អាជីវករលក់ដូរនៅខេត្តព្រះសីហនុពិសេសតាមតំបន់ឆ្នេរប្តេជ្ញាមិនលក់លើសតំលៃទីផ្សារបើទោះបីជានៅក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រ ឬពិធីបុណ្យជាតិនានា

ខេត្តព្រះសីហនុ៖ ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាខេត្តព្រះសីហនុ ទទួលធ្វើជាម្ចាស់ផ្ទះនៅក្នុងពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ មានផ្ញៀវជាតិអន្តរជាតិ អញ្ចើញមកចូលរួមយ៉ាងច្រើនកុះករ នៅក្នុងតំបន់ឆ្នេរសមុទ្រ ដែលតម្រូវការនៃម្ហូបអាហារក៏មានការកើនឡើងច្រើន អាជីករ និងអ្នកលក់ដូរម្ហូបអាហារគ្រប់ប្រភេទពិសេសនៅតាមតំបន់ឆ្នេរបានរក្សាការលក់តំលៃលក់របស់ខ្លួនៅតំលៃទីផ្សារបានកំណត់ និងមិនឆ្លៀតឱកាសលក់តំឡើងថ្លៃហួសប្រមាណ នោះឡើយ។

យុវជន ហេង បាននិងកំពុងលក់យាហ៊ឺ មឹក អាំង នៅតាមតំបន់ឆ្នេរសមុទ្រ បានឱ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាលបានធ្វើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទនៅខេត្តព្រះសីហនុ និងការស្ថាបនាផ្លូវល្បឿនរួចមក ខេត្តមួយនេះកំពុងទទួលបាននូវការមកលេងកម្សាន្តពីភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ ។ ជាមួយនិងការកើនឡើងនូវភ្ញៀវទេសចរណ៍នេះ ក៏ដូចជាការបង្កើននូវភាពងាយស្រួលដល់ពួកគាត់ដែលអនុញ្ញាតអោយលក់ដូរបាននៅតាមតំបន់ឆ្នេរ ដោយមិនបានគិថ្លៃជួលទីតាំងផងនោះ គឺជាឱកាសមួយយ៉ាងល្អដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ ដែលជាអ្នកប្រកបរបរលក់ដូរនៅតាមតំបន់ឆ្នេរនេះ អាចរកចំណូលបានច្រើនពីមុខរបរមួយនេះ ដោយនៅថ្ងៃធម្មតា អាចលក់បានចន្លោះពី៣ទៅ៥គីឡូរត៍ ហើយនៅថ្ងៃបុណ្យទាន អាចលក់បានពីចន្លោះ៥ ទៅ ១០ គីឡូក្រាម ។

លោកស្រី កែម សារឿន មានទីលំនៅក្នុងក្រុងព្រះសីហនុ បានបង្ហាញពីការសប្បាយចិត្តដែលខេត្តព្រះសីហនុទទួលធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យសមុទ្រនេះ ឃើញថាមានភ្ញៀវទេសចរណ៍មកលេងច្រើន។ ជាមួយគ្នានេះលោកស្រីបានបញ្ជាក់ផងដែរថា បើទោះជាអាជីវករផ្សេងណាលក់ឡើងតំលៃក៏លោកស្រីមិនឡើងតាមដែរ ខណៈដែលការលក់នៅថ្ងៃធម្មតាអាចំណេញចន្លោះពី២ម៉ឺន ទៅដល់៤ម៉ឺនរៀលពីរបរលក់មឹក និងយាហ៊ឺអាំងនេះ។

លោក ឧត្តម អ្នករស់នៅខេត្តព្រះសីហនុ បើកហាងនៅទល់មុខតំបន់ឆ្នេរអូត្រេស បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរណ៍មានការកើនឡើងនៅក្រោយការបើកប្រទេសឡើងវិញនៅលើគ្រប់ផ្នែកគ្រប់វិស័យបន្ទាប់ពីធូរស្រាលជំងឺកូវីដ១៩ ដែលអាចឱ្យលោកមានការមមាញឹកនៅក្នុងការលក់ដូរម្ហូបអាហារទៅដល់ភ្ញៀវទេសចរណ៍ ដែលមកលេងកម្សាន្តនៅក្នុងតំបន់នេះ។

លោកបន្ថែមថា ពាក់ព័ន្ទទៅនិងការលក់នៅក្នុងឱកាសពិធីបុណ្យជាតិ ថ្ងៃឈប់សម្រាក គឺហាងរបស់លោកនៅតែបន្តលក់តំលៃធម្មតា ជូនភ្ញៀវខណៈដែលតម្លៃនៃការលក់ត្រឹមតែ១៥០០០រៀលប៉ុណ្ណោះ ក្នុងមុខម្ហូប ឬបាយឆា មីឆា និងម្ហូបកម្សងផ្សេងៗ ។

ភ្ញៀវទេសចរណ៍ដែលបានមកទស្សនាកម្សាន្តនៅក្នុងឱកាសពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ លោក លឹម ពីរ ធ្វើដំណើរមកពីរាជធានីភ្នំពេញ ក្នុងដំណើរកម្សាន្តជាលក្ខណៈគ្រួសារ បានបង្ហាញការសាទរខ្ពស់ចំពោះសមិទ្ធិផលរបស់ខេត្តព្រះសីហនុ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលរៀបចំខេត្តមួយនេះ ជាខេត្តអភិវឌ្ឍន៍គំរូមួយ ធ្វើឱ្យមានការរីកចំរើនគ្រប់ផ្នែកទាំងហេដ្ឋារចសនាសម្ព័ន្ធ ផ្សេងៗមានលក្ខណៈទំនើបជឿនលឿន។ លោកបន្ថែមថា តាមរយៈការខិតខំរៀបចំអោយមានការអនុញ្ញាតអោយបងប្អូនប្រជាពលរដ្ឋ អាចមកលេងកម្សាន្តនៅតាមតំបន់ឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ ដោយអាចអោយភ្ញៀវទេសចរណ៍អង្គុយលេង ដោយមិនគិតថ្លៃជួល ពីរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តព្រះសីហនុ គឺពិតជាល្អ ដែលអាចអោយបងប្អូនប្រជាពលរដ្ឋ និងអាជីវករ អាចកាត់បន្ថយការចំណាយច្រើននៅក្នុងតំបន់ទេសចរណ៍នេះទាំងម្ហូបអាហារ និងបន្ទប់ទឹកស្អាត នៅជិតទីតាំងអង្គុយលេងនៅតាមមាត់ឆ្នេរសមុទ្រស្រាប់ផងដែរ។

គួរបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលប្រារព្ធធ្វើឡើងនៅបរិវេណទីលានតេជោ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីបុណ្យសមុទ្រនៅឆ្នាំនេះរៀបចំឡើងក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម»។ការដាក់ចេញនូវប្រធានបទនេះ គឺសមស្របជាមួយបរិបទកម្ពុជា ដែលសន្តិភាពបានដើរតួនាទីយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេសជាតិ បង្កើតជាក្តីសង្ឃឹមយ៉ាងមុតមាំសម្រាប់ប្រជាជនទាំងមូល ៕ ដោយ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner