ផ្សោតក្បាលត្រឡោកទម្ងន់៩០គីឡូក្រាមបានងាប់ ក្រោយជាប់ មងអ្នកនេសាទនៅឯខេត្តកំពត

អត្ថបទដោយ៖
CPA

កំពត៖ ប្រធានសហគមន៍នេសាទត្រពាំងរពៅព្រែកក្រែង លោក ធុង ញិល បានប្រាប់ឱ្យដឹងថា ផ្សោតក្បាលត្រឡោកទម្ងន់៩០ គីឡូក្រាមមួយក្បាលត្រូវបានប្រទះឃើញងាប់ កាលថ្ងៃទី១៣ ខែធ្នូកន្លងទៅ ដោយសារតែជាប់មងអ្នកនេសាទពិតមែន ដែលនេះជាការធ្វេសប្រហែសរបស់អ្នកនេសាទ។

លោក ធុង ញិល បានបន្ថែមថា លោកមានការសោកស្តាយ ព្រោះការបាត់បង់ផ្សោតជាផ្នែកមួយដែលប៉ះពាល់ដល់ការទាក់ទាញភ្ញៀវទេសចរ ហើយវាក៏ជាសត្វកម្រផងដែរ។ លោកបានថ្លែងថា៖ «មងនេះ ច្រើនតែជារបស់អ្នកនេសាទ នៅតំបន់ហ្នឹង យ៉ាងណាក្ដីយើងមិនបានធ្វើជាស្លាកសញ្ញាហាម ឃាត់ពួកគាត់មិនឱ្យទៅនេសាទតំបន់ហ្នឹងនោះទេ។ យើងពិតជាមានការសោកស្ដាយណាស់»។

ដោយឡែកលោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្ស ជលផល នៃរដ្ឋបាលជលផល បានឱ្យដឹងថា សព្វថ្ងៃនៅ ខេត្តកំពតមានផ្សោតប្រមាណពី ២០ ទៅ ៣០ក្បាល និង ខេត្តកែបមានផ្សោតប្រមាណ ៨០ក្បាល។

លោកក៏បង្ហាញការសោកស្ដាយចំពោះការស្លាប់របស់ផ្សោតនេះផងដែរ។លោកបានថ្លែងថា៖ «យើងមិនអាចទប់ស្កាត់ មិនឱ្យមានការប្រើមងនោះទេ ពីព្រោះមងគឺស្របច្បាប់។ ដូច្នេះចំពោះការស្លាប់ផ្សោតដោយមានការជាប់មងហ្នឹង គឺវាពិបាកបន្ទោស និងដាក់ទណ្ឌកម្មចំពោះគាត់ណាស់។ ពួកគាត់ដាក់មងសម្រាប់ចាប់ត្រីបែរជាជាប់ផ្សោត។ ចឹង! យើងកំណត់ទីតាំងដើម្បីអប់រំ និងកំណត់ទីតាំងផ្សោតឱ្យ បានច្បាស់លាស់ហើយ យើងនឹងធ្វើការផ្សព្វផ្សាយអប់រំ ប្រជាពលរដ្ឋបន្តបន្ទាប់ទៀត»។

លោក អ៊ុក វិបុល ក៏បានឱ្យដឹងទៀតថា សពសត្វផ្សោតនេះ ត្រូវបានយកមកកប់ ដើម្បីថ្ងៃក្រោយសល់ឆ្អឹង នឹងយកទៅ ដាក់តាំងនៅសារៈមន្ទីរផ្សេងៗ។ ទាក់ទងរឿងនេះ លោក ហេង គីមហុង ប្រធានផ្នែកកម្មវិធី និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) បានថ្លែងថា មន្រ្តីជលផលគួរណាតែពិនិត្យឱ្យបានត្រឹមត្រូវ ហើយត្រូវពិន័យចំពោះជនណាដែលប៉ះពាល់ទៅដល់ធនធានកម្រ។

លោកបាននិយាយថា៖ «យើងពិតជាមានការសោកស្ដាយ ប្រសិនបើអត់មានវិធានការជាក់លាក់ណាមួយទេ។ យើង បារម្ភពីការបាត់បង់សត្វផ្សោតជាបន្តបន្ទាប់ និងធនធាន ផ្សេងទៀត ប្រសិនបើនៅតែចឹង។ យើងជាប្រទេស នីតិរដ្ឋ ច្រើនឆ្នាំដែរហើយ ។ដូច្នេះអ្នកដែលធ្វើខុសត្រូវជំរុញឱ្យមាន ការទទួលខុសត្រូវចំពោះមុខច្បាប់»៕
ដោយ៖ ហោ សុវិទ្យា

ads banner