កម្ពុជាចុះត្រជាក់ខ្លាំង នៅដើមសប្ដាហ៍ខាងមុខនេះ (Video Inside)
កម្ពុជានឹងប្រឈមធាតុអាកាសអាចចុះត្រជាក់ខ្លាំង ជាពិសេសនៅបណ្តាខេត្ត នៅតំបន់ភ្នំ និងជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន។ ភាពប្រែប្រួលអាកាសធាតុនេះ គឺដោយសារតែ ឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីចិន បានធ្លាក់យ៉ាងគំហុកមកក្រោម ជាមួយនឹងខ្យល់មូសុង បក់ក្នុងល្បឿនខ្លាំង ។
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម រវាងពីថ្ងៃទី១៨រហូតដល់ថ្ងៃទី២០ ខែធ្នូ បណ្ដាខេត្ដដែលអាចចុះត្រជាក់ខ្លាំងនោះមានដូចជា៖ ខេត្តមណ្ឌលគិរី, ខេត្តរតនគិរី, ខេត្តព្រះវិហារ, ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន ដែលមានសីតុណ្ហភាពត្រជាក់អប្បបរមា ក្នុងរង្វង់រវាងពី១៥ទៅ១៦ អង្សាសេ ។
ចំណែកឯ នៅខេត្តបន្ទាយមានជ័យ ,ខេត្តបាត់ដំបង ,ខេត្តសៀមរាប និងខេត្តស្ទឹងត្រែង គឺមានសីតុណ្ហភាពត្រ ជាក់អប្បបរមា អាចនឹងធ្លាក់ចុះក្នុងរង្វង់ពី១៧ទៅ១៨ អង្សាសេ។
ការព្យាករណ៍ ចំពោះរាជធានី និងបណ្តាខេត្តដទៃទៀត គឺមានសីតុណ្ហភាពអប្បបរមា ស្ថិតក្នុងរង្វង់២០ អង្សាសេ ។ ហើយនៅក្នុងអំឡុងពេលនោះដែរ សីតុណ្ហភាពកម្ដៅអតិបរមា នៅវេលាពេលថ្ងៃគឺមានរវាងពី ២៦ទៅ២៩អង្សាសេ ។
ក្រសួងធនធានទឹក និងឧតុនិយម ក៏បានបញ្ជាក់ដែរថា បន្ទាប់ពីថ្ងៃទី២១ ខែធ្នូទៅសីតុណ្ហភាព អាចកើនឡើងមកវិញ រវាងពី ២ទៅ៣ អង្សាសេ។