សម្តេចតេជោ ហ៊ុន សែន ចាត់ទុកជាការប្រមាថដ៏ធ្ងន់ធ្ងរដល់សតិសម្បជញ្ជៈ ឬបំពានសិទ្ធិពលរដ្ឋ ដែលថា សម្ដេច ទិញដូរទឹកចិត្តអ្នកមកទទួលនៅទីនេះ ហើយសម្តេចក៏ចង់ដឹងដែរថា អ្នកធ្វើបាតុកម្មប្រឆាំងវត្តមានសម្ដេច មានចំនួនប៉ុន្មាននាក់
ភ្នំពេញ៖ ថ្លែងក្នុងពេលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋកំពុងរស់នៅអឹរ៉ុប នៅយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ម៉ោងនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការចោទប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលមកទទួលស្វាគមន៍ និងគាំទ្រសម្តេចនៅទីក្រុងព្រុចសែលថាជាការទិញដូរ ឬជួលនោះ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរដល់សតិសម្បជញ្ជៈ ឬបំពានសិទ្ធិពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ ប្រហែលជាភាសា(ទិញដូរ ឬជួល) នេះ យើងគួរតែបញ្ចប់វា នៅក្នុងដំណាក់កាលណាមួយ ព្រោះវាជាការប្រមាថដ៏ធ្ងន់ សម្រាប់សតិសម្បញ្ញៈ ឬសម្រាប់សិទ្ធិពលរដ្ឋ។
សម្តេចបានបន្តថា៖ ការជួបជុំបែបនេះ អត់មានការរៀបចំទេ អ្នកចង់មកក៏មក អ្នកមិនចង់មកគឺជាសិទ្ធិ ខ្ញុំមិននឹកស្មានថា អ្នកដែលមករស់នៅក្នុងទឹកដីប្រជាធិតេយ្យ បែរជាប្រើភាសានេះទៅរួច ប៉ុន្តែប្រហែលជាទម្លាប់របស់ពួកគេទេ ប៉ុន្តែមិនមែនជាទម្លាប់របស់ ហ៊ុន សែន ទេហើយក៏មិនមែនជាទម្លាប់របស់គណបក្សប្រជាជនដែរ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានសម្តែងការសោកស្តាយ ដែលក្រុមប្រឆាំងមួយចំនួនធ្លាប់នៅក្នុងប្រទេសកម្ពុជា ហើយមករស់នៅក្រៅប្រទេស តែងវាយប្រហារថា នរណាដែលមកចូលរួមជាមួយគណបក្សប្រជាជន គឺអាយ៉ងទាំងអស់ ឬយួនទាំងអស់។
ជាមួយនេះ សម្តេចក៏ចង់ដឹងដែរ ចំពោះអ្វីដែលហៅថា គម្រោងបាតុកម្មប្រឆាំងសម្តេច ដែលក្រុមប្រឆាំងបានរៀបចំ។ សម្តេចតេជោ ចង់ឱ្យអ្នកដែលប្រកូកប្រកាសអំពីការរៀបចំគម្រោងបាតុកម្មនេះ ចេញមុខដឹកនាំធ្វើបាតុកម្មប្រឆាំងសម្តេចដោយផ្ទាល់ខ្លួនផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចចង់ឃើញវត្តមានទណ្ឌិត សម រង្ស៉ី មកដឹកនាំបាតុកម្មប្រឆាំងសម្តេចដោយផ្ទាល់នៅឯប្រទេសបារាំង នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ហើយក៏ចង់ដឹងដែរថា មានចំនួនប៉ុន្មាននាក់។
ជុំវិញចំណុចនេះដែរ សម្តេចតេជោ បានឱ្យដឹងថា វាមិនចម្លែកទេ ឱ្យតែគាំទ្ររាជរដ្ឋាភិបាល និងបក្សកាន់អំណាច គឺក្រុមប្រឆាំងតែងតែហៅថាជាអាយ៉ង។ សម្តេច បានប្រាប់ប្រជាពលរដ្ឋខ្មែរថា ត្រូវជឿលើនរណាដែលអាចជួយខ្លួនបាន ហេតុអ្វីត្រូវជឿលើមនុស្សជួយតែខ្លួនឯងមិនបានផងហ្នឹង? សម្តេច ថា ចុងឆ្នាំ២០២២នេះ មានការងារយ៉ាងច្រើន ដែលតម្រូវឱ្យធ្វើដើម្បីជាប្រយោជន៍ជាតិ និងប្រជាជន។ បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចោទសួរទៅជនក្បត់ជាតិ ៣ជំនាន់ ទណ្ឌិត សម រង្ស៉ី ដែលកំពុងរស់នៅប្រទេសបារាំងថា ធ្លាប់ចូលវិមានអេលីហ្សេ ដូចសម្តេចដែរទេ?។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងនិស្សិត ដែលបានចេញសារស្វាគមន៍ដំណើរសម្តេចនៅព្រុចសែល ដែលបានបង្ហាញពីការស្រឡាញ់ចំពោះវត្តមានរបស់សម្តេចលើទឹកដីទ្វីបអឺរ៉ុប ៕ ដោយ ៖ វណ្ណលុក


