ប្រើសស្បូវចូលចិត្តរកស៊ីពេលព្រលប់ និង ព្រឹកព្រលឹម
ភ្នំពេញ៖ ប្រើសស្បូវ មានឈ្មោះអង់គ្លេស Sambar និងមានឈ្មោះតាមវិទ្យាសាស្រ្ត Rusa unicolor ហើយជាប្រភេទសត្វចូលចិត្តរកស៊ីពេលព្រលប់ និង ព្រឹកព្រលឹម។

ប្រើសស្បូវជាថនិកសត្វតិណាសី ស្ថិតក្នុងត្រកូលប្រើសដែលមានមាឌធំជាងគេ។ លើដងខ្លួន មានរោមពណ៌ប្រផេះស្ទើរក្រម៉ៅ និងនៅលើកមានរោមញឹកវែងសណ្ឋានជាប្រែង។ វារកស៊ីនៅពេលព្រលប់ និងពេលព្រលឹម ហើយសំរាកនៅពេលថ្ងៃតាមព្រៃក្រាស់ៗ។

បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាននៅថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០២២ឱ្យដឹងថា៖ ប្រើសស្បូវរស់នៅតាមតំបន់ព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង រួមទាំងព្រៃល្បោះ។ ប្រើសស្បូវចូលចិត្តស៊ីដីច្រាប ជាពិសេសប្រើសឈ្មោលដែលកំពុងលូតលាស់ស្នែង ហើយមានជារៀងរាល់ឆ្នាំ រដូវកាច់ស្តែងនៅអំឡុងខែកក្កដា-កញ្ញា។

សត្វព្រៃប្រភេទនេះ មានវត្តមាននៅភូមិភាគខាងជើង និរតី និងភូមិភាគឦសាន នៃប្រទេសកម្ពុជា។ ប្រើសស្បូវជាប្រភេទសត្វមានដោយបង្គួរនៅកម្ពុជា និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទងាយរងគ្រោះថ្នាក់(VU)៕ដោយ៖ម៉ាដេប៉ូ

