សេដ្ឋកិច្ចថៃបន្តងើបឡើងវិញ ប៉ុន្តែនៅប្រឈមមុខនឹង បញ្ហាជាច្រើន ទៀត
ថៃ៖ ប្រធានធនាគារកណ្តាលថៃ បាននិយាយនៅថ្ងៃសុក្រ ទី១៦ ខែធ្នូ នេះថា សេដ្ឋកិច្ចរបស់ថៃបន្តងើបឡើងមកវិញ ប៉ុន្តែនៅប្រឈមមុខ នឹង បញ្ហាជាច្រើនទៀត។ ក្នុងកាលៈទេសៈនេះ ថៃ បានដាក់ចេញនូវ គោលនយោបាយអាទិភាពជាច្រើនដើម្បីធានាបាននូវការស្ទុះងើបឡើងវិញជាបន្តទៀត។
ការដំឡើងអត្រាការប្រាក់បន្ថែមទៀត នឹងត្រូវពិចារណាជាបណ្តើរៗ ក៏ប៉ុន្តែធនាគារកណ្តាលថៃ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់ វិធានការឱ្យបានសមស្របប្រសិនបើចាំបាច់។ នេះបើតាមទេសាភិ បាលធនាគារថៃលោក សត្ថាពុទ្ធ ស៊ូធីវ៉ាតនរុពុទ្ធ (Sethaput Suthiwartnaruput) និយាយ នៅក្នុងសិក្ខាសាលា អាជីវកម្ម តាមអនឡាញមួយ។
លោក សត្ថាពុទ្ធ បានលើកឡើងទៀតថា ការដំឡើងអត្រាការ ប្រាក់ ខ្លាំងពេកគឺមិនសមស្របទេ ព្រោះតែសេដ្ឋកិច្ចនៅស្ថិតក្នុងដំណាក់ កាលដំបូងនៃការងើបឡើងវិញ ហើយអតិផរណាដែលរុញច្រាន ដោយខ្សែច្រវាក់ផ្គត់ផ្គង់ កំពុងមានភាពធូរស្រាល។
ធនាគារកណ្តាល បានព្យាករថាសេដ្ឋកិច្ចថៃនឹងកើនឡើង ៣,២ ភាគរយ នៅឆ្នាំ ២០២២នេះ និង ៣,៧ ភាគរយ នៅឆ្នាំក្រោយ ហើយទេសចរណ៍ និងការចំណាយរបស់ប្រជាជន គឺជាកត្តាជំរុញដ៏ សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
លោក សត្ថាពុទ្ធ បានឱ្យដឹងដែរថា បំណុលទិញអចលនទ្រព្យច្រើន អាចរំខានដល់សេដ្ឋកិច្ច ហើយចាំបាច់ត្រូវទម្លាក់ទៅកាន់កម្រិត ដែលប្រកបដោយនិរន្តរភាព។
គួរជ្រាបថា ធនាគារថៃ បានដំឡើងអត្រាការប្រាក់ ០,៧៥ភាគរយ ចាប់តាំងពីខែសីហា។ វិធានការនេះ មិនធ្ងន់ធ្ងរខ្លាំងឡើយបើ ប្រៀបធៀប នឹងប្រទេសផ្សេងទៀតក្នុងតំបន់ ដោយសារការស្ទុះ ងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ថៃ មានភាពយឺតយ៉ាវជាង ប្រទេស អាស៊ីអាគ្នេយ៍ផ្សេងទៀត ដោយសារទេសចរណ៍ដែលជាវិស័យ គន្លឹះរបស់សេដ្ឋកិច្ចថៃ ទើបតែចាប់ផ្តើមកើនឡើងវិញនៅឆ្នាំ ២០២២នេះ៕
ដោយ៖ លី លីយ៉ា
ប្រភពព័ត៌មាន៖ Thai economy continues to recover but faces more challenges – central bank