កម្ពុជា និងប្រទេសគុយបា បានឯកភាពគ្នាក្នុងការពង្រឹងវិស័យសុខាភិបាលឱ្យខ្លាំងបន្ថែមទៀត
ភ្នំពេញ៖ កម្ពុជា និងសាធារណរដ្ឋគុយបា បានឯកភាពគ្នាក្នុងការពង្រឹង និងជំរុញបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាលរវាងប្រទេសទាំងពីរ ព្រមទាំងបណ្តុះបណ្តាលលើធនធានមនុស្សផ្នែកវេជ្ជសាស្ត្រនិងឯកទេស ដែលកិច្ចសហការទាំងនេះនឹងចាប់ផ្តើមអនុវត្តនៅឆ្នាំ ២០២៣។

ការឯកភាពនេះត្រូវបានសម្រេចឡើង ក្នុងអំឡុងពេលដែល រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេស លោកជំទាវ ឱ វណ្ណឌីន បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា ពីថ្ងៃទី១១ ដល់ទី១៩ខែធ្នូ ឆ្នាំ២០២២។
ការបំពេញទស្សនកិច្ចនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល ដោយអនុលោមតាម អនុស្សរណៈនៃកា រយោគយល់គ្នារវាងក្រសួងសុខាភិបាលកម្ពុជា និងក្រសួងសុខភាពសាធារណៈនៃសាធារណៈរដ្ឋគុយបា ដែលបានចុះហត្ថលេ ខាកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួង សុខាភិបាល ស្តីពីលទ្ធផលដំណើរទស្សនកិច្ចទៅប្រទេសគុយបា កាលពីថ្ងៃទី ១៧ ខែធ្នូ បាន ឱ្យដឹងថា អនុស្សរណៈនេះ បានផ្ដោតលើការពិនិត្យលទ្ធភាពធ្វើកិច្ចសហការផ្នែកឱសថ (សម្រាប់ការព្យាបាលជំងឺមហារីក និងជំងឺទឹកនោមផ្អែមជាដើម) វ៉ាក់សាំង (សម្រាប់បង្ការជំងឺកុមារ និងជំងឺកូវីដ១៩) ឧបករណ៍ បរិក្ខារពេទ្យ ព្រមទាំងសិក្សា និងការបណ្តុះបណ្តាលស្វែងយល់អំពីការងារថែទាំសុខភាពបឋមរបស់ប្រទេសគុយបា ធនធានមនុស្សផ្នែកវេជ្ជសាស្ត្រទូទៅ និងឯកទេស។
សេចក្តីប្រកាសព័ត៌មាន បានគូសបញ្ជាក់ថា ភាគីទាំងពីរ បានឯកភាពគ្នានូវចំណុចមួយចំនួនដើម្បីជំរុញលើវិស័យសុខាភិបាលឱ្យខ្លាំងបន្ថែមទៀត។ ចំណុចឯកភាពទាំងនោះរួមមាន ភាគីគុយបា នឹងពិនិត្យលទ្ធភាពបន្ថែម អាហា រូប ករណ៍ ដល់និស្សិតកម្ពុជា ទៅសិក្សាផ្នែកសុខាភិបាលឱ្យបានច្រើនបន្ថែមទៀត ព្រមទាំងពិចារណាជាមួយក្រសួងពាណិជ្ជកម្មអន្តរជាតិនៃប្រទេ សគុយបា ក្នុងការផ្តល់អាហារូបករណ៍បន្តការសិក្សាថ្នាក់ឯកទេសព្យាបាលជំងឺមហារីកដល់និស្សិតខ្មែរចំនួន ៣ រូបដែលកំពុងសិក្សាថ្នាក់វេជ្ជបណ្ឌិតទូទៅនៅប្រទេសគុយបា។

ក្រសួងសុខាភិបាល បាន ឱ្យដឹងថា ៖ «ភាគីគុយបា បានឯកភាពក្នុងការបញ្ជូនក្រុមគ្រូពេទ្យឯកទេសជំងឺមហារីក និងទឹកនោមផ្អែម ទៅបណ្តុះបណ្តាលគ្រូពេទ្យកម្ពុជា ឬទទួលយកគ្រូពេទ្យកម្ពុជាមកចូលរួមបណ្តុះ បណ្តាលដោយផ្ទាល់នៅប្រទេសគុយបា ដែលក្រុមការងារជំនាញនៃភាគីទាំងពីរ ត្រូវបន្តរៀបចំគម្រោងផែនការជាក់លាក់បន្ថែមទៀតអំពីតម្រូវការ និងពេលវេលា»។
ដោយឡែកសម្រាប់ការព្យាបាលជំងឺទឹកនោមផ្អែម ភាគីកម្ពុជា បានលើកទឹកចិត្តឱ្យភាគី គុយបា នាំយកនូវផលិតផលសម្រា ប់ព្យាបាលដំបៅបង្កដោយជំងឺទឹកនោមផ្អែមសំដៅ កាត់បន្ថយជាអតិប្បរិមានូវអត្រាប្រឈមខ្ពស់ទៅនឹងការកាត់អវយវៈ។
ក្រសួងសុខាភិបាលកម្ពុជា បានបន្តថា ការនាំយកនូវផលិតផលដ៏សំខាន់នេះនឹងត្រូវមានការបណ្តុះបណ្តា ល ជាពិសេសលើបច្ចេកទេសនៃការប្រើប្រាស់ឱសថនេះពីអ្នកជំនាញនៃប្រទេសគុយបា ខណៈភាគីគុយបា នឹងបំពេញ ទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ មកកាន់ប្រទេសកម្ពុជា នាអំឡុងឆ្នាំ ២០២៣ខាងមុខនេះ ដើម្បីស្វែងរកឱកាសធ្វើកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត។
បន្ថែមពីនេះ ភាគីគុយបា នឹងធ្វើការជាមួយភាគីពាក់ព័ន្ធក្នុងការបន្តសុពលភាពបញ្ជិកាឱសថ និងវ៉ាក់សាំង ដែលធ្លាប់បានចរាចរនៅកម្ពុជា ព្រមទាំងបន្តជំរុញការនាំយកឱសថ វ៉ាក់សាំង ឬសម្ភារៈបរិក្ខារពេទ្យរបស់គុយបាទៅកម្ពុជាផងដែរ។

ក្រសួងសុខាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ៖ «ភាគីគុយបា បានឯកភាពលើចំណុចខាងលើ ហើយការងារទាំងនេះនឹងអាចចាប់ ផ្តើមអនុវត្តពីឆ្នាំ២០២៣នេះតទៅ ដោយភាគីកម្ពុជា ត្រូវបញ្ចាក់ឱ្យបានច្បាស់លាស់ជាផ្លូវការ និងជាលាយលក្ខណ៍អក្សរអំពីតម្រូវការខាងលើនេះតាមយន្តការការទូត»។
លោកជំទាវ ឱ វណ្ណឌីន បានបង្ហោះនៅលើបណ្តាញសង្គម Twitter ផ្ទាល់ខ្លួនរបស់ លោកជំទាវថា ៖ «ខ្ញុំមានឱកាសទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសគុយបា ជាកន្លែងដែលខ្ញុំកំពុងមើលពីរបៀបនៃការថែទាំសុខភាពបឋមនៅប្រទេសគុយបា កំ ពុងត្រូវបានអនុវត្ត។ យើងបានផ្លាស់ប្តូរទស្សនៈ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់អាជ្ញាធរបទប្បញ្ញត្តិឱសថនៃប្រទេសគុយបា»។
លោកជំទាវបានបន្តថា នាយកដ្ឋានផលិត និងគ្រប់គ្រងឧបករណ៍វេជ្ជសាស្ត្រគុយបា គឺជាផ្នែកមួយនៃមជ្ឈមណ្ឌលសហការរបស់អង្គការសុខភាពពិភពលោក។ ឱសថព្យាបាលជំងឺមហារីក និងជំងឺទឹកនោមផ្អែម ត្រូវបានផលិត និងចែកចាយទូទាំងពិភពលោក។

សូមបញ្ជាក់ដែរថា ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា បានទៅធ្វើទស្សនកិច្ចសិក្សានៅឯម ជ្ឈមណ្ឌលត្រួតពិនិត្យឱសថ រោងចក្រផលិតវ៉ាក់សាំង រោងចក្រផលិតឱសថ ជាពិសេស ឱសថព្យា បាល ជំងឺមហារីក និងទឹកនោមផ្អែម មន្ទីរពេទ្យ និងមជ្ឈមណ្ឌលព្យាបាលជំងឺ មហារីកជាតិគុយបា ដើម្បីទទួលបានបទពិសោធន៍ផងដែរ៕ ដោយ៖ ឡាយ សាមាន