ប្លន់ម៉ូតូប៊ីតបានសម្រេច តែត្រូវពលរដ្ឋជួយដេញចាប់បាន និងវាយឡេីងទ្រមខ្លួនទេីបប្រគល់ឲ្យសមត្ថកិច្ច
ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានជិះកង់មកប្លន់យកម៉ូតូពីនារីម្នាក់បានសម្រេច ហេីយជិះរត់គេចខ្លួនតែត្រូវជនរងគ្រោះស្រែកចោរៗផ្អេីលដល់ប្រជាពលរដ្ឋជួយដេញចាប់បាន និងស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រមខ្លួនទេីបប្រគល់ឲ្យសមត្ថកិច្ច កាលវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង (ផ្សារដីថ្មី ) ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមសម្ដីនារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់(ជនរងគ្រោះ)កំពុងអង្គុយលើម៉ូតូប៊ីត ពណ៌សលាយក្រហម ពាក់ផ្លាកលេខភ្នំពេញ1JL-3822 ខណៈពេលនោះស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះកង់មកឈប់ក្បែរម៉ូតូរបស់ខ្លួន រួចធ្វើសកម្មភាពច្រានរូបគាត់ជាជនរងគ្រោះធ្លាក់ពីលើម៉ូតូហើយជនសង្ស័យបានឡើងជិះម៉ូតូរត់គេចខ្លួនតាមបណ្ដាយផ្លូវវេងស្រេង ភ្លាមៗនារីរងគ្រោះស្រែកចោរៗភ្ញាក់ផ្អេីលប្រជាពលរដ្ឋ រួចជួយដេញពីក្រោយរហូតមកដល់ផ្លូវ២១៧ ចំណុចមុខការ៉ាសសំាងកាល់តិច ទើបចាប់ជនសង្ស័យបាន និងវាយម្នាក់មួយដៃជេីង ឡេីងទ្រមខ្លួនទេីបប្រគល់ឲ្យសមត្ថកិច្ច ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋាបានចុះទៅដល់ និងបាននាំជនសង្ស័យ និងជនរងគ្រោះទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ដេីម្បីសួរនាំនិងដាក់ពាក្យបណ្ដឹងទៅលេីជនសង្ស័យ កសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញចាត់តាមច្បាប់៕ ដោយ ៖ ជីម ភារ៉ា