ក្រុម E-Sport កម្ពុជា Burn X Flash នឹងចូលរួមការប្រកួត M4 World Championship នៅឥណ្ឌូនេស៊ី

ក្រុមកីឡាអេឡិចត្រូនិកតំណាងកម្ពុជា Burn X Flash នឹងចូលរួមកីឡាអេឡិចត្រូនិកកម្រិតពិភពលោក M4 World Championship ហៅកាត់ M4 សម្រាប់វិញ្ញាសា Mobile Legends: Bang Bang រៀបចំឡើងដោយក្រុមហ៊ុន Moonton នៅប្រទេសឥណ្ឌូនេស៊ី ដោយមាន១៦ក្រុមចូលរួម មកពី១៣ប្រទេសជុំវិញពិភពលោក បែងចែកជា៤ពូល ក្នុង១ពូលមាន៤ក្រុម។ ដោយឡែកក្រុមកម្ពុជា Burn X Flash ស្ថិតនៅក្នុង A មានក្រុមខ្លាំងៗដូចជា Blacklist International របស់ប្រទេសហ្វីលីពីន ជាក្រុមការពារតំណែងជើងឯកឆ្នាំចាស់ ក្រុម Falcon Esports មកពីមីយ៉ាន់ម៉ា និងក្រុម Incendio Supremacy របស់តួកគី។

ការប្រកួតត្រូវបានបែងចែកជាពីរដំណាក់កាល គឺវគ្គសន្សំពិន្ទុក្នុងពូល ចាប់ពីថ្ងៃទី១ ដល់ទី៤ ខែមករា និងវគ្គចាញ់ធ្លាក់ ឈ្នះឡើងរហូតដល់វគ្គផ្តាច់ព្រ័ត្រ ចាប់ពីថ្ងៃទី៧ ដល់ទី១៧ ខែមករា ឆ្នាំ២០២៣។ សម្រាប់ប្រាក់រង្វាន់សរុបចំនួន៨០ម៉ឺនដុល្លារអាមេរិក ដែលមានការបែងចែកប្រាក់រង្វាន់ទាំងនេះទៅតាមចំណាត់ថ្នាក់ចាប់ពីលេខ១ ដល់លេខ១៦។

សមាជិកក្រុម Burn X Flash កីឡាករ កុសល ពិសិដ្ឋ បានអោយដឹងថា «ក្រុមទាំងមូលបានត្រៀមខ្លួនរួចហើយ សម្រាប់ការចូលរួមព្រឹត្តិការណ៍កម្រិតពិភពលោកនេះ បើទៅបីស្ថិតក្នុងពុលជាមួយក្រុមខ្លាំង ដូចជា Blacklist International និង Falcon Esports តែក្រុមសង្ឃឹមថានឹងអាចឆ្លងផុតវគ្គចែកពូល»។ សមាជិកក្រុម Burn X Flash រូបនេះ បានបញ្ជាក់ថា ការបង្ហាញសមត្ថភាពឲ្យពិភពលោកបានស្គាល់ ថាប្រភេទកីឡា E-Sport កម្ពុជា មានកីឡាករខ្លាំង អាចប្រកួតជាមួយក្រុមខ្លាំងៗល្បីៗមកពីជុំវិញពិភពលោកបាន។

គួរបញ្ជាក់ថា សម្រាប់ពូល A មាន Blacklist International (ហ្វីលីពីន), Burn X Flash (កម្ពុជា), Falcon Esports (មីយ៉ាន់ម៉ា) និង Incendio Supremacy (តួកគី)។ ពូល B៖ Malvinas Games (អាហ្សង់ទីន), MDH Esports (វៀតណាម), ONIC Esports (ឥណ្ឌូនេស៊ី) និង TODAK (ម៉ាឡេស៊ី)។ ពូល C៖ ECHO (ហ្វីលីពីន), Occupy Thrones (អេហ្ស៊ីប), RRQ Hoshi (ឥណ្ឌូនេស៊ី), និង RSG Singapore (សិង្ហបុរី) និងពូល D៖ RRQ Akira (ប្រេស៊ីល), S11 Gaming Angentina (ប៊ូឡាវី), Team HAQ (ម៉ាឡេស៊ី), និង The Valley (អាមេរិកខាងជើង)។

គួររម្លឹកថា កាលពីឆ្នាំ២០២១ ព្រឹត្តិការណ៍ M3 រៀបចំនៅប្រទេសសិង្ហបុរី ក្រុមកម្ពុជា See You Soon ទទួលបានចំណាត់ថ្នាក់លេខ៩ ក្នុងចំណោម១៦ក្រុម ទទួលបានប្រាក់រង្វាន់១៥០០០ដុល្លារអាមេរិក៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner