រដ្ឋាភិបាលនឹងចំណាយជាង១១១លានដុល្លារដែលហិរញ្ញប្បទានចិន ដើម្បីសង់ស្ពានឆ្លងទន្លេមេគង្គ និង ស្ដារផ្លូវជាតិលេខ ៧ឡើងវិញ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖រដ្ឋាភិបាលនឹងចំណាយជាង១១១លានដុល្លារ អាមេរិក ដែលជាហិរញ្ញប្បទានពីប្រទេសចិន ដើម្បី សង់ស្ពាន ឆ្លងទន្លេ មេគង្គត្រង់ខេត្តក្រចេះ និង ស្ដារផ្លូវជាតិ លេខ៧ឡើងវិញ។បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងសារធារណការនិងដឹកជញ្ជូនឱ្យដឹងថា រដ្ឋាភិបាលនឹងប្រកាសបើកការដ្ឋាន“គម្រោងសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ-ខេត្តក្រចេះ” និង “គម្រោងលើក កម្ពស់ គុណភាពផ្លូវជាតិ លេខ៧ (ពីទីប្រជុំជនស្គន់ ដល់ក្រុង កំពង់ចាម)” នៅដើមខែមករា ឆ្នាំ២០២៣ ខាងមុខ។

តាមគម្រោង ហេដ្ឋរចនាសម្ព័ន្ធទាំងនេះ នឹងត្រូវចំណាយសរុប ១១១,៩៨លានដុល្លារដែលរដ្ឋាភិបាលកម្ពុជាខ្ចីពីចិន។ក្រសួងសាធារណការនិងដឹកជញ្ជូនកំពុងរៀបចំកិច្ចការនានាដើម្បីត្រៀមពិធីបើកការដ្ឋានសាងសង់ងនឹងត្រូវធ្វើឡើង ក្រោម អធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ឯកឧត្តម វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែងថា គម្រោងទាំងនេះជាការតភ្ជាប់របៀង សេដ្ឋកិច្ច ពីរ គឹរបៀងសេដ្ឋកិច្ចខាងត្បូង (បាងកក-ភ្នំពេញ-ហូជីមីញ) និង របៀងសេដ្ឋកិច្ចកណ្តាល (យូណាន -វៀងចន្ទន៍-ត្រពាំងក្រៀល ) ឬតភ្ជាប់មកតំបន់មេគង្គ។

លោកបន្តថា៖« នៅពេលដែលគម្រោងផ្លូវ និងស្ពាននេះ បាន បញ្ចប់ នឹងអនុញ្ញាតឱ្យអ្នកធ្វើដំណើរឆ្លងកាត់ពីតំបន់មួយ ទៅ តំបន់មួយទៀត និងផ្ទៃក្នុងកាន់តែមានភាពងាយស្រួល ជា ពិសេសការដឹកជញ្ជូនទំនិញនានាឆ្លងកាត់កាន់តែបានលឿន និងទាន់ពេលវេលា»។

ក្រសួងសាធារណការនិងដឹកជញ្ជូន បង្ហាញថា គម្រោងសាង សង់ផ្លូវថ្មីពីចំណុចផ្លូវជាតិលេខ៧ ទៅផ្លូវជាតិលេខ៦០B នឹងត្រូវតភ្ជាប់រវាងក្រុងក្រចេះ និងស្រុកព្រែកប្រសព្វ ខេត្ត ក្រចេះ។

ដោយឡែកគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវ តភ្ជាប់នេះ មានប្រវែងសរុប៣៣,៤៥ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវ ជាតិ លេខ៧ (រង្វង់មូលខ្លាស្ទុះ)ទៅផ្លូវជាតិលេខ៦០B ដោយក្នុងនោះការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គប្រវែង ១៧៦១ម៉ែត្រ មានមុខកាត់ទទឹង១៣,៥ម៉ែត្រ តភ្ជាប់ពីត្រើយ ខាងកើតស្ថិតត្រង់ ភូមិបុស្សលាវលើ ឃុំបុសលាវ ស្រុកចិត្របុរី ទៅត្រើយខាងលិចត្រង់ភូមិព្រែកព្រលូង ឃុំសោប ស្រុកព្រែក ប្រសព្វ ខេត្តក្រចេះ។

គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ នឹងចំណាយថវិកាសរុប ១១១,៩៨លានដុល្លារ ដែលជា ហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ដោយប្រើពេល សាងសង់ប្រមាណ ៤២ខែ អនុវត្តដោយក្រុមហ៊ុនសំណង់ សៀងហៃ (SCG) និងត្រួតពិនិត្យគុណភាពដោយក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន៕ ដោយ៖ យុទ្ធ វីរៈ

ads banner