ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលទើបជាប់ឆ្នោតថ្មី កំណត់យកយុទ្ធសាស្ដ្រ ផែនការអាទិភាព សម្រាប់អនុវត្តក្នុងអាណត្តិរបស់ខ្លួន ដើម្បីជំរុញសមាគមប្រកបដោយនិរន្ដរភាព
ភ្នំពេញ ៖ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ដែលទើបជាប់ឆ្នោតថ្មី បានកំណត់យកយុទ្ធសាស្ដ្រ “ពង្រឹងខាងក្នុង និងពង្រីកខាងក្រៅ” គឺជាផែនការអាទិភាព សម្រាប់អនុវត្តក្នុងអាណត្តិរបស់ខ្លួន ដើម្បីជំរុញសមាគមប្រកបដោយនិរន្ដរភាព ពិសេសទប់ទល់ស្ថានភាពបច្ចុប្នន្ន ដែលមានទាំងវិបត្តិសកលកូវីដ-១៩ ផង និងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនផង ។
នេះជាការលើកឡើងក្នុងមហាសន្និបាតលើកទី១៣ ដើម្បីបោះឆ្នោតជ្រើសតាំងប្រធានសមាគម និងក្រុមប្រឹក្សាអភិបាល អាណត្តិទី៨ ឆ្នាំ២០២៣-២០២៤ ដែលរៀបចំនៅសណ្ឋាគារសាន់វ៉េ នាល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ គ្រាដែលលោក សន សៀប បានទទួលការគាំទ្រធ្វើជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) អាណត្តិថ្មី ខណៈលោក ច្រឹក សុខនីម ផុតអាណត្តិ បន្ទាប់ពីលោកបានដឹកនាំសមាគមរយៈពេល ២អាណត្តិកន្លងមក ។
លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) អាណត្តិថ្មី ថ្លែងថា មានការងារជាច្រើន ត្រូវពង្រឹង និងពង្រីកបន្ថែម ដ្បិតពិភពលោក រួមទាំងកម្ពុជា កំពុងរងនូវវិបត្តិជាសកល ទាំងជំងឺរាតត្បាតកូវីដ-១៩ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ក្នុងនោះវិស័យអចលនទ្រព្យកម្ពុជា ក៏រងផលប៉ះពាល់ដូចគ្នា ។
គួរបញ្ជាក់ថា សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) បានកំណត់ក្នុងមួយអាណត្តិមាន ២ឆ្នាំ ហើយប្រធានសមាគមម្នាក់ មានសិទ្ធដឹកនាំសមាគមត្រឹមតែ ២អាណត្តិប៉ុណ្ណោះ ។ រៀងរាល់ឆ្នាំ នៃការបញ្ចប់អាណត្តិនីមួយៗ ក្រៅពីការបោះឆ្នោតជ្រើសរើសប្រធានថ្មី សមាគមក៏តែងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាលដូចគ្នា ដើម្បីដឹកនាំ និងជំរុញដំណើរការសមាគមដ៏មានសក្ដានុពលមួយនេះ ប្រកបដោយភាពរឹងមាំ និងមានសក្ដានុពលយូរអង្វែង ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យអចលនទ្រព្យជាតិ និងសេដ្ឋកិច្ចជាតិ ៕ ដោយ / គ្រី សម្បត្តិ

