ចិនជំរុញឱ្យសហរដ្ឋអាមេរិកដកទណ្ឌកម្មចេញពីមន្រ្តីខ្លួនជាបន្ទាន់

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin ក្នុងថ្ងៃចន្ទសប្តាហ៍នេះ បានថ្លែងថា ប្រទេសរបស់លោកជំរុញឱ្យសហរដ្ឋអាមេរិកដកទណ្ឌកម្ម ដែលបានដាក់លើមន្ត្រីចិនរបស់ខ្លួនជាបន្ទាន់ ហើយឈប់ការជ្រៀតជ្រែកក្នុងកិច្ចការតំបន់ស្វយ័តទីបេ ។

ការអត្ថាធិប្បាយបែបនេះរបស់លោក Wang ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រសប្តាហ៍មុន បានដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ចិនពីររូប ជុំវិញអ្វីដែលពួកគេហៅថា ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងតំបន់ស្វយ័តទីបេ។

លោក Wang បន្តថា ភាគីអាមេរិកបានដាក់ទណ្ឌកម្មខុសច្បាប់លើមន្ត្រីចិននៅក្រោមច្បាប់ក្នុងស្រុក និងលេសនៃបញ្ហាសិទ្ធិមនុស្សនៅទីបេ ដែលជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន រំលោភលើបទដ្ឋានជាមូលដ្ឋានក្នុងទំនាក់ទំនងអន្តរជាតិ និងធ្វើឱ្យខូចទំនាក់ទំនងចិន-អាមេរិកយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ និងថ្កោលទោសយ៉ាងខ្លាំង។

អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកគ្មានសិទ្ធិដាក់ទណ្ឌកម្ម ដែលមិនមានការធានាចំពោះប្រទេសផ្សេងទៀតនោះទេ ហើយក៏មិនមានតួនាទីជា “ប៉ូលីសពិភពលោក” នោះដែរ។ លោកថា ប្រទេសចិននឹងចាត់វិធានការប្រកបដោយប្រសិទ្ធភាព និងដំណោះស្រាយដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner