គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានធ្វើការបូកសរុបលទ្ធផល និងវាយតម្លៃការងាររៀបចំមហាសន្និបាត អន្តរសភាអាស៊ាន លើកទី៤៣ (AIPA43)

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចកី ហេង សំរិន ប្រធានរដ្ឋសភា។

អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានធ្វើការបូកសរុបលទ្ធផល និងវាយតម្លៃការងាររៀបចំមហាសន្និបាត អន្តរសភាអាស៊ាន លើកទី៤៣ (AIPA43) ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមកថា ទទួលបានជោគជ័យ យ៉ាងធំធេង ដែលនាំមកនូវកិត្យានុភាពជូនជាតិមាតុភូមិនៅលើឆាកអន្តរជាតិ ជាពិសេសការពង្រឹងវិស័យការទូតសភាកម្ពុជា នៅលើឆាកអន្តរជាតិក្នុងការពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការជាមួយសភានានា ទាំងកម្រិតទ្វេភាគី និងពហុភាគី ឱ្យ កាន់តែទូលំទូលាយគ្រប់ជ្រុងជ្រោយឡើង។

មហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភានៃព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះបានប្រារព្ធធ្វើឡើង ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមមូលបទ “បោះជំហានជាមួយគ្នា ដើម្បីចីរភាព បរិយាប័ន្ន និងភាពធន់” ដែលជាមូលបទឆ្លើយតប សភាពការណ៍ជាក់ស្តែងនៅក្នុងតំបន់ និងសកលលោក ក្រោយការរាតត្បាត ជំងឺកូវីដ-១៩។

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានមហាសន្និបាតអាយប៉ាលើកទី៤៣ បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងបានអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ សម្តេចក៏បានអំណរគុណចំពោះ ថ្នាក់ដឹកនាំរដ្ឋសភា អគ្គលេខាធិការរដ្ឋសភា មន្ត្រីរាជការ ព្រមទាំងអ្នកព័ន្ធទាំងអស់ ដែលបានខិតខំបំពេញការងារ លះបង់កម្លាំងកាយចិត្ត បំពេញតួនាទីបម្រើដល់មហាសន្និបាតឱ្យទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់។

ជោគជ័យនេះ ពិតជាបានរួមវិភាគទានបន្ថែម ទៅលើការប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ ក្នុងការលើកកម្ពស់កិត្យានុភាពកម្ពុជាក្នុងតំបន់ និងសកលលោក និងបានជួយក្នុងកំរិតណាមួយ ដល់ការ ប្រឹងប្រែងការទូត របស់ព្រះរាជាណាចក្រកម្ពុជាយើង។ ដោយ ថេត វិចិត្រ+ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner