អ្នកដំណើរអូស្ត្រាលីត្រូវបានព្រមានឱ្យត្រៀមខ្លួនសម្រាប់ភាពវឹកវរ ក្នុងការធ្វើដំណើរ នារដូវវិស្សមកាល
ស៊ីដនី៖ ប្រជាជនដែលធ្វើដំណើរតាមអាកាសយានដ្ឋានសំខាន់ៗរបស់អូស្ត្រាលីត្រូវបានព្រមានថានឹងមានការរង់ចាំយូរជាងធម្មតា និងការពន្យារពេល ដែលអាចកើតមាន ដោយសារមនុស្សរាប់លាននាក់ត្រូវបានព្យាករណ៍ថា នឹងមានវត្តមាននៅព្រលានយន្តហោះ ក្នុងរដូវវិស្សមកាលនេះ ។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា នៅអាកាសយានដ្ឋានអូស្ត្រាលីមួយចំនួនបានចាប់ផ្តើមមមាញឹក នាថ្ងៃសុក្រនេះ ហើយមានមនុស្សពីរឬ បីនាក់ខកខានការហោះហើររបស់ពួកគេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីសប្តាហ៍មុន លោក Geoff Culbert នាយកប្រតិបត្តិនៅអាកាសយានដ្ឋានស៊ីដនីបាននិយាយថា អាកាសយានដ្ឋានកំពុងរំពឹងថា នឹងមានរយៈពេលឈប់សម្រាកដ៏មមាញឹកបំផុត ចាប់តាំងពីឆ្នាំ ២០១៩ ដោយមានមនុស្សជាង ២.២ លាននាក់នឹងឆ្លងកាត់អាកាសយានដ្ឋាន ចាប់ពីថ្ងៃទី ១២ ខែធ្នូដល់ថ្ងៃទី ១ខែមករា។
លោក Culbert បាននិយាយថា អ្នកធ្វើដំណើរត្រូវមកដល់ពីរម៉ោងមុនពេលចេញដំណើរសម្រាប់ជើងហោះហើរក្នុងស្រុក និងបីម៉ោងមុនសម្រាប់ជើងហោះហើរអន្តរជាតិ ដោយសារផ្នែកខ្លះនៃប្រតិបត្តិការនៅតែជួបបញ្ហា និងមិនមានបុគ្គលិកគ្រប់គ្រានសម្រាប់ក្រុមអ្នកដំណើរដ៏ច្រើន។
នៅក្នុងរដ្ឋ Queensland ប្រធានផ្នែកកិច្ចការសាធារណៈនៃអាកាសយានដ្ឋាន Brisbane លោក Stephen Beckett បាននិយាយថា កំណត់ត្រានៃមនុស្សចំនួន ១៤៣០០ នាក់នឹងធ្វើដំណើរឆ្លងកាត់ នៅថ្ងៃសុក្រ ដោយពួកគេភាគច្រើនព្យាយាមត្រឡប់ទៅផ្ទះ ឬទៅលេងគ្រួសារមុនចុងសប្តាហ៍៕ ប្រភពពីស៊ីនហួរ, ដោយ៖ សារ៉ាត



