វៀតណាមរំពឹងទទួលបានភ្ញៀវទេសចរបរទេសត្រឹម ៨លាននាក់ នៅឆ្នាំក្រោយ
ហាណូយ៖ ដោយសារតែចំនួនទេសចរបរទេស ចាប់តាំងពីប្រទេសវៀតណាមបានបើកព្រំដែនរបស់ខ្លួនឡើងវិញបន្ទាប់ពី Covid ១៩ មិនសូវមានច្រើនតាមការរំពឹងទុកនោះ ឧស្សាហកម្មទេសចរណ៍បានកំណត់គោលដៅទេសចរណ៍បរទេស ត្រឹមតែប្រាំបីលាននាក់ក្នុងឆ្នាំ២០២៣ គឺតិចជាងពាក់កណ្តាលនៃចំនួននៅឆ្នាំ ២០១៩ ដែលជាឆ្នាំមុនជំងឺរាតត្បាតបានចាប់ផ្តើម ដោយពេលនោះ មាន ១៨លាននាក់ឯណោះ។
លោក Ha Van Sieu អគ្គនាយករងនៃរដ្ឋបាលជាតិទេសចរណ៍វៀតណាមបាននិយាយ នៅក្នុងសន្និសីទនាពេលថ្មីៗនេះ ថា ឧស្សាហកម្មនេះសម្លឹងមើលប្រាក់ចំណូលចំនួន ៦៥០ ពាន់ពាន់លានដុង (២៧.៣ ពាន់លានដុល្លារអាមេរិក)។
នៅឆ្នាំនេះ ភ្ញៀវទេសចរបរទេសប្រមាណ ៣.៥ លាននាក់ ត្រូវបានគេរំពឹងថា ប្រហែល ៧០% នៃគោលដៅចំនួន ៥លាននាក់ ហើយប្រាក់ចំណូលត្រូវបានប៉ាន់ប្រមាណថា នឹងឈានដល់ ៤៩៥ពាន់ពាន់លានដុង (២០.៨ ពាន់លានដុល្លារ)។ លោកបានបន្ថែមថា ការបើកដំណើរការយឺតនៃទីផ្សារទេសចរណ៍សំខាន់ៗដូចជាប្រទេសចិន និងរុស្ស៊ី និងការរំខានទិដ្ឋាការគឺជាបញ្ហាប្រឈមដ៏ធំបំផុត ក្នុងការស្តារឡើងវិញ។
ថ្វីបើជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេដែលបើកដំណើរការឡើងវិញយ៉ាងពេញលេញសម្រាប់ទេសចរណ៍អន្តរជាតិក៏ដោយ ក៏វៀតណាម ឥឡូវនេះ នៅយឺតយ៉ាវនៅពីក្រោយប្រទេសជិតខាងរបស់ខ្លួន ក្នុងការងើបឡើងវិញដល់កម្រិតមុនការរាតត្បាត។ ប្រទេសថៃ សិង្ហបុរី ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីបានសម្រេចគោលដៅរបស់ខ្លួន សម្រាប់ឆ្នាំនេះ៕ ប្រភពពី VNexpress, ដោយ៖ សារ៉ាត