ធនាគារ អិលអូអិលស៊ី (ខេមបូឌា) ជ្រើសរើសកំពូលតារាចម្រៀងក្នុងស្រុកមួយរូប ដើម្បីជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការឱ្យកាន់តែទូលំទូលាយ

ភ្នំពេញ៖ លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (ខេមបូឌា) មានប្រសាសន៍ថា យើងពិតជារីករាយជាខ្លាំងដែលអិលអូអិលស៊ី បានសហការគ្នាជាមួយនឹងតារាចម្រៀងដ៏ល្បីដូចជា អ្នកនាង មាស សុខសោភា ក្នុងការសហការផ្សព្វផ្សាយអំពីផលិតផល និងសេវាកម្មដ៏សម្បូរបែបរបស់អិលអូអិលស៊ី ដើម្បីឱ្យអតិថិជន និងសាធារណជនទូទៅ បានស្គាល់ និងអាចទទួលបាននូវសេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយការទទួលខុសត្រូវសង្គម។

ការថ្លែងបែបនេះរបស់លោក សុខ វឿន ធ្វើឡើងនាឱកាសដែលធនាគារអិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានរៀបចំកម្មវិធីស្វាគមន៍ទូតសុឆន្ទៈរបស់ខ្លួនជាផ្លូវការ គឺកំពូលតារាចម្រៀង មាស សុខសោភា ដែលប្រព្រឹត្តទៅក្នុងផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២។

លោកប្រធានប្រតិបត្តិបន្តថា នេះគឺជាសក្ខីភាពបន្ថែមទៀតក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរបស់ អិលអូអិលស៊ី ក្នុងការផ្តល់ជូនសេវាហិរញ្ញវត្ថុរបស់ខ្លួនឱ្យកាន់តែទូលំទូលាយដល់អតិថិជនរបស់យើង ក៏ដូចជាសម្រាប់ប្រជាជនកម្ពុជាទាំងមូលទាំងនៅទីក្រុង និងជនបទ ក្នុងការសម្រេចចិត្តជ្រើសរើសដៃគូហិរញ្ញវត្ថុដ៏ត្រឹមត្រូវដើម្បីភាពរីកចម្រើនជាមួយគ្នា ហើយក៏អាចបង្កើននូវទំនុកចិត្តកាន់តែប្រសើរឡើងថែមទៀត ពីសំណាក់អតិថិជន និងសាធារណជនទាំងថ្នាក់ជាតិ និងអន្តរជាតិ។

ក្នុងឱកាសនោះដែរ អ្នកនាង មាស សុខសោភា ទូតសុឆន្ទៈរបស់ អិលអូអិលស៊ី (ខេមបូឌា) ក៏បានថ្លែងដែរថា នាងខ្ញុំជឿជាក់ថា តាមរយៈការបំពេញកិច្ចការងារជាទូតសុឆន្ទៈរបស់អិលអូអិលស៊ី យើងនឹងរួមគ្នាផ្សព្វផ្សាយ និងជំរុញបន្ថែមដល់ប្រជាជនកម្ពុជារបស់យើងឱ្យបានស្គាល់ច្បាស់អំពីលក្ខណៈពិសេសនៃផលិតផល និងសេវាកម្មរបស់អិលអូអិលស៊ី ដែលមានលក្ខណៈបត់បែន និងអាចបំពេញតាមតម្រូវការហិរញ្ញវត្ថុរបស់អតិថិជន។

បន្ថែមលើនេះ យើងនឹងរួមគ្នាផ្សព្វផ្សាយឱ្យអតិថិជនយល់ដឹងកាន់តែច្រើនពីការប្រើប្រាស់ និងគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ និងផ្លាស់ប្តូរទម្លាប់ពីការរក្សាទុកសាច់ប្រាក់នៅផ្ទះដែលមានហានិភ័យខ្ពស់ មកដាក់សន្សំនៅស្ថាប័នហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ព្រមទាំងទទួលបានអត្រាការប្រាក់ខ្ពស់ពីការសន្សំផងដែរ។

សូមជម្រាបថា បច្ចុប្បន្ន អិលអូអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើដែលធំជាងគេលំដាប់ទី៣ នៅក្នុងប្រទេសកម្ពុជា បើគិតទៅសមតុល្យប្រាក់បញ្ញើ ផលបត្រឥណទាន និងចំនួនអតិថិជន។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ អិលអូអិលស៊ី មានទ្រព្យសកម្មសរុបប្រមាណ ១.៤៧០លានដុល្លារ ដែលកើនឡើង ២០% បើធៀបនឹងឆ្នាំ២០២១។

ផលបត្រឥណទាន/ប្រាក់កម្ចីអតិថិជនមានចំនួនជាង ១.២៤៨លានដុល្លារ ដែលកើនឡើងប្រមាណ ២០% បើធៀបនឹងឆ្នាំ២០២១។ សមតុល្យប្រាក់បញ្ញើរបស់អតិថិជនមានប្រមាណ ៧៦០លានដុល្លារ ដែលកើនឡើង ៣០% បើធៀបនឹងឆ្នាំ២០២១។ បុគ្គលិកសរុបមានចំនួនជាង ៣.៥០០នាក់ ដែលកំពុងបម្រើសេវាឥណទានជូនអតិថិជនប្រមាណ ៣៥ ម៉ឺននាក់ និងបម្រើសេវាប្រាក់បញ្ញើជូនអតិថិជនប្រមាណ ៥២ម៉ឺននាក់៕ ដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner