកាបូន ដែលបានរួមចំណែកក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

ការដាំដើមកោងកាងនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ព្រមទាំងលើកស្ទួយជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ដូចទិសស្លោកដែលខ្ញុំធ្លាប់បានលើកឡើងថា៖ “ព្រៃឈើដុះយើងរស់ ព្រៃឈើល្អយើងមានបាន កាប់ព្រៃឈើក្ររហេមរហាម (ឬកាប់ព្រៃកោងកាង បំផ្លាញខ្លួនឯង)។

ទីតាំងដែលយើងកំពុងរៀបចំពិធីនាពេលនេះ ស្ថិតនៅក្នុងឃុំតានៃ ស្រុកព្រៃនប់ ត្រូវបានប្រសិទ្ធនាមថា «កោងកាងសាងស្នេហ៍» ដែលបង្ហាញពីនិមិត្តរូប នៃសេចក្តីស្រឡាញ់ និងចំណងមិត្តភាព ភាតរភាព សាមគ្គីភាពយូរអង្វែង រវាងសមាជិកនៃក្លឹបឆ្នេរទាំងអស់។

សូមបញ្ជាក់ថា ដើមកោងកាងអនុស្សាវរីយ៍ដែលដាំ នាព្រឹកនេះ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ បានជ្រើសរើសយក ដើមកោងកាង ដែលជារុក្ខជាតិដុះតាមតំបន់ឆ្នេរ ឬតំបន់ទឹកប្រៃលាយសាប ត្រូវបានគេរកឃើញនៅតាមឆ្នេរសមុទ្រត្រូពិច ជាពិសេស នៅតំបន់មហាសមុទ្រឥណ្ឌាខាងលិច ៕ អត្ថបទ៖ ជាវ ចន្ធូ

