សហគ្រិនឆ្នើម ៥រូបទទួលបានពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ២០២២ (CYEA 2022)
ភ្នំពេញ៖ សហគ្រិនជ័យលាភីឆ្នើមទាំង៥រូប និងសហគ្រិនជ័យលាភីវគ្គផ្តាច់ព្រ័ត្រចំនួន៩រូបបានទទួលពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ២០២២ (CYEA 2022) ពីកម្មវិធីប្រគល់ពានរង្វាន់ (Awards Gala Night) នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារទន្លេបាសាក់២ រាជធានីភ្នំពេញ។
ថ្លែងក្នុងពិធីនេះ លោកឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗដូចជា៖ ១. ដើម្បី ប្រគល់ពានរង្វាន់ដល់សហគ្រិនជ័យលាភីឆ្នើមចំនួន៥រូប និងប្រគល់មេដៃដល់សហគ្រិនជ័យលាភីវគ្គផ្តាច់ព្រ័ត្រចំនួន៩រូប។
២. ដើម្បីថ្លែងអំណរគុណដល់គណៈកម្មការដាក់ពិន្ទុរបស់ពាន់រង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ ២០២២។ ៣. ដើម្បីថ្លែងអំណរគុណដល់ សមាជិកក្រុមប្រឹក្សាយោបល់ និងគ្រូបណ្តុះបណ្តាលសម្រាប់សហគ្រិនវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ៤. ថ្លែងអំណរគុណដល់បណ្តាអ្នកឧបត្ថម្ភ ទាំងអស់ ក៏ដូចជាការបន្តរការគាំទ្រនៅកម្មវិធីនាឆ្នាំបន្ទាប់។
នាឱកាសនោះដែរ ឯកឧត្តម ហេង សុគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានបញ្ជាក់ដែរថា កម្មវិធីនេះ គឺពិតជាបានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ និងជាបេសកកម្មក្នុងការជួយលើកកម្ពស់សហគ្រិនភាពនៅកម្ពុជា តាមរយៈការចម្រាញ់យកសហគ្រិនឆ្នើមជាគំរូដល់សហគ្រិនទាំងអស់ និងការលើកតម្កើងនូវភាតរភាពរបស់សហគ្រិនឆ្នើមទាំងនោះ ទៅកាន់ពិភពលោកតាមរយៈអ្នកដឹកនាំធុរៈកិច្ច។
សូមជម្រាបថា កម្មវិធីនេះរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីជួយលើកកម្ពស់សហគ្រិនភាពនៅកម្ពុជា តាមរយៈការចម្រាញ់យក សហគ្រិនឆ្នើមជាគំរូដល់សហគ្រិនទាំងអស់ និងការលើកតម្កើងនូវភាតរភាពរបស់សហគ្រិនឆ្នើមទាំងនោះ ទៅកាន់ពិភពលោកតាមរយៈអ្នកដឹកនាំធុរៈកិច្ច៕ ដោយ៖ គ្រី សម្បត្តិ និងទីណា







