អឺរ៉ុបអនុម័តផែនការជាប្រវត្តិសាស្ត្រ ក្នុងការយកពន្ធអប្បបរមា ១៥ភាគរយ លើក្រុមហ៊ុនអន្តរជាតិធំៗ
អឺរ៉ុប៖សហភាពអឺរ៉ុបបានអនុម័តផែនការសម្រាប់ពន្ធអប្បបរមា ១៥ភាគរយជាសកលទៅលើអាជីវកម្មរបស់ក្រុមហ៊ុនអន្តរជាតិធំៗបន្ទាប់ពីមេដឹកនាំទាំងអស់បានផ្តល់ការយល់ព្រមចុងក្រោយ ក្រោយពីមានការប្រទាំងប្រទើសគ្នាអស់ពេលជាច្រើនខែ។
កិច្ចព្រមព្រៀងដ៏សំខាន់រវាងជិត ១៤០ ប្រទេសនេះ មានគោល បំណងបញ្ឈប់ការប្រកួតប្រជែងរវាងរដ្ឋាភិបាលនានាដែលបានប្រណាំងគ្នាកាត់បន្ថយពន្ធដើម្បីទាក់ទាញក្រុមហ៊ុនធំៗជាងគេបំផុតរបស់ពិភពលោកមករកស៊ីនៅលើទឹកដីរបស់ពួកគេ។
ស្នងការសេដ្ឋកិច្ចសហភាពអឺរ៉ុបលោក ប៉ាវឡូ ជិនទីឡួនី (Paolo Gentiloni) បាននិយាយថា៖ «ថ្ងៃនេះសហភាព អឺរ៉ុបបានបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកសមធម៌ពន្ធដារ និងយុត្តិធម៌សង្គម» ហើយថា«ការយកពន្ធអប្បបរមាគឺជា គន្លឹះក្នុងការដោះស្រាយបញ្ហាប្រឈមដែលសេដ្ឋកិច្ចសកលបង្កើតឡើង»។
ផែនការនេះត្រូវបានបង្កើតឡើងដំបូងក្រោមការដឹកនាំរបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ ហៅ កាត់ថា OECD ដោយទទួលបានការគាំទ្រពីទីក្រុងវ៉ាស៊ីនតោន និងប្រទេសសេដ្ឋកិច្ចសំខាន់ៗមួយចំនួនរបស់សហភាពអឺរ៉ុប។
ប៉ុន្តែ ការអនុវត្តពន្ធអប្បបរមានេះនៅក្នុងប្រទេសទាំង ២៧ របស់ សហភាពអឺរ៉ុប ត្រូវបានពន្យារពេលទៅវិញ ខណៈដែល រដ្ឋជាសមាជិកបានលើកឡើងពីការជំទាស់ ឬ អនុម័ត យុទ្ធសាស្ត្រ ទប់ស្កាត់។ទើបតែនៅឯកិច្ចប្រជុំកំពូល កាល ពីថ្ងៃ ព្រហស្បតិ៍មុននេះ ទើបការអល់ឯកត្រូវបានដោះស្រាយ ដាច់ស្រេច ហើយពន្ធអប្បបរមានឹងចូលជាធរមាននៅ ទូទាំង សហភាពអឺរ៉ុបចាប់ពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ តទៅ។
ការសម្រេចនេះបានទទួលការសាទរពីមេដឹកនាំធំៗ។ ជាក់ស្តែង លោកអធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហុលស៍ បាននិយាយថា វាគឺជា «គម្រោងដែលនៅជិតបេះដូងរបស់ ខ្ញុំ បំផុត»។ រីឯ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង វិញបានលើកឡើងថា ប្រទេសបារាំងបានជំរុញគំនិត នេះ អស់រយៈ ពេលជាងបួនឆ្នាំមកហើយថា វាជាជំហានឆ្ពោះ ទៅមុខដ៏សំខាន់មួយសម្រាប់អ្នកទាំងឡាយណាដែលជឿជាក់លើយុត្តិធម៌ពន្ធដូចយើងដែរ៕
ដោយ៖ លី លីយ៉ា