បារាំង និងម៉ារ៉ុក ចាប់ផ្តើមសកម្មភាពកុងស៊ុលធម្មតាឡើងវិញ បន្ទាប់ពីមានជម្លោះទិដ្ឋាការ
ប៉ារីស៖ ប្រទេសបារាំងបានស្តារសកម្មភាពកុងស៊ុលធម្មតាឡើងវិញជាមួយប្រទេសម៉ារ៉ុក បន្ទាប់ពីមានជម្លោះទិដ្ឋាការរយៈពេលមួយឆ្នាំ។ នេះបើតាមការប្រកាសរបស់រដ្ឋមន្ត្រីការបរទេសបារាំង លោកស្រី Catherine Colonna កាលពីសប្តាហ៍មុននេះ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាមួយសមភាគីម៉ារ៉ុកលោក Nasser Bourita នៅទីក្រុង Rabat លោកស្រី Colonna បាននិយាយថា ការបន្តទំនាក់ទំនងកុងស៊ុលពេញលេញរវាងប្រទេសទាំងពីរ គឺមានគោលបំណងពង្រឹងការផ្លាស់ប្តូរប្រជាជន និងទំនាក់ទំនងយ៉ាងស៊ីជម្រៅរវាងសង្គមទាំងពីររបស់យើង។
ប្រទេសបារាំងបានកំណត់កូតាទិដ្ឋាការរបស់ខ្លួនសម្រាប់ជនជាតិម៉ារ៉ុកច្រើនជាង ៨០ភាគរយចាប់តាំងពីខែកញ្ញា ឆ្នាំ២០២១ ដោយបានចោទប្រកាន់ប្រទេសម៉ារ៉ុក ពីការបដិសេធក្នុងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋ ដែលរស់នៅជាជនចំណាកស្រុកមិនទៀងទាត់នៅក្នុងប្រទេសបារាំង។
ជាមួយគ្នានេះ លោក Bourita បាននិយាយថា កិច្ចប្រជុំរបស់គាត់ជាមួយលោកស្រី Colonna នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីររស់ឡើងវិញនៅគ្រប់កម្រិត ដោយបន្ថែមថា ការផ្លាស់ប្តូររបស់បារាំងដើម្បីធ្វើឱ្យទំនាក់ទំនងមានលក្ខណៈធម្មតា “ដើរក្នុងទិសដៅត្រឹមត្រូវ”។ លោកបន្ថែមថា ដំណើរទស្សនកិច្ចរបស់លោកស្រី Colonna គឺជាផ្នែកមួយនៃការរៀបចំសម្រាប់កិច្ចប្រជុំកម្រិតខ្ពស់រវាងប្រទេសទាំងពីរ និងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ទៅកាន់ប្រទេសម៉ារ៉ុកនាដើមឆ្នាំក្រោយ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

