អ្នកជំនាញ៖ សកម្មភាពសេដ្ឋកិច្ចខេត្តព្រះសីហនុងើប លឿនជាសញ្ញាល្អដល់វិស័យអចលនទ្រព្យ
ភ្នំពេញ៖អ្នកជំនាញផ្នែកសេដ្ឋកិច្ចនិងអចលនទ្រព្យនៅកម្ពុជា សកម្មភាពសេដ្ឋកិច្ចខេត្តព្រះសីហនុងើបលឿនជាសញ្ញាល្អដល់វិស័យអចលនទ្រព្យ ក្នុងចំណោមខេត្តជាប់សមុទ្រទាំងបួន របស់ កម្ពុជា។ ការលើកឡើងនេះ ស្របពេលដែលរាជរដ្ឋា ភិបាល កម្ពុជា បានបង្ហាញមហិច្ឆតាប្រែក្លាយខេត្តជាប់ សមុទ្រ ចំនួនបួន របស់កម្ពុជា ឱ្យទៅជាគោលដៅទេសចរណ៍ដ៏ ទាក់ទាញ លំដាប់ពិភពលោកនាពេលអនាគត។
រឿងនេះត្រូវបាន លោក ច្រឹក សុខនីម ប្រធានសមាគមអ្នក វាយ តម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះ គោលដៅប្រែក្លាយខេត្តជាប់សមុទ្រទាំងបួនរបស់កម្ពុជា ក្នុងការជួយស្តារវិស័យសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍កម្ពុជាដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩នាពេលកន្លងមកនេះ។អ្នកជំនាញរូបនេះ កត់សម្គាល់ឃើញថា កន្លងមក វិស័យទេសចរណ៍មិនត្រឹមតែធ្វើឱ្យអាជីវកម្មដូចជាភោជណីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និងសេវាកម្ម ទេសចរណ៍ ផ្សេងៗមានការរីកដុះដាលប៉ុណ្ណោះទេ តែវាក៏ជា ផែ្នកមួយក្នុងការជួយទាក់ទាញវិនិយោគិនបរទេសឱ្យមកវិនិយោគនៅកម្ពុជាផងដែរ។
លោកបញ្ជាក់ថា តាមរយៈគោលដៅប្រែក្លាយខេត្តជាប់សមុទ្រ ទាំងបួនរបស់កម្ពុជា ទៅជាគោលដៅទេសចរណ៍លំដាប់ ពិភព លោក នាពេលនេះ លោក ច្រឹក សុខនីម រំពឹងថា វានឹងជួយរួម ចំណែកស្តារវិស័យអចលនទ្រព្យកម្ពុជា ដែលកំពុងរងផល ប៉ះពាល់ ដោយសារកូវីដ-១៩ ឱ្យមានភាពល្អប្រសើរឡើងវិញ មួយកម្រិតថែមទៀតផងដែរ។
លោក ច្រឹក សុខនីម អះអាងដូច្នេះថា៖«ស្ថានភាពនៃប្រែប្រួល និងមានទំហំខ្លាំង ពិសេសលើសកម្មភាពវិនិយោគលើការសាង សង់សណ្ឌាគារ ផ្ទះសំណាក់ អាផាតមិន និងសេវាកម្ម ទេសចរណ៍ ផ្សេងៗ នៅក្នុងខេត្តជាប់សមុទ្រទាំងបួននេះ ពោល គឺនឹងកាន់តែហក់ខ្លាំងជាងមុន ខណៈខេត្តព្រះសីហនុអាច នឹង ទទួលបានផលវិជ្ជមាននិងដើរលឿនជាងគេ ដោយសារតែខេត្ត នេះ មានការគាំទ្រលើការវិនិយោគ និងការស្នាក់អាស្រ័យពី ចម្រុះ ជាតិសាស្រ្ត ពិសេសជនជាតិចិន មិនដូចខេត្តជាប់សមុទ្រ ដទៃទៀត»។
វិស័យអចនទ្រព្យជាផ្នែកមួយដ៏សំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ប៉ុន្តែវិស័យនេះមិនអាចរីកចម្រើនលូតលាស់ ដោយខ្លួនឯងបាននោះទេ។ ពោលគឺវាត្រូវពឹងផ្អែកលើវិស័យ អាទិភាព មួយចំនួនដូចជាវិស័យទេសចរណ៍ ពាណិជ្ជកម្ម ការវិនិយោគ និងវិស័យសហគ្រាសធុនតូច និងមធ្យមជាដើម។
ហេតុនេះក្នុងនាមអ្នកជំនាញសេដ្ឋកិច្ច និងអចលនទ្រព្យមួយរូប បានបង្ហាញការជឿជាក់ថា វិស័យអចលនទ្រព្យអាចរីកចម្រើន ទៅបានលុះត្រាតែរាជរដ្ឋាភិបាលកម្ពុជាបើកឱ្យមានយន្តការវិនិយោគលើដំណើរការវិស័យអាទិភាពទាំងនេះឱ្យបានទូលំទូលាយជាមុនសិន តាមរយៈយន្តការធំៗចំនួនពីរចូលរួម គឺយន្តការ គាំទ្រដោយរាជរដ្ឋាភិបាល និងយន្តការគាំទ្រដោយ វិស័យ ឯកជន។
គួរបញ្ជាក់ដែរថា ក្នុងអង្គមហាសន្និបាតលើកទី១៦ របស់ក្លឹប ឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហាញពីផែនការរបស់កម្ពុជាថា ទៅថ្ងៃអនាគត ខេត្តជាប់សមុទ្រចំនួនបួនរបស់កម្ពុជា នឹងក្លាយ ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញលំដាប់ពិភពលោក។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ថា កម្ពុជានឹងប្ដេជ្ញា ធ្វើ ឱ្យទីក្រុងជាប់ឆ្នេរសមុទ្ររបស់យើងមាននិរន្តរភាព ដូចដែល យើងបានកំណត់ជាយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍដើម្បីប្រែក្លាយ ខេត្តតំបន់ឆ្នេរចំនួនបួន ឱ្យក្លាយជាគោលដៅទាក់ទាញ ទេសចរណ៍លំដាប់ពិភាពលោក គឺ៖ ១. ខេត្តព្រះសីហនុ៖ ជា «គោលដៅទេសចរណ៍សម្រាកលម្ភៃ និង ជាតំបន់សេដ្ឋកិច្ច ពហុបំណង», ២. ខេត្តកែប៖ ជា «គោលដៅទីក្រុងទេសចរណ៍ លំដាប់ខ្ពស់ និង ប្រណិត» ,៣.ខេត្តកំពត៖ ជា «គោលដៅ ទីក្រុង ទេសចរណ៍បេតិកភណ្ឌវប្បធម៌ និងកសិ-ទេសចរណ៍ តំបន់ឆ្នេរ» និងទី៤. ខេត្តកោះកុង៖ ជា «គោលដៅអេកូ ទេសចរណ៍តំបន់ទេសចរណ៍លំដាប់ពិភពលោក» ។
ឈរលើមូលដ្ឋានទាំងអស់នេះរាជរដ្ឋាភិបាលក៏រំពឹងថាកម្ពុជានឹងអាចទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ១១លាននាក់ ក្នុងឆ្នាំ២០២៣ តាមផែនការដែលបានដាក់ចេញ ខណៈនឹង អាចទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៧លាននាក់ នៅឆ្នាំ២០២៦ ឬឆ្នាំ២០២៧ផងដែរ៕ ដោយ៖ បូរ ពេជ្រហ្សាលីន