មន្ត្រីទូតជប៉ុនចប់អាណត្តិអញ្ជើញជួបមេបញ្ជាការកងទ័ពជើងគោកកម្ពុជា (Video Inside)
ឯកអគ្គរាជទូតជប៉ុនដែលបញ្ចប់អាណតិ្តការទូត៣ឆ្នាំរបស់ខ្លួន បានអញ្ជើញជួបមេបញ្ជាការ កងទ័ពជើងគោកកម្ពុជាលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។
ក្នុងជំនួបនារសៀលថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២២ នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក, លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់លោកឯកអគ្គរាជទូត ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលការងារជាច្រើនក្នុងអាណត្តិការទូតអស់រយៈពេលជាង៣ឆ្នាំកន្លងមកនេះដែលបានជួយជម្រុញ កាន់តែខ្លាំងនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន បន្តរីកចម្រើនទៅមុខឥតឈប់ឈរ។
ឯកអគ្គរាជទូតជប៉ុនលោកមិកាមិ ម៉ាសាហ៊ីរ៉ូ បានសម្តែងក្តីអបអរសាទចំពោះភាព ជោគជ័យនៃទំនាក់ទំនងកម្ពុជា-ជប៉ុន ដែលបានឈានទៅដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០២៣។
កិច្ចពិភាក្សាបានផ្តោតលើជោគជ័យរបស់កម្ពុជា ក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ រួមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ព្រមទាំងការចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាសំខាន់ៗ ដែលកំពុងកើតមានឡើងនៅក្នុងតំបន់ និងសកលលោក ជាពិសេសបញ្ហា មីយ៉ាន់មា អ៊ុយក្រែន និងបញ្ហាអន្តរជាតិខ្លះទៀត។