កម្ពុជាដាំឈើកោងកាងជិត២៤០០ដើម ដើម្បីអបរសន្និបាត ក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើលោកឆ្នាំនេះ

អត្ថបទដោយ៖
CPA

ព្រះសីហនុ៖ អាជ្ញាធរកម្ពុជា រៀបចំពិធីដាំឈើកោងកាងជិត ២ ៣៨៨ ដើមដើម្បីអបរសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតជាងគេ លើលោកឆ្នាំនេះ។

តំណាងពីក្រសួងទេសចរណ៍និងរដ្ឋបាលខេត្តព្រះសីហនុ ថ្នាក់ ដឹកនាំគណៈប្រតិភូបរទេសនៃមហាសន្និបាតលើកទី១៦ ក្លឹប ឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក ទៅដាំកូនកោង កាងនៅឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុង ការ គ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ។ លោកបន្តថា កិច្ច សហប្រតិបត្តិការ រវាងសមាជិកក្លឹបឆ្នេរទាំងអស់ នឹងបន្តរីកលូត លាស់ រឹងមាំ ស្ថិតស្ថេរយូរអង្វែង ដើម្បីជាមូលដ្ឋានក្នុងការជំរុញ ដោះស្រាយបញ្ហាប្រឈមរួមនានា ក្នុងកិច្ចគាំពារបរិស្ថាន និង ទប់ ស្កាត់ការប្រែប្រួលអាកាសធាតុជាសកល។លោកបញ្ជាក់ថា ពិធីដាំដើមកោងកាងអនុស្សាវរីយ៍នាពេលនេះ ធ្វើឡើងដើម្បីជា អនុស្សាវរីយ៍ និងចង់ដាស់តឿនឱ្យអ្នកពាក់ព័ន្ធរក្សា ការពារព្រៃ កោងកាង។

ឯកឧត្តម គួច ចំរើន បញ្ជាក់ថា៖« ព្រៃកោងកាងដើរ តួនាទី យ៉ាង សំខាន់សម្រាប់ទ្រទ្រង់ដល់ប្រព័ន្ធបរិស្ថាន និងជារបៀងតភ្ជាប់ ប្រព័ន្ធ អេកូឡូស៊ីពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ»។ ខ្ញុំធ្លាប់បាន លើកឡើងថា៖ “ព្រៃឈើដុះយើងរស់ ព្រៃឈើល្អយើងមានបាន កាប់ព្រៃឈើក្ររហេមរហាម »។

លោកបន្ថែមថា ៖« ព្រៃកោងកាងជាកន្លែងរក្សាផលស្តុក ជា ដែនជម្រក ជាកន្លែងបង្កាត់ពូជ ប្រភពមេពូជនៃធម្មជាតិ និង ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់មនុស្សតាមរយៈការផ្តល់ជាប្រភពអាហារ និងឱសថបុរាណ។ លើសពីនេះទៀត វាជារបាំង ការពារគ្រោះធម្មជាតិ ដូចជាខ្យល់ព្យុះ ការបាក់ឆ្នេរសមុទ្រ ការហូរ ច្រោះឆ្នេរ ការកើនឡើងកម្ពស់ទឹកសមុទ្រ និងការរក្សា ទុកកាបូនដែលបានរួមចំណែក ក្នុងការឆ្លើយតបនឹងការ ប្រែប្រួលអាកាសធាតុ»។

ទីតាំងរៀបចំដាំកូនកោងកាង ស្ថិតនៅក្នុងឃុំតានៃ ស្រុក ព្រៃនប់នេះ ត្រូវបានប្រសិទ្ធនាមថា «កោងកាង សាងស្នេហ៍» ដែលបង្ហាញពីនិមិត្តរូប នៃសេចក្តីស្រឡាញ់ និងចំណងមិត្តភាព ភាតរភាព សាមគ្គីភាពយូរអង្វែង រវាងសមាជិកនៃក្លឹបឆ្នេរ ទាំងអស់។

សកម្មភាពដាំដើមកោងកាងនេះធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រួមមាន វត្តមានឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ, ឧកញ៉ា ម៉ុង ឫទ្ធី, លោក ប្រ៊ុយណូ បូដា សហស្ថាបនិកក្លិបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើពិភពលោកលោក មីសែល ប៊ុយហ្សូល ប្រធានក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក រួមទាំងមានគណៈប្រតិភូជាតិនិងអន្តរជាតិជាច្រើនរូបទៀត។
ទន្ទឹមនឹងការដាំព្រៃកោងកាងនិងការអភិរក្សនោះ តំបន់ព្រៃ កោងកាងមួយចំនួនកំពុងរងការគំរាមកំហែងដោយការកាប់ទន្ទា្រនយកដីធ្លី ពីសំណាក់បុគ្គលនិងក្រុមមានអំណាចមួយ ចំនួន ដែលករណីខ្លះរហូតកើតមានទំនាស់ដីធ្លីទៀតផង។

ប្រទេសកម្ពុជាមានព្រៃកោងកាងសរុបចំនួន ៥៨,៨៥២ ហិកតា ក្នុងនោះខេត្តព្រះសីហនុ មានផ្ទៃដីព្រៃកោងកាងចំនួន ៩,៣៥២ ហិកតាឬប្រមាណជិតជាង១ភាគ៦នៃ មានចំនួន ៣៩ ប្រភេទ៕
ដោយ៖វណ្ណ ស័ក្ដិ

ads banner