ម៉ាឡេស៊ីរំពឹងថា ចរាចរណ៍អ្នកដំណើរតាមផ្លូវអាកាសនឹងកើនឡើងអតិបរមា ៥២ភាគរយ ក្នុងឆ្នាំ២០២៣
គូឡាឡាំពួ៖ គណៈកម្មការអាកាសចរណ៍ម៉ាឡេស៊ី (MAVCOM) បាននិយាយក្នុងថ្ងៃចន្ទសប្តាហ៍នេះថា ខ្លួនរំពឹងថា ចរាចរណ៍អ្នកដំណើរតាមផ្លូវអាកាសរបស់ប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ ២០២៣ នឹងកើនឡើងចន្លោះពី ៤០ភាគរយទៅ ៥២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ពោលគឺកើនឡើងចាប់ពី ៧៤.៦លាននាក់ទៅ ៨០.៨លាននាក់។
គណៈកម្មការនេះបានបញ្ជាក់នៅក្នុងរបាយការណ៍ឧស្សាហកម្មរបស់ខ្លួនថា ខ្លួនរំពឹងថា ចរាចរណ៍អ្នកដំណើរអន្តរជាតិនឹងមានការងើបឡើងវិញគួរឱ្យកត់សម្គាល់ ដោយផ្លូវទៅកាន់ទីផ្សារប្រទេសសំខាន់ៗត្រូវបានស្ដារឡើងវិញបន្តិចម្តងៗចាប់ពីត្រីមាសទី៤ ឆ្នាំ ២០២២នេះ។
បើតាមគណៈកម្មការដដែលនេះ កំណើននៅឆ្នាំ ២០២៣ នឹងត្រូវបានជំរុញដោយការស្ដារឡើងវិញបន្តិចម្តងៗនៃទីផ្សារសំខាន់ៗ ជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក រួមមាន Malaysia Airlines, AirAsia, AirAsia X និង Batik Air ដែលបានធ្វើផែនការដើម្បីស្តារសមត្ថភាព និងបង្កើនប្រេកង់ក្នុងជើងហោះហើររបស់ពួកគេ ទៅកាន់គោលដៅពេញនិយម ដូចជាតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) ជប៉ុន អូស្ត្រាលី និងមជ្ឈឹមបូព៌ាជាដើម។
ចរាចរណ៍អ្នកដំណើរតាមផ្លូវអាកាសសរុបសម្រាប់ម៉ាឡេស៊ីនៅឆ្នាំនេះ ត្រូវបានគេប៉ាន់ប្រមាណថា នឹងកើនឡើងខ្ពស់ជាងការព្យាករណ៍របស់ MAVCOM បន្តិច ដោយកើនឡើងពី ៣៨០ភាគរយទៅ ៤០០ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដល់ចន្លោះពី ៥៣លានទៅ ៥៥លាននាក់៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

