ឆ្កែចចកចាប់ផ្តើមបង្ហាញវត្តមានច្រើនឡើងវិញនៅតាមដែនជម្រកសត្វព្រៃរបស់កម្ពុជា

ភ្នំពេញ៖ មន្ត្រីឧទ្យានុរក្សនៅតាមតំបន់ការពារធម្មជាតិនៅភូមិភាគឦសានបានកត់សម្គាល់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅតាមដែនជម្រកសត្វព្រៃរបស់កម្ពុជា ចាប់ផ្ដើមឃើញវត្តមានសត្វឆ្កែចចកឡើងវិញ ក្រោយពីរឹតបន្ដឹងនាំសត្វឆ្កែស្រុកចូលក្នុងព្រៃ។ នេះបើតាមការឱ្យដឹងពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន។

តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ដែលបានធ្វើការបង្ហោះនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម នេត្រ ភក្រ្តា បានឱ្យដឹងដែរថា ៖ទឹកមាត់របស់សត្វឆ្កែស្រុកមានមេរោគច្រើន ដែលធ្វើឲ្យឆ្លងជំងឺដល់សត្វឆ្កែចចក និងសត្វព្រៃផ្សេងទៀត ព្រមទាំង ធ្វើឲ្យសត្វព្រៃស្លាប់ បន្ថែមពីលើការលួចប្រមាញ់សត្វដោយខុសច្បាប់ផងដែរ។រូបភាពនេះជារូបឆ្កែចចក នៅក្នុងដែនជម្រកសត្វព្រៃកម្ពុជា។

ភិនភាគ៖ ឆ្កែចចកមានរូបរាងស្រដៀងនឹងឆ្កែស្រុកដែរ ប៉ុន្តែតូចជាង ឆ្កែព្រៃហើយលក្ខណៈពណ៌ មាន លាយឡំ ជាមួយប្រផេះនិងត្នោត។ចុងកន្ទុយមានលក្ខណៈសំពោង ភ្ជាប់ជាមួយ រោមពណ៌ ក្រម៉ៅ។ វាមានកន្ទុយត្រង់មិនខ្វៀនដូចកន្ទុយឆ្កែស្រុកទេ។

ជីវសាស្ត្រ៖ វាចូលចិត្តរស់នៅព្រៃរបោះវាលស្មៅ និងព្រៃពាក់កណ្តាលស្រោង ។ ជាទូទៅ សត្វ ឈ្មោលមានតួនាទី ជាអ្នកមើលថែរក្សាកូនតូចៗច្រើនជាងសត្វញី ។ វាភាគច្រើនរកស៊ីនៅពេលយប់ ពួកវា តែងតែបញ្ចេញសំឡេង លូ នៅពេលយប់ងងឹត និង នៅពេលព្រឹកព្រលឹមស្រាងៗ ហើយគេបាន ប្រទះផងដែរពីវត្តមានសត្វនេះនៅពេលថ្ងៃ ។ ជាទូទៅ វាតែងតែដើរតែឯកឯងពេលខ្លះជាក្រុមតូច ឬ ជាគូ ជាមួយនឹងកូនផងដែរ។ ចំណីអាហាររបស់ ឆ្កែចចកមានដូចជា៖ រុក្ខជាតិ ពពួក ឈ្លូស ប្រើស រមាំង សត្វ ស្លាប ល្មូន ពពួក ជលថនិកសត្វ ព្រមទាំង សាកសពសត្វស្អុយរលួយ និងចំណីដែលបន្សល់ ទុកពីសត្វដទៃ។ វាបង្កាត់ពូជជារៀងរាល់ឆ្នាំជាទូទៅមានកូនពី៤-៥ក្បាល បន្ទាប់ពីពពោះរយៈពេល ពីរ ខែ។ ឈ្មោល និងញីមានភារៈកិច្ចស្វែងរកចំណីឲ្យកូន។សត្វប្រភេទនេះអាចមានជីវិត រស់នៅ រហូតដល់អាយុ ១៦ឆ្នាំ។
របាយរស់នៅ៖ ឆ្កែចចកមានវត្តមាននៅភូមិភាគខាងជើង និង ឦសាននៃប្រទេសកម្ពុជា។ គេ រកឃើញ ផងដែរ នៅអាហ្វ្រិកខាងកើត និងខាងជើងប្រទេសប៉ាគីស្ថាន ប្រទេស ឥណ្ឌា ភាគខាងត្បូង អឺរ៉ុប ប្រទេសភូមាភាគខាងជើង និងភាគខាងលិចនៃប្រទេសថៃ។

ស្ថានភាពអភិរក្ស៖ឆ្កែចចកស្ថិតក្នុងក្រុមប្រភេទមានដោយបង្គួរនិងបានចុះក្នុងបញ្ជីក្រហម IUCN (LC) ជា ប្រភេទ រងគ្រោះថ្នាក់ តិចតួច។
ឆ្កែចចក កំពុងរងគ្រោះដោយសារការទាក់ចាប់ និងបាត់បង់ ជម្រក ដែល ធ្លាប់តែ រកចំណី និងរស់នៅ ៕ ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner