សហភាពអឺរ៉ុបព្រមព្រៀងផ្តល់ជំនួយជាង១៩ពាន់លានដុល្លារដល់អ៊ុយក្រែនសម្រាប់ឆ្នាំ២០២៣
ព្រុចសែល៖ មេដឹកនាំនៃបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប បានយល់ព្រមផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុសរុបចំនួន១៨ពាន់លានអឺរ៉ូ ឬប្រហែល១៩ពាន់លានដុល្លារអាមេរិកដល់អ៊ុយក្រែន។
នៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែល ក្នុងថ្ងៃព្រហស្បតិ៍ សប្តាហ៍ នេះ មេដឹកនាំអឺរ៉ុបបានសម្រេចចិត្តផ្តល់ថវិកាដ៏ច្រើនសម្បើម ទៅឱ្យ អ៊ុយក្រែននៅឆ្នាំក្រោយ ខណៈដែលការវាយប្រហាររបស់រុស្ស៊ីលើ អ៊ុយក្រែន នៅតែបន្ត។
មេដឹកនាំអឺរ៉ុបបាននិយាយថា កញ្ចប់ថវិកានេះមានគោលបំណង ថែរក្សា សេវាសាធារណៈសំខាន់ៗ និងជួយជួសជុលហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗដែលត្រូវបានបំផ្លាញដោយយោធារុស្ស៊ី។
អ្នកចូលរួមនៃកិច្ចប្រជុំថ្នាក់ឯកអគ្គរដ្ឋទូត ក៏បានធ្វើឡើង ក្នុងថ្ងៃ ព្រហស្បតិ៍ សប្តាហ៍នេះដែរ បានយល់ព្រមលើកញ្ចប់ទណ្ឌកម្មជុំថ្មី ប្រឆាំងនឹងរុស្ស៊ីផងដែរ។
បន្ទាប់ពីកិច្ចប្រជុំកំពូលខាងលើនេះ ប្រធានគណៈកម្មាធិការអ៊ឺរ៉ុប លោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយែន បាននិយាយថា រាល់សម្ពាធ ទាំងអស់ដែលយើងមាម ជាមួយនឹងសង្គ្រាមដ៏សាហាវដែលរុស្ស៊ី កំពុងដឹកនាំប្រឆាំងនឹងអ៊ុយក្រែន យើងបានធ្វើសកម្មភាពក្នុងការ រួបរួមគ្នា និងក្នុងល្បឿនមិនធ្លាប់មានពីមុនមក៕
ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា




