ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មីសម្រាប់បោះឆ្នោតឆ្នាំ ២០២២ ក្នុងរយៈពេល៥០ថ្ងៃកន្លងមកមានចំនួន ជិត៦០ ម៉ឺននាក់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្នុងរយៈពេល៥០ថ្ងៃ នៃការចុះឈ្មោះប្រជាពលរដ្ឋ សម្រាប់ ការបោះឆ្នោតឆ្នាំ២០២២ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានចុះឈ្មោះប្រជាពលរដ្ឋថ្មី សរុបចំនួន៥៩០ ៣៨៨ នាក់ ខណៈដែលប្រជាពលរដ្ឋត្រូវលុប ឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោត មានសរុបចំនួន២៦៣ ៦២២ នាក់។

ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងនៃ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតបានប្រាប់ឱ្យដឹងថា សម្រាប់រយៈពេល៥០ថ្ងៃ នេះដែរ ប្រជាពលរដ្ឋចំនួន ៦១ ៦៩៨ នាក់ បានធ្វើការការតម្រូវទិន្នន័យក្នុងបញ្ជីឈ្មោះបោះឆ្នោត ខណៈប្រជាពលរដ្ឋផ្លាស់ទីលំនៅចូលមកថ្មី មានចំនួនសរុប ១៨៣ ៦៣១ នាក់។
លោកបានប្រាប់ថា ៖ «គិតត្រឹមម៉ោង ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ដែលជាថ្ងៃចុងក្រោយនៃការចុះឈ្មោះ និងពិនិត្យឈ្មោះបោះ ឆ្នោត ឆ្នាំ២០២២ ប្រជាពលរដ្ឋដែលមានក្នុងបញ្ជី ឈ្មោះមាន ចំនួន ៩ ៧១៦ ០៧៨ នាក់ ស្មើនឹង ៨៩,៣៣ភាគរយ នៃចំនួន ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងទៅ គិតដល់ថ្ងៃ បោះឆ្នោតដែលមានប្រមាណជាង១០,៨លាននាក់»។

ជាមួយគ្នានេះដែរ ឯកឧត្តម សោម សូរីដា ក៏បានបញ្ជាក់ដែរថា ក្នុងដំណើរការនៃការចុះឈ្មោះ និងពិនិត្យឈ្មោះបោះឆ្នោតក្នុង រយៈពេល៥០ថ្ងៃកន្លងទៅនេះ បានប្រព្រឹត្តទៅដោយរលូនល្អ ក្នុងបរិយាកាស សន្តិសុខ សុវត្ថិភាព ក្នុងសណ្តាប់ធ្នាប់ សាធារណៈ ចំណែកមន្រ្តីក៏បានបំពេញនូវភារកិច្ចរបស់ ខ្លួនប្រកបដោយវិជ្ជាជីវៈរបស់ខ្លួនផងដែរ។

លោកថា ៖ «ក្នុងរយៈពេលនេះដែរ ក៏មានបណ្តឹងពី ប្រជាពលរដ្ឋ ដែលមកសុំចុះឈ្មោះបោះឆ្នោត ដែរ»។
ឯកឧត្តម ហង្ស ពុទ្ធា សមាជិក គ.ជ.ប និងជាអ្នកនាំពាក្យ គ.ជ.ប បានថ្លែងកាលពីថ្ងៃទី៨ ខែធ្នូ ថា ក្នុងរយៈពេល៥០ថ្ងៃ នៃដំណើរការចុះឈ្មោះ បោះឆ្នោតតាមឃុំ សង្កាត់ ឃើញថា គ.ជ.ប និងមន្ត្រី គ.ជ.ប គ្រប់ជាន់ថ្នាក់ ពិសេសក្រុមចុះឈ្មោះ បោះឆ្នោតបានអនុវត្តយ៉ាងត្រឹមត្រូវ តាមច្បាប់ បទបញ្ជា និង នីតិវិធី ព្រមទាំងឯកសារគតិយុត្តផ្សេងទៀត ដែលធ្វើឱ្យដំណើរ ការ នេះ ប្រព្រឹត្តទៅរលូនល្អ និងមានសណ្តាប់ធ្នាប់។

ក្នុងការធ្វើស្ថិតិប៉ាន់ស្មាន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះ ឈ្មោះបោះឆ្នោត ចាំបាច់ត្រូវផ្អែកលើភាគរយនៃ កំណើន ប្រជាពលរដ្ឋ, ផ្អែកលើការស្រង់ស្ថិតិជាក់ស្ដែងនៅតាមឃុំ សង្កាត់, សហការជាមួយក្រសួងផែនការ និងក្រសួងមហាផ្ទៃ ផ្អែកតាមអត្រានុកូលដ្ឋាន ពិនិត្យ មើលអ្នកមានអាយុ ១៨ឆ្នាំ ឡើង។

ម្យ៉ាងទៀតប្រព័ន្ធរៀបចំបញ្ជីបោះឆ្នោតរបស់ប្រទេសកម្ពុជា គឺជាប្រព័ន្ធស្ម័គ្រចិត្ត ហើយ និងមិនបោះឆ្នោត គឺជាសិទ្ធិរបស់ ការបោះឆ្នោតក៏ជាការស្ម័គ្រចិត្ត ដូចនេះពួកគាត់មិនទៅចុះ ឈ្មោះគាត់។ ប៉ុន្តែយ៉ាងណាក៏ដោយ គ.ជ.ប លើកទឹកចិត្ត និងជំរុញពួកគាត់ឱ្យទៅចុះឈ្មោះបោះឆ្នោត និងទៅបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា។

ឯកឧត្តម ហង្ស ពុទ្ធា បានបញ្ជាក់ថា ៖ «ជារួមការចុះឈ្មោះ បោះ ឆ្នោត ឆ្នាំ២០២២ នេះ គ.ជ.ប ទទួល បានលទ្ធផល ច្រើនជាងឆ្នាំ២០២១ គឺបានជិត ៦០ម៉ឺននាក់ ដែលឆ្នាំមុន បានជិត ៤០ម៉ឺននាក់។

ចំពោះប្រជាពលរដ្ឋដែលនៅសេសសល់មិនទាន់បានចុះឈ្មោះបោះឆ្នោត ដោយសារពួកគាត់ ខ្លះនៅក្រៅប្រទេស ទើបខកខាន មិនបានមកចុះឈ្មោះ»។

ទាក់ទងនឹងបញ្ហាប្រឈមរបស់ គ.ជ.ប ក្នុងពេលចុះឈ្មោះ បោះឆ្នោត ឯកឧត្តម ហង្ស ពុទ្ធា បានលើកឡើងថា បញ្ហាកើត មាន ឡើងប្រហាក់ប្រហែលគ្នា នឹងឆ្នាំមុន គឺបញ្ហាធម្មជាតិ និងកូវីដ១៩។ នៅឆ្នាំមុន មន្ត្រីចុះឈ្មោះបោះឆ្នោតបាន ឆ្លង ជំងឺកូវីដ១៩ បន្តាក់គ្នា ហើយភូមិសាស្ត្រមួយចំនួនត្រូវបិទ ខ្ទប់ ជាបណ្ដោះអាសន្ន ដោយសារបញ្ហាកូវីដ១៩។

លោកថា សម្រាប់នៅឆ្នាំ២០២២នេះ មិនមានបញ្ហានេះ កើត ឡើងទេ ប៉ុន្តែបញ្ហាទឹកជំនន់ និងភ្លៀងប្រហាក់ប្រហែល គ្នានឹង ឆ្នាំ២០២១ ដែរ។ បញ្ហាប្រឈមមួយទៀត គឺនៅតាមឃុំ សង្កាត់ ខ្លះ ខ្វះមន្ត្រីដែលមានជំនាញ កុំព្យូទ័រ ដោយសាររយៈពេល ធ្វើការ ខ្លី ហើយទទួលបានប្រាក់កម្រៃទាប។

លោកថា ទោះជាយ៉ាងណា គ.ជ.ប មានគ្រូប្រចាំស្រុក ចំនួនពីរនាក់ ដើម្បីជួយដោះស្រាយក្នុងករណីឃុំ សង្កាត់ ណាមួយមានបញ្ហា។

ទាក់ទងនឹងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២នេះដែរ មន្រ្តី សង្គមស៊ីវិល បានលើកឡើងថា ថា ការផ្សព្វផ្សាយហាក់ បី ដូចជាមិនបានទូលំទូលាយ និងជ្រួតជ្រាបទៅដល់ប្រជា ពលរដ្ឋ គ្រប់រូបនៅឡើយទេ ជាពិសេសយុវវ័យដែលគ្រប់អាយុដល់ ថ្ងៃបោះឆ្នោត។

លោក ស៊ឹង សែនករុណា អ្នកនាំពាក្យនៃសមាគមការពារ សិទ្ធិ មនុស្សអាដហុក បានប្រាប់ឱ្យដឹងកាលពីថ្ងៃចុងក្រោយនៃ ការ ចុះឈ្មោះថា ពលរដ្ឋមួយចំនួនដែលចំណាកស្រុកមកតាម បណ្តា ខេត្តមួយចំនួន ពិសេសតាមបណ្តាខេត្តជាប់ព្រំដែន ជាច្រើននាក់មិនទាន់បានចុះឈ្មោះបោះឆ្នោតនេះ ដែលនេះ ជាការបារម្ភថាការចុះឈ្មោះបោះឆ្នោតនេះមិនបានចុះឈ្មោះអស់នូវចំនួនប្រជាពលរដ្ឋដែលសិទ្ធិក្នុងការបោះឆ្នោតនេះ។

សូមបញ្ជាក់ផងដែរថាគ.ជ.ប កំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ សំរាប់ការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៧៕ ដោយ៖ នាង សុគន្ធា

ads banner