អ្នកធ្វើការតាមផ្ទះនៅតែមានផ្នត់គំនិតថា សេវារបបសន្តិសុខ សង្គមមិនសូវសំខាន់
ភ្នំពេញ៖ អ្នកធ្វើការតាមផ្ទះមួយចំនួន នៅតែមានផ្នត់គំនិតថា សេវា របស់បេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) មិនទាន់ មានប្រសិទ្ធិភាពនិងមិនសូវសំខាន់ ខណៈពេលដែលប.ស.ស កំពុងផ្សព្វផ្សាយអ្នកធ្វើការតាមផ្ទះទាំងអស់ ពីអត្ថប្រយោជន៍ ស្នើសុំចុះឈ្មោះចូលជាសមាជិក។
អ្នកស្រី លឹម សុខឡេង ជាអ្នកធ្វើការតាមផ្ទះអស់រយៈ ពេល ជាង២០ឆ្នាំ បានប្រាប់ថាមកទល់ពេលនេះ អ្នកស្រីមិនទាន់ ទទួលបានកាតប.ស.សប្រើប្រាស់នូវឡើយ ប៉ុន្តែកន្លងមក ថៅកែរបស់អ្នកស្រី បានប្រាប់ថា បានចុះឈ្មោះអ្នកស្រី សុខឡេង ទៅក្នុងបញ្ជីរបស់បេឡាជាតិរបបសន្ដិសុខ សង្គម (ប.ស.ស) តាមរយៈអ៊ែបរបស់ប.ស.សរួចរាល់ហើយ។
អ្នកស្រី លឹម សុខឡេង ថា៖ «ថៅកែរបស់ខ្ញុំទើបតែចុះ ឈ្មោះខ្ញុំ ក្នុងបញ្ជីរបស់ប.ស.សតាមរយៈអ៊ែប ដោយមានការស្កែនអត្ត សញ្ញាណប័ណ្ណ ពេលស្កែនរួចហើយ បែរជាមិនបាន ហើយ បញ្ហានេះវាកើតឡើងរយៈពេលមួយខែហើយ។ ប៉ុន្តែក៏មិនដឹង ថាជាមូលហេតុអ្វីបានជាចុះមិនបាន ហើយខាងថៅកែប្រាប់ តែឱ្យ រង់ចាំ»។
អ្នកស្រីបន្ថែមថា ទោះបីជាបានកាតនេះឬមិនបានកាត នេះ ប្រើប្រាស់ ក៏វាមិនមានសារៈសំខាន់អ្វីដែរ ពីព្រោះពីដើមមក ក៏មិនមានបញ្ហាអ្វីកើតឡើងនៅកន្លែងការងារដែរ។
អ្នកស្រី យឹម សុធី ប្រធានសមាគមអ្នកធ្វើការតាមផ្ទះ មើល ឃើញការផ្សព្វផ្សាយរបស់បេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) វាបង្ហាញថានេះជាចំណុចល្អ ដែលរាជរដ្ឋាភិបាលបាន យក ចិត្តទុកដាក់ចំពោះកម្មករដែលធ្វើការតាមផ្ទះ ពីព្រោះមួយរយៈ កន្លងមក ជាក់ស្ដែងមើលឃើញថា កាលពីមុនមិនមានអ្នកណា យកចិត្តទុកដាក់នោះទេ ប៉ុន្តែពេលនេះប.ស.ស បានមក សហការ ជាមួយសមាគម ដើម្បីជួយអ្នកធ្វើការតាមផ្ទះដែល មានចំនួនច្រើន មិនទាន់បានចុះឈ្មោះក្នុងបញ្ជីប.ស.ស។
អ្នកស្រី យឹម សុធី ថា៖ «បញ្ហាដែលមិនបានចុះឈ្មោះជា សមាជិក ដោយសារទី១ ថៅកែគាត់គិតថាអ្នកធ្វើការតាម ផ្ទះទាំងនោះ គាត់មិនបានចុះជាលក្ខណៈកិច្ចសន្យាការងារ។ ភាគច្រើនជាលក្ខណៈផ្ទាល់មាត់។ ដូច្នេះមានថៅកែខ្លះគេ ទាមទារ ឯកសារយើង។ ប៉ុន្តែបើតាមក្រសួង គាត់បានទទួល ស្គាល់ថា ទោះបីកិច្ចសន្យាផ្ទាល់មាត់ក៏ដោយ ក៏ជាកិច្ចសន្យាដែរ ឲ្យតែគាត់ជាកម្មករនៅក្នុងផ្ទះហ្នឹង ម្ចាស់ផ្ទះគាត់ត្រូវមាន កាតព្វកិច្ចបង់ភាគទានឱ្យដែរ»។
អ្នកស្រីបន្តថា ៖«ថៅកែខ្លះ ក៏បានដឹងរួចដែរពីកាតព្វកិច្ច។ ប៉ុន្តែគាត់មិនចុះឱ្យហើយក៏រួមជាមួយកម្មករខ្លួនឯង ដែល គាត់មានផ្នត់គំនិត ខ្ជិលចង់បាន ដោយសារប្រើប.ស.ស សេវាសុខាភិបាល គឺមិនមានការទទួលខុសត្រូវ មិនយកចិត្តទុក ដាក់អ៊ីចឹងណា»។
អ្នកស្រីបន្ថែមថា ទោះបីប.ស.ស បានគ្របដណ្ដប់លើ មន្ទីរពេទ្យ រដ្ឋ និងជាដៃគូជាមួយមន្ទីរពេទ្យឯកជន មួយ ចំនួន ក៏ដោយ ប៉ុន្តែចំពោះសេវា គឺនូវមានភាពខ្វះចន្លោះផងដែរ សម្រាប់អ្នកទទួលបានកាតថ្មីៗ យកមកប្រើប្រាស់នៅ ពេលលើកដំបូង ដោយមានការបែងចែកកំណត់តម្លៃ សេវា នៃរយៈពេលបង់វិភាគទាន។
អ្នកស្រីលើកឡើងថា ៖ «អ៊ីចឹង រាជរដ្ឋាភិបាលគួរតែ ពិនិត្យឡើងវិញ រាល់ដែលគាត់ចេញប័ណ្ណប.ស.ស ត្បិតតែគាត់ជួយដល់ប្រជាពលរដ្ឋមែន ប៉ុន្តែប្រជាពល រដ្ឋក៏ត្រូវជួយគាត់វិញដែរ បើកាលដែលប្រើទៅអត់ មានប្រសិទ្ធិដដែលៗ គេសុខចិត្តទុកលុយគេទៅពេទ្យ ដោយផ្ទាល់វិញ វាល្អជាង»។
អ្នកស្រីបន្ថែមថាហើយក៏ដឹងប.ស.សឮគឺមានការប្រឹងប្រែងដើម្បី ប្រជា ពលរដ្ឋ ប៉ុន្តែប្រជាពលរដ្ឋ ក៏មានកាតព្វកិច្ចជួយ ដល់រដ្ឋវិញដែរ ហើយវាជាក់ស្ដែងដែលអ្នកស្រីធ្វើការ ជាមួយកម្មករ។
ជុំវិញរឿងនេះឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយក រងបេឡាជាតិរបបសន្តិសុខសង្គម បានឆ្លើយតបទៅ នឹងបញ្ហាខាងលើលោកក៏ដឹងថា មូលហេតុដែលកម្មករតាមផ្ទះ ពួកគាត់នូវតែមិនទាន់ទទួលបានអត្ថប្រយោជន៍ពីបសស ដោយសារម្ចាស់ផ្ទះ ឫថៅកែ គឺមិនបានយល់ដឹងអំពីកាតព្វ កិច្ចនៃការចុះបញ្ជីកម្មករតាមផ្ទះរបស់ពួកគាត់។ លោកបន្តថា ប.ស.សកំពុងធ្វើការដោះស្រាយ បញ្ហាដែលកើតមាន។
ឯកឧត្តម ហេង សុផាន់ណារិទ្ធ បញ្ជាក់ថា ៖ «ហើយមួយទៀត ឆ្លើយតបទៅហ្នឹងផ្នត់គំនិតរបស់ពួកគាត់ ដែលថាសេវាប.ស.ស មិនល្អនេះ អាណឹងជារួមទៅ វាគ្រាន់តែជាការគិតរបស់គាត់ គាត់មិនបានទៅជួបបញ្ហានេះដោយផ្ទាល់ទេ គ្រាន់តែលឺតាម គេ។ ក្រៅពីនេះ ជាក់ស្ដែង អ្នកធ្វើការតាមផ្ទះ គឺគាត់មិនដែល មានអ្នកណាឈឺ ឫគ្រោះថ្នាក់អី ទៅព្យាបាលនៅមន្ទីរពេទ្យ ណាមួយនៅឡើយទេ ។អ៊ីចឹងវាគ្រាន់តែជាផ្នត់គំនិតរបស់គាត់ ដឹងតៗពីគ្នាចាស់ៗមក»។
លោកបន្ថែមថា បច្ចុប្បន្ននេះ សេវាប.ស.ស គឺបានកែសម្រួល ច្រើន មនាន័យថានៅពេលដែលសមាជិកទាំងនោះ ពួក គាត់បានយល់ពីនីតិវិធីនៃការប្រើប្រាស់សេវា គឺពួកគាត់អាច ចូលប្រើប្រាស់សេវាតាមដំណើរការរបស់មន្ទីរពេទ្យបាន។ ដូច្នេះពួកគាត់នឹងលែងមានការបារម្ភទៀតហើយ។
សូមបញ្ជាក់ថាតាម ការសិក្សា របស់ អង្គការអន្តរជាតិខាង ការងារ ឬអាយឡូ( ILO) ឆ្នាំ ២០១៨ នៅ ប្រទេស កម្ពុជា កម្មករការងារផ្ទះ ត្រូវបានប៉ាន់ប្រមាណ ថាមានចំនួនប្រមាណ ២៤០ ០០០ នាក់ដែលភាគច្រើន គឺជាស្ត្រី ពួកគេធ្វើកិច្ចការ ដូចជា ការបោសសម្អាត ចម្អិនអាហារ បោកគក់ និងអ៊ុតខោអាវ ថែទាំកុមារ ថែទាំមនុស្ស ចាស់ថែទាំសួន ថែទាំទ្រព្យសម្បត្តិ ថែទាំសត្វចិញ្ចឹម និងបើកបររថយន្តសម្រាប់គ្រួសារជាដើម៕
ដោយ៖ជា សុខនី