យ៉ាងហោចណាស់មនុស្ស ២២ នាក់បានស្លាប់ នៅក្នុងប្រទេស ឥណ្ឌា បន្ទាប់ពីពុលស្រា
ដេល្លី៖ អាជ្ញាធរបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូថា មនុស្សយ៉ាងហោចណាស់ ២២ នាក់បានស្លាប់ និងជាច្រើននាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ នៅក្នុង ប្រទេសឥណ្ឌា បន្ទាប់ពីបានផឹកស្រាដែលមានជាតិពុល។
ការស្លាប់នេះបានកើតឡើង ភាគច្រើន នៅក្នុងភូមិចំនួនពីរ នៅភាគខាងកើតនៃរដ្ឋ Bihar ជាកន្លែងដែលការលក់ និងការទទួលទានស្រា ត្រូវបានហាមឃាត់។
ការហាមប្រាមបែបនេះបានចូលជាធរមាននៅក្នុងរដ្ឋមួយចំនួនរបស់ឥណ្ឌា ដែលជំរុញឱ្យមានទីផ្សារងងឹត សម្រាប់គ្រឿងស្រវឹង មានតំលៃថោក ដែលផលិតនៅក្នុងហាងចម្រោះទឹក នៅតាមផ្លូវ ដែលមិនមានការគ្រប់គ្រង សម្លាប់មនុស្សរាប់រយនាក់ ជារៀង រាល់ឆ្នាំ។
នៅក្នុងឧប្បត្តិហេតុចុងក្រោយនេះ បុរសនៅស្រុកសារ៉ាន់ បាន ចាប់ផ្តើមក្អួត កាលពីថ្ងៃអង្គារ មុនពេលស្ថានភាពកាន់តែ យ៉ាប់យ៉ឺន។បីនាក់បានស្លាប់នៅតាមផ្លូវទៅ មន្ទីរពេទ្យ ហើយ អ្នកផ្សេងទៀតបានស្លាប់ពេលកំពុងព្យាបាល នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។
កាលពីខែកក្កដា មនុស្ស ៤២ នាក់បានស្លាប់នៅរដ្ឋ Gujarat ភាគខាងលិច ប្រទេសឥណ្ឌា បន្ទាប់ពីផឹកស្រាស។ កាលពីឆ្នាំមុន មនុស្សប្រហែល ១០០ នាក់បានស្លាប់នៅក្នុងរដ្ឋភាគខាងជើងនៃរដ្ឋ Punjab ក្នុងឧបទ្ទវហេតុស្រដៀងគ្នានេះ៕
ប្រភពពី Reuters, ប្រែសម្រួល៖ សារ៉ាត


