ប្រធានាធិបតីតួកគី ស្នើរៀបចំកិច្ចប្រជុំត្រីភាគី រវាងស៊ីរី តួកគី និងរុស្ស៊ី ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខ

អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្កាន់ ក្នុង ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបញ្ជាក់ថា គាត់បានស្នើទៅកាន់ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន សម្រាប់កិច្ចប្រជុំត្រី ភាគី ជាមួយសមភាគីស៊ីរី លោក បាសា អាល់ អាសាដ ដើម្បី ពិភាក្សាពីជំហានត្រីភាគីលើបញ្ហាសន្តិសុខ។

នៅពេលសួរអំពីក្តីកង្វល់សន្តិសុខរបស់តួកគី នៅភាគខាងជើង ប្រទេសស៊ីរី លោក អឺដូហ្កាន់ បានប្រាប់អ្នកយកព័ត៌មានក្នុង អំឡុងពេលហោះហើរត្រឡប់ពីប្រទេសតួកម៉េនីស្ថាន ថា នៅ ពេលនេះ យើងចង់បោះជំហានមួយ គឺការរៀបចំកិច្ចពិភាក្សាត្រី ភាគរវាងស៊ីរី តួកគី និងរុស្ស៊ី។

លោក អឺដូហ្កាន់ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដក ស្រង់ សម្តីនិយាយថា សម្រាប់ការពិភាក្សាលើបញ្ហានេះ ជាដំបូង គឺកិច្ចប្រជុំអង្គការចារកម្ម បន្ទាប់មកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ ហើយក្រោយមកទៀត រដ្ឋមន្ត្រីការបរទេសនៃភាគីនានាគួរតែ ជួបប្រជុំគ្នា ហើយបន្ទាប់ពីកិច្ចប្រជុំនោះ ក៏នឹងមានកិច្ចប្រជុំរវាង មេដឹកនាំផងដែរ… ខ្ញុំបានស្នើបែបនេះដល់លោក ពូទីន… ហើយ គាត់បានយល់ឃើញថា វាជារឿងវិជ្ជមាន។

សម្រាប់លោក អឺដូហ្កាន់ និងលោក អាសាដ មិនដែលបាន ជួបគ្នានោះទេ ចាប់តាំងពីផ្ទុះសង្គ្រាមស៊ីវិលក្នុងប្រទេសស៊ីរី នៅឆ្នាំ ២០១១មក ខណៈដែលតួកគីបានគាំទ្រក្រុមឧទ្ទាមស៊ីរី ខាងនយោបាយ និងយោធាក្នុងអំឡុងកើតមានវិបត្តិ រយៈ ពេល១១ឆ្នាំ។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មាន ខែកន្លង មកនេះ ប្រធានាធិបតីតួកគីបាននិយាយថា គាត់មិនច្រាន ចោលការជួបជាមួយសមភាគីស៊ីរីនោះទេ បន្ទាប់ពីទំនាក់ទំនង រវាងប្រទេសទាំងពីរបានដាច់ជាងមួយទសវត្សរ៍៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner